Wednesday, January 19, 2011

នៅភ្នំពេញ​មានជនល្មើស​​​ជាង​២ពាន់​នាក់​ដែល​​តុលាការ​​ចេញដីកា​​ហើយ​មិន​ទាន់​ចាប់ខ្លួន


រាជធានីភ្នំពេញ ៖ អាជ្ញាធរ​​រាជធានី​ភ្នំពេញ​​​​បាន​​ជំរុញ​​ឱ្យ​ក្រុម​​មន្ត្រី​​សមត្ថកិច្ច​​ពង្រឹង​តាមដាន​​​ដល់​អាជ្ញា​ធរ​​មូលដ្ឋាន​​​តាមដាន​ពិនិត្យ​មុខសញ្ញា​​ដែល​ត្រូវ​ចាប់ខ្លួន​ បន្ទាប់ពីតុលាការ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចេញដីការ​​ឱ្យ​ចាប់ខ្លួន​​ប្រមាណ​​ជាង​​២​ពាន់​នាក់ ប៉ុន្តែ​​​ពួកគេ​ទាំង​នោះមិនទាន់​ត្រូវ​​​បានចាប់ខ្លួន​​ និង​កំពុង​​រត់គេច​ខ្លួន​នៅឡើយ​។
ការ​ជំរុញ​​បែបនេះ​ត្រូវ​​បាន​លោក​កែប​ ជុតិមា​ ​អភិ​បាលរាជធានីភ្នំពេញ ​លើក​ឡើង​​​ក្នុង​កិច្ចប្រជុំ​​បូកសរុបការងារ​ត្រីមាស​ទី​៤ ឆ្នាំ​​២០១០ នៃការអនុវត្ត​​​នយោបាយ​​ភូមិ​-ឃុំ​​​មាន​សុវត្ថិភាព​​នៅរាជធានីភ្នំពេញ​​កាលពី​ព្រឹកថ្ងៃទី​​​១៩ មករា ២០១១ ​​​ក្រោម​អធិបតីភាព​​លោក​នាយក​ឧត្តមសេនីយ៍​​​ឯម សំអាន រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​​ ដោយមាន​ការ​ចូលរួម​ពី​មន្ត្រី​​​សំខាន់ៗ​​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱវាទ​​​រាជ​ធានី​​ភ្នំពេញ ។​
លោកកែប ជុតិមា ​​អភិបាល​​រាជ​ធានីភ្នំពេញ បានលើកឡើង​ថា ​អាជ្ញា​ធរ​​រាជធានីភ្នំពេញ​​​ ទទួលបាន​​​​​​ដីកា​ពីតុលាការ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ ប្រមាណជាង​​​២ពាន់​​នាក់ ដើម្បីចាប់ខ្លួន ​ប៉ុន្តែ​ពួកគេ​​​ទាំងនោះ​​កំពុង​​គេ​ចខ្លួន​​ ដូច្នេះ​អាជ្ញា​ធរ​​ត្រូវតែ​​ជំរុញ​​​ការ​ត្រួតពិនិត្យ​​​​តាម​​​ដាន ដើម្បី​​​​ឈាន​​ទៅ​ដល់​ការ​​ចាប់​​ខ្លួន​មុខសញ្ញា​​​ទាំង​នោះ​យក​​មក​ផ្តន្ទាទោស​ ។ ការ​​ជំរុញនេះ​គឺ​​​ផ្តោត​សំខាន់​ទៅលើ​​គណៈ​បញ្ជា​​ការ​​សង្កាត់​​ ជា​ពិសេស​​ប៉ុស្តិ៍​នគរបាល និងការ​ចូលរួម​ពីប្រជាពលរដ្ឋ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment