ភ្នំពេញ: ក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅរសៀលថ្ងៃទី១៩មករាថា រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលការណ៍ បិទ ឬក៏ប្លុក មិនឲ្យមើលឃើញនូវគេហទំព័រ ki-media ឡើយ។ សេចក្តីបញ្ជាក់ដូច្នេះ ខណៈដែលអ្នកប្រើប្រាស់សេវាអ៊ិនថឺណេត របស់ក្រុមហ៊ុន EZECOM មិនអាចចូលមើលគេហទំព័រ ki-media បានទៀតឡើយ នៅថ្ងៃទី១៩មករា ឆ្នាំ២០១១។
លោក ខៀវ កាញារីទ្ធ អ្នកនាំរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងយ៉ាងខ្លីថា មកដល់រសៀលថ្ងៃនេះ លោកនៅតែអាចបើកមើលឃើញគេហទំព័រ ki-media។ ម្យ៉ាងទៀត ក្រសួង មិនមានគោលការណ៍ប្លុក ( គេទំព័រ ki-media ) នោះទេ។
ដោយឡែកនៅក្នុងសន្និសីទកាសែត ស្តីពី លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវិទ្យាអាស៊ាន លើកទី១០ កាលពីរសៀលថ្ងៃទី១៩មករានេះ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបដិសេធដោយខ្លីថា រដ្ឋាភិបាលមិនបានបិទគេហទំព័រនោះទេ ព្រោះគេហទំព័រនោះ ធ្វើនៅក្រៅប្រទេស។ រីឯការបើកមិនចេញ អាចមកពីបញ្ហាបច្ចេកទេស។
យ៉ាងណាក៏ដោយ បុគ្គលិក អ្នកផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនសេវាអ៊ិនថឺណេត EZECOM បានថ្លែងថា មន្ត្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនថឺណេត ដើម្បីប្លុក មិនឲ្យអ្នកប្រើប្រាស់អ៊ិនថឺណេត មើលឃើញទៀតឡើយ។ បទបញ្ជានោះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៨មករា ឆ្នាំ២០១១។
បុគ្គលិក អ្នកផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនសេវាអ៊ិនថឺណេត EZECOM បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រាប់មកខាងក្រុមហ៊ុន ឲ្យបិទ ( ប្លុក ) ចំពោះរាល់គេហទំព័រអ៊ិនថឺណេតទាំងឡាយណា ដែលមានអាស័យដ្ឋាន blogspot ដែលជាគេហទំព័របង្កើតជាលក្ខណៈបុគ្គល។ ក្នុងនោះ ក៏មានវេបសាយ ki-media ផងដែរ។
រហូតដល់ល្ងាចថ្ងៃទី១៩មករានេះ មិនទាន់អាចទាក់ទងលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីបញ្ជាក់ជុំវិញបទបញ្ជាឲ្យបិទរាំងខ្ទប់គេហទំព័រ ki-media នៅឡើយទេ។
សូមរម្លឹកថា គេហទំព័រ ki-media បានធ្វើការរិះគន់ និងប្រមាថឥតសំចៃ ដល់ប្រមុខថ្នាក់ដឹកនាំជាតិ ដោយប្រើពាក្យ ក្បត់ជាតិ ទាក់ទងនឹងសំណុំរឿងព្រំដែនកម្ពុជា-វៀតណាម។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសបុគ្គលិក កម្មវិធីស្បៀងអាហារពិភពលោក WFP លោក សេង គុណការ អាយុ ៤០ ឆ្នាំ ឲ្យជាប់ពន្ធនាគារចំនួន ៦ ខែ និងពិន័យជាប្រាក់ ១ លានរៀល ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌថ្មី។ ការផ្តន្ទាទោសដូច្នេះ ដោយសារតែបុគ្គលិករបស់អង្គការសហប្រជាជាតិ WFP បានបោះពុម្ពគេហទំព័រ ki-media ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល៕
ដោយ : លីហូវ CEN
No comments:
Post a Comment