Wednesday, January 19, 2011

​ធនាគារ ANZ ROYALE AUSTRALI សន្យា​បន្ត​សកម្មភាព​ ក្នុង​វិស័យ​ហិរញ្ញវត្ថុនៅ​កម្ពុជា​


នៅ​ក្នុង​ជំនួប​សំដែង​ការគួរ សមជាមួយ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​ថ្ងៃទី ១៩ ខែមករា​ឆ្នាំ​២០១១ នៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញ នាយកធានាគារ​ ANZ ROYALE AUSTRALI លោក MIKE SMITH បានជំរាបជូនសម្ដេចតេជោ​នាយករដ្ឋមន្ដ្រីថា ធនាគារ​ ANZ ចង់ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសលើវិស័យ ហិរញ្ញវត្ថុ​ដើម្បី​ជួយ​កម្ពុជា​ ។ លោក SMITH បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ធនាគារ ANZ បានទទួលជោគជ័យយ៉ាង ខ្លាំង ហើយ​​ពេល​​នេះ​ក៏កំពុង​តែ​ពង្រីក​សាខា​របស់​ខ្លួន​ឱ្យបាន​កាន់​តែច្រើនថែមទៀត ។
យោង​តាមឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យដឹងថា​ នៅ​ក្នុង​ជំនួប​នោះ​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី បានចូលរួមអបអរសាទរ​ចំពោះ​ដំណើរវិវត្ដន៍​ដ៏​ល្អ របស់​ធនាគា​រ​ ANZ ROYAL នៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា ការនេះ​បានចូល​រួម​ចំណែក​ក្នុងការ​ទប់ស្កាត់ និង ជម្រុញ​ធ្វើឱ្យមានស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​នៅពេល​ដែលពិភព​លោកកំពុង​តែជួប​ប្រទះ​នូវ​វិបត្ដិហិរញ្ញ​វត្ថុ​នោះ។ សម្ដេចតេជោ​ មានប្រសាសន៍ថា ប្រសិនបើធនាគារ ANZ  មានបញ្ហា​អ្វីនោះ​នឹងអាច​​នាំ​ទៅ​ដល់ការដួលរលំធនាគារ ផ្សេងៗទៀត​នឹងក៏នាំទៅដល់ការលំបាករបស់រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ។
            ឯកឧត្តម​ អ៊ាង សុផល្លែត ថ្លែងថា សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​បានស្នើ​ឱ្យធនាគារ​ANZ បន្ដចូល​រួមឱ្យ​បាន​កាន់តែសកម្មថែម ទៀតនៅក្នុងវិស័យហិរញ្ញវត្ថុនៅ​កម្ពុជា​។ សម្ដេចតេជោ​ថ្លែងថា សេចក្ដី​ត្រូវការ​របស់​រាជរដ្ឋាភិបាល​គឺធនធានខួរក្បាល ដែលធនាគារANZ អាចចូលរួមចំណែកក្នុងការផ្ដល់យោបល់ក្ដី និង ការផ្ដួច​ផ្ដើម​ក្ដី​តាមរយៈវេទិការាជរដ្ឋាភិបាល ជាមួយវិស័យឯកជន នោះ ។
សម្ដេចតេជោ​ ហ៊ុន សែន ក៏បានមាន​ប្រសាសន៍​ចូលរួមផ្តល់​នូវការរំលែកផលវិបាកទាំងឡាយ ដែល​បាន​កើតឡើង​ចំពោះ​​ប្រទេសអូស្ដ្រាលី ពាក់ព័ន្ធជាមួយបញ្ហាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ​ផង​ដែរ​ ។/

No comments: