កណ្តាល ៖ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនស្ត្រីមានផ្ទៃពោះ និងកុមារ ព្រមទាំងបន្តក់គ្រាប់ថ្នាំវីតាមីនអា ដល់កុមារនៅមណ្ឌលសុខភាពព្រែកដាច់ ស្ថិតនៅឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១១ ។
អំណោយដែលត្រូវចែកជូនស្ត្រីមានផ្ទៃពោះនិងកុមារ ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីសម្រាលកូន និងគ្រូពេទ្យសរុបចំនួន ១១០ នាក់ ក្នុងម្នាក់ៗទទួលបាន សារុង ១ ក្រណាត់ស ១ ដុំ ក្នុងនោះមាន ថវិកា ១ ម៉ឺនរៀល ព្រមទាំងថវិកា ៥ ម៉ឺនរៀល ។ ជូនស្ត្រីសម្រាលកូនកំពុងសម្រាក នៅមន្តីរ ពេទ្យចំនួន ២នាក់ ទទួលបន្ថែមទឹកដោះគោឆៅ ២ ឡូ ស្ករស ៣ គីឡូ ។ ផ្តល់ជូនមណ្ឌលសុខភាព ចំនួន ៤ ក្នុង ១ មណ្ឌលទទួលបានថ្នាំបំបាត់គ្រុន ២ កាតុង ថ្នាំបំបាត់ក្តៅ ២ កាតុង ថ្នាំព្យាបាលក្រពះ ១ កាតុង និងថ្នាំព្យាបាលរោគសើស្បែក ១ កាតុង ។ ជូនមណ្ឌលសុខភាពព្រែកដាច់ នូវថវិកាចំនួន ២ លានរៀល ។
លោកវេជ្ជបណ្ឌិត យី សោភ័ណ្ឌរិទ្ធ ប្រធានការិយាល័យស្រុកប្រតិបត្តិកៀនស្វាយ ខេត្ត កណ្តាលបានឱ្យដឹងថា ស្រុកប្រតិបត្តិកៀនស្វាយជាស្រុកប្រតិបត្តិធំមួយក្នុងចំណោមស្រុកប្រតិបត្តិ សុខាភិបាលទាំង ៨ របស់ខេត្តកណ្តាល ដែលគ្របដណ្តប់លើប្រជាជនសរុប ២៣៨.៦៣៣ នាក់ និង ទទួលខុសត្រូវលើផ្នែកសុខភាពលើស្រុករដ្ឋបាលចំនួន ៣ គឺស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុក លើកដែកដែលមានមូលដ្ឋានសុខាភិបាលក្រោមឱវាទចំនួន ១៨ មូលដ្ឋាន ។
លោកបានឱ្យដឹងថា លទ្ធផលដែលមណ្ឌលសុខភាពសម្រេចបាននៅឆ្នាំ ២០១០ មានស្ត្រីដែល បានមកសម្រាលកូនដោយបុគ្គលិកសុខាភិបាលទទួលការបណ្តុះបណ្តាលមានចំនួន ៤៥៦ នាក់ ស្មើនឹង ៧៣ ភាគរយ ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលបានកើនឡើងពី ៥៣ ភាគរយ នៅឆ្នាំ ២០០៩ មក ៦៤ ភាគរយនៅ ឆ្នាំ ២០១០ ។ អត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើប ក្រោមពាក្យស្លោក«មានកូនតាមប្រាថ្នាគឺមិនដោយការចៃដន្យ»បានកើនឡើងពី ២៥ ភាគរយ នៅឆ្នាំ ២០០៩ មក ២៧ ភាគរយនៅឆ្នាំ ២០១០ ។ ដោយឡែកស្ត្រីមានគភ៌បានទទួលការពិនិត្យផ្ទៃពោះ មុនសម្រាល ២ ដងឬច្រើនដងលើសដោយបុគ្គលិកសុខាភិបាល បានកើនឡើងពី ៧៧ ភាគរយ នៅឆ្នាំ ២០០៩ មក ៨៧ ភាគរយនៅឆ្នាំ ២០១០ ។
លោកបានបន្តថា ជាមួយគ្នានោះស្ត្រីផ្ទៃពោះបានទទួលវ៉ាក់សាំងការពារជំងឺតេតាណុស យ៉ាង ហោចណាស់ ២ ដង មានចំនួន ១១៩ នាក់ដែលស្មើនឹង ៥០ ភាគរយនៃស្ត្រីរំពឹងទុកដែលកើនជាង ឆ្នាំកន្លងទៅ ១២ ភាគរយ ។ រីឯស្ត្រីមានផ្ទៃពោះបានទទួលគ្រាប់ថ្នាំជាតិដែកអាស៊ីដហ្វូលីក ៩០ គ្រាប់មាន ៧៦ ភាគរយ នៅ ឆ្នាំ ២០១០ និងស្ត្រីក្រោយសម្រាលបានទទួលថ្នាំជាតិដែកអាស៊ីដ ហ្វូលីក ៤២ គ្រាប់មាន ៩៧ ភាគរយ នៅឆ្នាំ ២០១០ ដែលកើនឡើងជាងឆ្នាំកន្លងទៅ ៨ ភាគរយ ។ លោកបានបន្ថែមថា កុមារក្រោម ១ ឆ្នាំបានទទួលថ្នាំបង្ការជំងឺចំនួន ៩ មុខនៅឆ្នាំ ២០១០មានចំនួន ៩១ ភាគរយ ដែលកើនឡើងជាងឆ្នាំកន្លងទៅ ៣ ភាគរយ ។ ចំពោះករណីថ្មីពិគ្រោះជំងឺលើកុមារ អាយុក្រោម ៥ ឆ្នាំម្នាក់ក្នុង ១ ឆ្នាំគឺស្មើ ១ ដងលើសផែនការរំពឹងទុក ។
មានប្រសាសន៍នាពេលនោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានណែនាំដល់ស្ត្រីដែលមាន ផ្ទៃពោះទាំងអស់ឱ្យទៅសម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតកូននិងម្តាយហើយត្រូវប្តូរទម្លាប់មិនត្រូវសម្រាលកូននៅផ្ទះដោយឆ្មបបុរាណដែលមិនបានបណ្តុះបណ្តាល ។ ជាមួយគ្នានោះ លោកជំទាវបានក្រើនរំលឹកដល់ស្រី្តទាំងអស់ ត្រូវត្រៀមមុនពេលសម្រាល ព្រមទាំងជម្រាបជូនអំពីសារៈប្រយោជន៍នៃការពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដោយពិនិត្យឱ្យបាន ៤ ដងនិងទទួលថ្នាំការពាររួមមាន តេតាណុស ថ្នាំជាតិដែកចំនួន ៩០ គ្រាប់និងថ្នាំទម្លាក់ ព្រូន ១ គ្រាប់សម្រាប់ស្ត្រីក្រោយត្រីមាសទី ១។
លោកជំទាវបានណែនាំទៀតថាក្រោយពេលសម្រាលត្រូវបំបៅដោះដំបូងនិងតែមួយមុខគត់ រហូតដល់ ៦ ខែ បន្ទាប់មក ត្រូវឱ្យអាហារបន្ថែម ហើយស្ត្រីក្រោយសម្រាលរួចបន្តទទួលថ្នាំជាតិដែក ៣០ គ្រាប់ វិតាមីនអា ថ្នាំទម្លាក់ព្រូនតាមការណែនាំរបស់គ្រូពេទ្យ ។ ក្រោយពេលកូនគ្រប់អាយុត្រូវ នាំកូនទៅទទួលការចាក់ថ្នាំបង្ការឱ្យបានគ្រប់ចំនួនមានដូចជា របេង រលាកថ្លើមប្រភេទ B តតាណុស ខាន់ស្លាក់ ក្អកមាន់ រលាកស្រោមខួរក្បាល រលាកសួត និងគ្រុនស្វិតដៃជើង ។
លោកជំទាវបានអប់រំអំពីការពន្យារកំណើតដើម្បីសុខភាពមាតានិងចៀសវាងការមានកូនដោយចៃដន្យ ។ ទាក់ទងទៅនឹងការរលូតកូននោះ លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវដល់ ស្ត្រីទាំងអស់មេត្តាកុំប្រើវិធីរំលូត ឬពន្យារកំណើត និងបង្កើតកូនដោយពេទ្យគ្មានជំនាញ គ្មានសមត្ថភាព គ្មានការបណ្តុះបណ្តាល គឺត្រូវស្វែងរកមន្ទីរពេទ្យណាមានការទទួលស្គាល់ពីក្រសួងសុខា ភិបាលទើបអាចចៀសផុតពីការស្លាប់ ម្តាយនិងទារក ។
ក្រៅពីការណែនាំដល់ស្ត្រីមានផ្ទៃពោះលោកជំទាវបានសំណូមឱ្យយកចិត្តទុកដាក់បង្កើតមន្ទីរពេទ្យបង្អែកឱ្យបានច្រើន ដើម្បីឆ្លើយតបទៅតម្រូវការរបស់ស្ត្រីមានផ្ទៃពោះដែលកំពុងមានអត្រាកើនឡើងជាលំដាប់ ក្នុងនោះប្រការសំខាន់ការបង្កើតឱ្យមានមន្ទីរពេទ្យគឺយើងអាចធ្វើទៅបាន ប៉ុន្តែធ្វើ យ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកដំណើរការប្រកបដោយនិរន្តរភាព នោះជាប្រការចាំបាច់បំផុត ។
បន្ទាប់មក លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញបន្តក់ថ្នាំវិតាមីន អា ដល់កុមារ ព្រមទាំងអញ្ជើញពិនិត្យផ្ទៃពោះជូនដល់ស្ត្រីមានផ្ទៃពោះផងដែរ៕
ជុំ សម្បត្តិ
No comments:
Post a Comment