Wednesday, January 19, 2011

មន្ដ្រីមូលនិធិ សម្ដេចជួនណាត នាំអំណោយ ព្រឹទ្ធាចារ្យ ហ៊ុន នាង យកទៅចែក ជនចាស់ជរា កុមារកំព្រា


ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ កើតពេញ បរមី ខែបុស្ស ឆ្នាំខាល ទោស័ក ព.ស ២៥៥៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១១ លោកមហាព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង បិតាបង្កើត សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងជាប្រធានមូលនិធិ សម្ដេច ជួន ណាត លោកឧកញ៉ា ចាយ ស៊ាងអ៊ី និង លោក កង សូសាទី អនុប្រធាន ទី២ មូលនិធិសម្ដេច ជួន ណាត ព្រមទាំង តាជី យាយជី បានប្រារឰ ពិធីសមាទានសីល នៅវត្ដបទុមវតី រាជធានីភ្នំពេញ។

ក្នុងពិធីសមាទានសីលទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងថ្កើងថ្កានរបស់ខ្មែរយើង ក្នុងថ្ងៃឧបោសថសីលនេះ ព្រះសង្ឃវត្ដបទុមវតីបានចំរើនពរនិងប្រសិទ្ធិពរ ជ័យបវរមហា ប្រសើរ តាមរយៈមនុញ្ញផល ដែលកើតចេញពីទឹកចិត្ដសទ្ធាជ្រះថ្លារបស់ លោកព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង, លោក ឧកញ៉ា អស់លោក ជូនចំពោះវិញ្ញាណក្ខន្ធ សពមហាឧបាសិកា ឌី ប៉ុក មាតាបង្កើត សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមបានចាកផុត ពីទុក្ខទោសផងទាំងពួង ពិសេសទៅចាប់បដិសន្ធិ នៅឋានបរមលោក កុំបីឃ្លៀងឃ្លាត ដោយប្រការ ណាមួយ ចាប់ តាំងពីពេលនេះតទៅ។ នៅក្នុងឱកាសនោះ លោកព្រឹទ្ធាចារ្យ ហ៊ុន នាង បានប្រគល់ រទេះ ជនពិការ១គ្រឿងដល់ ជនពិការជើង ទាំង២មកពីខេត្ដព្រៃវែង។

បន្ទាប់ពីពិធីសមាទានសីលនេះ លោក មហាព្រឹទ្ធាចារ្យឧបាសក ហ៊ុន នាង បានចាត់ ឱ្យលោក កង សូសាទី សមាជិកក្រុមលេខា សម្ដេចនាយករដ្ឋមន្ដ្រីនិងជាអនុប្រធានទី២មូលនិធិសម្ដេច ជួន ណាត ជាតំណាងរបស់ លោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង ប្រធាន មូលនិធិ ជួន ណាត ដឹកនាំក្រុមការងារនាំ យកអំណោយសារុង ចែកជូនមនុស្សចាស់ ម្នាក់១ ចំណែកកុមារកំព្រ ម្នាក់ៗទទួលបាន សៀវភៅ ២ក្បាល, ប៊ិច១ដើម, ខ្មៅដៃ ១ដើម និងថវិកា២ពាន់រៀល និងសំណេះ សំណាល ជាមួយ ចាស់ជរា និងកុមារកំព្រា នៅក្នុងមណ្ឌលមូលនិធិសម្ដេច ជួន ណាត ស្ថិតក្នុងវត្ដព្រះធាតុ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

លោក កង សូសាទី បានប្រសាសន៍ថា អំណោយបន្ដិចបន្ដួចនេះជាសន្ដានចិត្ដជ្រះថ្លា និងបញ្ជាក់ ពីការយកចិត្ដទុកដាក់ខ្ពស់របស់ លោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង ដល់មនុស្ស ជរានិងកុមារ កំព្រាក្នុងមណ្ឌលមូលនិធិសម្ដេចជួន ណាត ហើយលោកមហាព្រឹទ្ធាចារ្យ ហ៊ុន នាង បានផ្ដាំផ្ញើ ដល់លោកយាយ លោកតាចាស់ៗឱ្យថែទាំសុខភាព និងជួយការងារនៅក្នុងវត្ដ រួមចំណែក ជាមួយព្រះសង្ឃពិសេស កុមារា កុមារី ត្រូវខឹតខំរៀនសូត្រយកចំណេះ វិជ្ជាដើម្បីកសាង អនាគត ផ្ទាល់ខ្លួនក៏ដូចជា ជួយទៅដល់ក្រុមគ្រួសារនិងប្រទេសជាតិ។


ដោយ ៖ ដើមអម្ពិល

No comments:

Post a Comment