មិនទាន់អាចទាក់ទងលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជុំវិញបទបញ្ជាឲ្យបិទរាំងខ្ទប់ចំពោះគេហទំព័រ ki-media នៅឡើយទេ នារសៀលថ្ងៃពុធ ទី១៩មករា ឆ្នាំ២០១១។
ក៏ប៉ុន្តែអ្នកផ្តល់ព័ត៌មាន របស់ក្រុមហ៊ុនសេវាអ៊ិនថឺណេត EZECOM បានឲ្យដឹងនៅរសៀលថ្ងៃទី១៩មករាថា ក្រសួងមហាផ្ទៃ បានប្រាប់មកខាងក្រុមហ៊ុន ឲ្យបិទចំពោះរាល់គេហទំព័រអ៊ិនថឺណេតទាំងឡាយណា ដែលមានអាស័យដ្ឋាន blogspot។ ក្នុងនោះ ក៏មានវេបសាយ ki-media ផងដែរ។
សូមរម្លឹកថា គេហទំព័រ ki-media បានធ្វើការរិះគន់ និងប្រមាថឥតសំចៃ ដល់ប្រមុខថ្នាក់ដឹកនាំជាតិ ដោយប្រើពាក្យ ក្បត់ជាតិ លើសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសបុគ្គលិក កម្មវិធីស្បៀងអាហារពិភពលោក WFP លោក សេង គុណការ អាយុ ៤០ ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួន ៦ ខែ និងពិន័យជាប្រាក់ ១ លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី។ ការផ្តន្ទាទោសដូច្នេះ ដោយសារតែបុគ្គលិករបស់អង្គការសហប្រជាជាតិ WFP បានបោះពុម្ពគេហទំព័រ ki-media ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល៕
ដោយ : លីហូវ CEN
No comments:
Post a Comment