ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជាបានជួបពិភាក្សាជាមួយភាគីថៃ លោកកាស៊ីត ភិរម្យ៉ា ក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីការបរទេសអាស៊ានកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨កន្លងទៅនេះនៅ ប្រទេសឥណ្ឌូនេស៊ីដោយបានព្រមព្រៀងថា នឹងដោះស្រាយខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដោយសន្ដិវិធី ។
លោកហោ ណាំហុង បានប្រាប់ដល់អ្នកកាសែតកាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១នៅរាជធានីភ្នំពេញថា ក្នុងជំនួបរវាងលោកជា មួយនឹងកាស៊ីត ភិរម្យ៉ា បានព្រមព្រៀងគ្នាបន្ដលើកិច្ចការខ្សែបន្ទាត់ព្រំដែនដោយមិនបង្កឱ្យមានអំពើហិង្សាទេ ។ លោកបានរំលឹកថា ការចាប់ខ្លួនជនជាតិ ថៃ៧នាក់កាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០១០កន្លងទៅ ក្រោមបទចោទប្រកាន់ចូលទឹកដីកម្ពុជាខុសច្បាប់ ហើយកម្ពុជាបានអនុវត្ដ តាមនីតិវិធីរបស់ប្រទេសកម្ពុជា ពុំមានការសងសឹក ឬគំកួនអ្វីឡើយ ។ លោកបន្ថែមថា ខ្ញុំបានជម្រាបលោកកាស៊ីត ភិរម្យ៉ាឡើងវិញដូចទៅនឹងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកន្លងមក យើងធ្វើនេះ គឺតាមនីតិវិធី របស់តុលាការ គ្មានគំនិតចង់ធ្វើអាក្រក់ជាមួយប្រទេសថៃទេ គឺតុលាការអនុវត្ដទៅតាមច្បាប់អន្ដោប្រវេសន៍របស់ ប្រទេសកម្ពុជា ។
លោករដ្ឋមន្ដ្រីហោ ណាំហុងបានបញ្ជាក់ថា ភាគីកម្ពុជា និងថៃបានឯកភាពគ្នាកាលពីដើមសបា្ដហ៍នេះថា ភាគីទាំងពីរ នឹងបន្ដដោះស្រាយព្រំសីមាដោយសន្ដិវិធី និងជៀសវាងមិនឱ្យមានអំពើហិង្សាឡើយ ៕
ដោយ ៖ ភិរម្យ
No comments:
Post a Comment