Wednesday, January 19, 2011

លើក​ពេល​ប្រកាស​សាលក្រម​រឿង នាំ​មិត្ត​ភ័ក្ត្រ​លក់​ព្រហ្មចារីយ៍​ឲ្យ​បុរស​ម្នាក់​

ភ្នំពេញ: ករណី​នាំ​មិត្ត​ភ័ក្ត្រ​ស្រី ទៅ​ឲ្យ​បុរស​ចំណាស់​ដើម្បី​លក់​ព្រហ្ម​ចារីយ៍ ជា​ថ្នូរ​នឹង​ការផ្តល់​លុយកាក់​បន្តិចបន្តួច តែ​ពុំ​បាន​សម្រេច ដោយសារ​ជនរងគ្រោះ​បាន​គំរាម​ចង់​ខាំ​អណ្តាត​សម្លាប់ខ្លួន ។​

​ជនជាប់ចោទ​ទាំង​ពីរ​នាក់​ឈ្មោះ ស្រេង វុទ្ឋី (​គេចខ្លួន​) និង ឈ្មោះ​ចិត្ត សុ​ខេង ហៅ ស្រី​លីន ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ទីលំនៅ​មុនពេល​ចាប់ខ្លួន​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ តាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០០៩ ។ 

​ក្រោយ​ការសួរចម្លើយ​រួចហើយ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩ ប៉ូលិស​បាន​រៀបចំ​កសាង​សំណុំរឿង​និង​បញ្ជូនជនល្មើស​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ក្នុងនោះ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ឈ្មោះ​ចិត្ត សុ​ខេង ដាក់​ព​ន្ឋនា គារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​សេព​ស​ន្ឋ​វៈ មានចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៩​នៃ ក្រមព្រហ្មទណ្ឌ​។ សម្រេច​ធ្វើ​ការចោទប្រកាន់​លើ​ឈ្មោះ​ស្រេង វុទ្ឋី ពី​បទ​រំលោភ​សេ​ពស​ន្ថ​វៈ យោងតាម​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​

​រយៈពេល​ជាង​១​ឆ្នាំ​មួយ​ក្រោយមក ពោល​គឺ​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១១ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​រឿងក្តី​នេះ​មក​បើក​សវនា​ការជំនុំជម្រះ ។ ឈ្មោះ​ចិត្ត សុ​ខេង បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ពោល​គឺ​ខ្លួន​បាន​ស្គាល់​ជន​រងគ្រោះ​តាមរយៈ​ច្រឡំ​លេខ​ទូរ​សព្ទ័​ប្រហែលជា​៣​អាទិត្យ បន្ទាប់មក​ខ្លួន​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ ស្រេង វុទ្ឋី ដោ​យសារ​ការច្រឡំ​លេខ​ទូរ​សព្ទ័​ដែរ​។​
 
​ក្រោយ​ពី​ការទំនាក់ទំនង​គ្នា​បាន​មួយរ​យៈមក ពោល​គឺ​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០០៩ ខ្លួន​បាន​ត្រូវ​ឈ្មោះ ស្រេង វុទ្ឋី ណា​ត់​ទៅ​ញាំ​បាយ​នៅ​ព្រែក​លាភ ពេលនោះ​ខ្លួន​បាន​បបួល​ជនរងគ្រោះ​ទៅ​ជាមួយ​គ្នា​ដែរ ដោយ​ពួកយើង​បាន​ជិះ​ឡាន​ទាំងអស់គ្នា​។ នៅពេល​ញាំ​បាយ​រួច​ហើយ​ស្រាប់តែ​ជន​រងគ្រោះ​និង​ខ្ញុំ​ប្រាប់​ឈ្មោះ​ស្រេង វុទ្ឋី ថា ពួក​យើង​ចង់​សំរាក រួច​គាត់​ក៏​ជូន​ពួក​យើង​ទៅ​ដាក់​នៅ​ផ្ទះសំណាក់​ឈ្មោះថា​ង សាន ម្តុំ​ព្រែក​លាភ ហើយ​ស្រេង វុទ្ឋី បាន​ទៅ​ធ្វើការ​វិញ​។​

 មួយសន្ទុះ​ក្រោយមក​ឈ្មោះ​ស្រេង វុទ្ឋី បាន​ត្រឡប់​មក​វិញ​ហើយ​គោះ​ទ្វារ​បន្ទប់​ផ្ទះសំណាក់ រួច​ក៏​ទៅ​ស្ទុះ​អោបថើប​ជនរងគ្រោះ ហើយ​គាត់​និយាយ​ថា​ធ្វើ​លេង ស្រាប់តែ​ឈ្មោះ​ស្រេង វុទ្ឋី និង​ជនរងគ្រោះ​បាន​នាំគ្នា​ចេញពី​បន្ទប់ផ្ទះសំណាក់​តែ​ម្តង​។ 
​ឈ្មោះ​ចិត្ត សុ​ខេង បាន​និយាយ​បន្តទៀតថា ចម្លើយ​ដែល​បាន​សារភាព​នៅ ដំណាក់កាល​ប៉ូលិស​ជា​ការ​ធ្វើ​ទារុណ្ឌកម្ម​ដោយ​ប៉ូលិស​បាន​ទះ​មួយ​ផ្លៀង​មួយ​ដៃ និង​វាយ​មួយ​ដប​ទឹក​សុទ្ឋ​រួច​ឲ្យ​ផ្តិតមេដៃ​។​

​តាម​អំ​ណាន​ចម្លើយ​របស់​ជនរងគ្រោះ​ដែល​អាន​ដោយ​ក្រឡាបញ្ជី​សវនាការ​បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ​ទី ១៦ ខែមិថុនា ឆ្នាំ​២០០៩  ឈ្មោះ​ចិត្ត សុ​ខេង បាន​ណា​ត់ ទៅ​ញាំ​បាយ​នៅ​ព្រែក​លាភ ក្នុង​ពេលនោះ​ស្រាប់តែ​ឈ្មោះ នេះ​បាន​យក​ទឹកក្រូច​មួយ​កំប៉ុង​ឱ្យ​ផឹក​ហើយ​ខ្លួន​ក៏​មាន​អារម្មណ៍​ថា​វិលមុខ រួច​ខ្លួន​បាន​ទៅសុំ​ក្រូចឆ្មា​ពី​កន្លែង​ចុងភៅ​មក​ញាំ ។​

​បន្ទាប់​មក​ខ្ញុំ​ថា​ងងុយដេក រួច​ឈ្មោះ​ចិត្ត សុ​ខេង និង​ឈ្មោះ​ស្រេង វុទ្ឋី បាន​នាំ​ខ្ញុំ​ទៅ​រក​ផ្ទះសំណាក់​ដេក ដោយ​ពេលនោះឈ្មោះ ស្រេង វុទ្ឋី បាន​ជួល​បន្ទប់​២ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឈ្មោះ​នេះ បាន​ចូល​មក​ហើយ​លួងលោមសុំ​រួមភេទ ខ្ញុំ​មិន​ព្រម​ទេ​ហើយ​បម្រុង​នឹង​ស្រែក តែ​ឈ្មោះ​ចិត្ត សុ​ខេង បាន​មក​ចាប់​ខ្ទប់មាត់ និង​ទះ​ខ្ញុំ​មួយ​ដៃ​កុំឱ្យខ្ញុំ​ស្រែក​ហើយ​ប្រាប់​ឱ្យ​ឈ្មោះ​ស្រេង វុទ្ឋី ចាប់រំលោភ​សេ​ពស​ន្ថវៈ​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​បាន​គំរាម​នឹង​ខាំ​អណ្តាត​សម្លាប់ខ្លួន ទើប​គេ​មិន​ធ្វើ​អ្វី​ទេ គឺ​ឈ្មោះ​ស្រេង វុទ្ឋី សុំ​ប៉ះពាល់​ត្រឹម​ពាក់កណ្តាល​ខ្លួន​ឡើង​លើ ដូច្នេះ​ខ្ញុំ​ក៏​យល់ព្រម ព្រោះ​ខ្ញុំ​មិន​អាច​ប្រកែក​បាន​។ 

​ក្រោយមក​ឈ្មោះ​ស្រេង វុទ្ឋី បាន​ជូន​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​ដោយ​ទុក​ឈ្មោះ​ចិត្ត សុ​ខេង នៅ​ផ្ទះសំណាក់​ម្នាក់ឯង រយៈពេល​៣​ថ្ងៃ​ក្រោយមក​ពោលគឺ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០០៩ ទើប​ខ្ញុំ​ទៅប្តឹង​ប៉ូលិស​។ ប៉ុន្តែ​នៅពេល​នេះ ខ្ញុំ​សុំ​ដក​ពាក្យបណ្តឹង​វិញ​ព្រោះ​ឈ្មោះ​ស្រេង វុទ្ឋី បាន​តាម​ស្រលាញ់​ខ្ញុំ​និង​សុំ​ខ្ញុំ​រៀបការ​ថែមទៀត​។ 
​តំណាង​អយ្យការ​បានធ្វើ​សេចក្តីសន្និដ្ឋាន​ថា ចម្លើយ​របស់​ឈ្មោះ​ចិត្ត សុ​ខេង នៅ​ដំណាក់កាល​ប៉ូលិស ដំណាក់កាល​ព្រះរាជអាជ្ញា និង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ហើយ​មាន​លក្ខណៈស៊ីសង្វាក់​នឹង​ចម្លើយ​របស់​ជនរងគ្រោះ​។ 

​ចំណែក​ឈ្មោះ​ស្រេង វុទ្ឋី គឺ​មាន​ចេតនា​រំលោភ​សេ​ពស​ន្ថ​វៈ​លើ​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ដោយសារ​តែ​ជនរងគ្រោះ សុំ​អង្វ​រហើយ​គំរាម​ខាំ​អណ្តាត​សម្លាប់ខ្លួន ដូច្នេះ​ការអាក់ខាន​នេះ គឺ​មិនមែន​កើតចេញ​ពី​ឆន្ទៈ​របស់​ឈ្មោះ​ស្រេង វុទ្ឋី​ទេ​។ ដោយ​ច្បាប់​ថ្មី​ទើប​ចូល​ជា​ធរមាន​ហើយ​មាន​លក្ខណៈ​ធូរស្រាល​ជាង​ច្បាប់​ចាស់ ដូច្នេះ​សុំ​ប្តូរ​បទ​ចោទ ពី​មាត្រា​៥ នៃ​ច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ មក​មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ ហើយ​សូមឱ្យ​ផ្តន្ទាទោស​តាមច្បាប់​។ 

​ក្រោយ​ការសួរដេញដោល​រួចហើយ តុលាការ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្តី​នេះ​ទៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភះ ឆ្នាំ​២០១១ ខាងមុខ​នេះ​វិញ ដើម្បី​កំណត់​ជោគវាសនា​របស់​ជនជាប់ចោទ ៕

ដោយ : សេរី CEN

No comments:

Post a Comment