Wednesday, January 19, 2011

ទេសាភិបាល​​ធនា​គារ​ជាតិ​ដឹក​នាំ​កិច្ច​ប្រជុំ SEACEN EXCO នៃ​ក្រុម​ប្រទេស​តំបន់​​អាស៊ី-អាគ្នេយ៍១៦ប្រទេស


រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៨-​២១ មករា ឆ្នាំ​២០១១ តាម​គំរោង​ប្តូរ​វេន​ប្រចាំ​ឆ្នាំ ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​​ក្នុង​កំរិត​អន្តរ​ជាតិ​ចំនួន​២ គឺ​១-​កិច្ច​ប្រជុំ​ថ្នាក់​ទេសា​ភិបាល​រង និង​អនុ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​អាស៊ាន លើក​ទី​៤ នៅ​ថ្ងៃ​ទី​១៨ មករា ២០១១ នៅ​សណ្ឋា​គារ​កាំបូឌី​យ៉ា​​ណា​ និង​២-កិច្ច​ប្រជុំ​គណៈ​​កម្មា​​ធិ​ការ​ប្រតិ​បត្តិ​​ស៊ាសិន (SEACEN) លើក​ទី​៩ ពី​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១១ នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់ ក្រោម​អធិ​បតី​​ភាព​លោក​ជា ចាន់​តូ ទេសា​ភិបាល​​ធនា​​គារ​ជាតិ​នៃ​កម្ពុជា ។
កិច្ច​ប្រជុំ​​ និង​សន្និ​សីទ​នេះ ​បាន​រៀប​ចំ​ឡើង​បន្ទាប់​ពី​វិបត្តិ​​សេដ្ឋ​កិច្ច​ពិភព​លោក​ត្រូវ​​បាន​បញ្ចប់​ ដោយ​សារ​អាជ្ញា​ធរ​នៃ​ប្រទេស​ជា​សមា​ជិក​ក្នុង​តំបន់​បាន​​ចាត់​វិធាន​ការ​ទប់​​ទល់​ទាន់​ពេល​វេលា និង​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​រួច​មក នឹង​បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក​កើន​​ឡើង​វិញ ។ កំណើន​នេះ ​នៅ​មិន​ទាន់​ស្មើ​សាច់​គ្រប់​តំបន់​នៅ​ឡើយ​ទេ ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​នៅ​ប្រទេស​អភិ​វឌ្ឍ​មួយ​ចំនួន​នៅ​មាន​កំរិត​ទាប​នៅ​ឡើយ ដូច​ជា​សហ​គមន៍​អឺរ៉ុប មាន​ប្រទេស​មួយ​ចំនួន ដូច​ជា ប្រទេស​ក្រិច និង​​អៀរ​ឡង់ ​កំពុង​ប្រឈម​វិបត្តិ​បំណុល​​សាធា​រណៈ និង​នៅ​សហ​រដ្ឋ​អាមេ​រិក បារាំង អង់​គ្លេស និង​អ៊ីតាលី មាន​អត្រា​​អត់​​ការ​ងារ​ធ្វើ​​កំរិត​ខ្ពស់​ ខណៈ​ដែល​សេដ្ឋ​កិច្ច​​អាស៊ី ជា​ពិសេស​​ប្រទេស​ចិន ឥណ្ឌា ​និង​ឥណ្ឌូ​ណេ​ស៊ី បាន​កើន​​លឿន និង​ឈាន​មុខ​គេ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​​ពិភព​លោក ។ ​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក និង​តំបន់​ ពេល​នេះ​ ទោះ​បី​ជា​​នៅ​តែ​បន្ត​ងើប​ឡើង​ក៏​ដោយ ក៏​ប្រឈម​នឹង​ភាព​ផុយ​ស្រួយ​នៅ​​ឡើយ ដែល​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​នៃ​ប្រទេស​ជា​សមា​ជិក​ក្នុង​តំបន់​បន្ត​យក​ចិត្ត​ទុក​ដាក់​ ពង្រឹង​ការ​អនុ​វត្ត​គោល​នយោ​បាយ​សារ​ពើ​ពន្ធ គោល​នយោ​បាយ​រូបិយ​វត្ថុ និង​គោល​នយោ​បាយ​ទ្រទ្រង់​មួយ​ចំនួន​ទៀត​ដោយ​ប្រុង​ប្រយ័ត្ន​ ដើម្បី​ធានា​សុវត្ថិ​ភាព និង​ប្រសិទ្ធ​​ភាព​​នៃ​ប្រព័ន្ធ​ធនា​គារ​ និង​ហិរញ្ញ​វត្ថុ​ឆ្ពោះ​ទៅ​គាំទ្រ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​​ប្រកប​ដោយ​​ចីរ​ភាព ។
​ភាព​អំណោយ​ផល​នៃ​ស្ថិរ​ភាព​នយោ​បាយ និង​ភាព​រឹង​មាំ​នៃ​សសរ​ទ្រូង​សេដ្ឋ​​កិច្ច​​ជាតិ​ គួប​ផ្សំ​​នឹង​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ពិភព​លោក បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​នៅ​ឆ្នាំ​២០១១ កើន​ក្នុង​កំរិត​៥% ​ខ្ពស់​ជាង​ការ​រំពឹង​ទុក ដោយ​សារ​ការ​ងើប​ឡើង​វិញ​នៃ​កំណើន​វិស័យ​ទេស​ចរណ៍​១០% វិស័យ​កម្ម​ន្ត​សាល​១៥,៥% វិស័យ​វិនិ​យោគ​ផ្ទាល់​បរទេស​៨,១% និង​ផលិត​​​ផល​​កសិ​កម្ម ៥% ។ វិស័យ​ធនា​គារ​នៅ​​កម្ពុជា ក៏​មាន​ការ​រីក​ចំរើន​ជា​លំដាប់​ទាំង​ផ្នែក​​វិសាល​ភាព និង​ទំហំ​សកម្ម​ភាព ហើយ​បាន​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ ។ នៅ​ឆ្នាំ​២០១០ មាន​​ធនា​គារ​ធំៗ​​ខ្នាត​អន្តរ​ជាតិ​ចំនួន​៣ រួម​មាន​ធនា​គារ CIMB ធនា​គារ​ចិន និង​ធនា​គារ​កសិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​វៀត​ណាម​សាខា​កម្ពុជា បាន​ចូល​មក​វិនិ​យោគ​នៅ​កម្ពុជា ។ នៅ​ឆ្នាំ​២០១១ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​គ្រោង​នឹង​កើន​ក្នុង​រង្វង់​៦,៨% ។
ប្រធាន​ស្តី​​ពី «ទំនាក់​ទំនង​វិស័យ​ម៉ាក្រូ​សេដ្ឋ​កិច្ច-វិស័យ​​​ហិរញ្ញ​វ​ត្ថុ» នៃ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ នឹង​លើក​បញ្ហា​នៃ​​​ក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ ក្រប​ខណ្ឌ​ត្រួត​ពិនិត្យ និង​ការ​គ្រប់​គ្រង​​ហានិ​ភ័យ ​ដែល​លេច​ចេញ​ពី​ទំនាក់​ទំនង​វិស័យ​ម៉ាក្រូ​សេដ្ឋ​កិច្ច-វិស័យ​​ហិរញ្ញ​វត្ថុ​មក​ពិភាក្សា និង​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍ ក្នុង​ការ​ដឹក​នាំ​ធនា​គារ​កណ្តាល ​ក្នុង​ពេល​មាន​វិបត្តិ ដំណោះ​ស្រាយ​ក្នុង​ពេល​មាន​វិបត្តិ​ និង​វិធាន​ការ​ពង្រឹង​យន្ត​ការ​សហ​ប្រតិ​បត្តិ​ការ​រូបិយ​វត្ថុ គោល​នយោ​​បាយ​ម៉ាក្រូ​សេដ្ឋ​កិច្ច វិធាន​ការ​ប្រុង​ប្រយ័ត្ន​ និង​បទ​ប្បញ្ញ​ត្តិ​របស់​អាជ្ញា​ធរ​ និង​ទំនាក់​ទំនង​ និង​តួនាទី​​គ្រឹះស្ថាន​ធនា​គារ​ និង​ហិរញ្ញ​វត្ថុ​ក្រោយ​ពេល​មាន​​វិបត្តិ​ ដើម្បី​គាំទ្រ​​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ។ ​
កិច្ច​ប្រជុំ​​ និង​សន្និ​សីទ​នេះ ​មាន​​សារ​សំខាន់​​ណាស់ ព្រោះ​ថា ជា​វេទិកា​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​​ប្រចាំ​តំបន់​សំរាប់​​ឱ្យ​​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ធនា​គារ​ និង​​ហិរញ្ញ​វត្ថុ​នៃ​ប្រទេស​ជា​សមា​ជិក អ្នក​រៀប​ចំ​គោល​នយោ​បាយ អ្នក​សិក្សា​​ស្រាវជ្រាវ និង​សេដ្ឋ​​វិទូ​​ជួប​ពិភាក្សា​ និង​ផ្លាស់​​ប្តូរ​ទស្សនៈ និង​បទ​ពិសោធន៍​ក្នុង​ការ​ដឹក​នាំ​នយោ​បាយ​រូបិយ​វត្ថុ​ និង​សារ​ពើរ​ពន្ធ ​ការ​គ្រប់​គ្រង​ធនា​គារ​កណ្តាល​ និង​​គ្រឹះស្ថាន​ធនា​គារ​​ហិរញ្ញ​វត្ថុ និង​​ការ​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ ស្រប​តាម​យន្ត​ការ និង​វិន័យ​ទី​ផ្សារ ។
គណៈ​កម្មាធិ​ការ​ប្រតិ​បត្តិ​ (EXCO) គឺ​​ជា​ផ្នែក​ទី​២ នៃ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង និង​មាន​សមា​ជិក​ជា​ទេសា​ភិបាល​រង ឬ​ឧប​ការី​ទេសាភិ​បាល​ធនា​គារ​កណ្តាល​នៃ​ប្រទេស​​សមា​ជិក ។ ប្រធាន EXCO គឺ​ទេសា​ភិបាល​ធនា​គារ​កណ្តាល​នៃ​ប្រទេស​ដែល​បាន​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​សំរាប់​ឆ្នាំ​នីមួយៗ ហើយ​នៅ​ឆ្នាំ​២០១១ នេះ ​លោក​ជា ចាន់​តូ ទេសា​ភិបាល​ធនា​គារ​​ជាតិ​នៃ​កម្ពុជា ជា​ប្រធាន​ EXCO ។ EXCO ជា​សេនា​ធិ​ការ​របស់​គណៈ​ក្រុម​ប្រឹក្សា​​ទេសា​ភិបាល​ (BOG) ហើយ​ត្រូវ​ប្រជុំ​យ៉ាង​តិច​១​ដង ក្នុង​មួយ​ឆ្នាំ​ នៅ​ប្រទេស​​ដែល​ធ្វើ​ជា​ប្រធាន ដើម្បី​រៀប​ចំ​របាយ​ការណ៍ និង​សំណើ​ផ្សេងៗ​ ព្រម​ទាំង​លើក​ជា​​ទស្សន​វិស័យ​ ឬ​ផែន​ការ​ជា​​យុទ្ធ​សាស្ត្រ​​​ផ្សេងៗ​ជូន​គណៈ​ក្រុម​ប្រឹក្សា​ទេសា​ភិបាល​ពិនិត្យ និង​សំរេច​ដើម្បី​អភិ​វឌ្ឍ​មជ្ឈ​មណ្ឌល​ SEACEN សំរាប់​​​បំរើ​ផល​ប្រយោជន៍​​រួម ​​របស់​ប្រទេស​សមា​ជិក​នានា ៕   


  ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment