ភ្នំពេញ ៖ អង្គការផលិតភាពអាស៊ី និងមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា នៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានរៀបចំសិក្ខាសាលាស្ដីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តវិធីសាស្ដ្រ ស.៥ សម្រាប់សហគ្រាសធុនតូច និងមធ្យម។
អង្គសិក្ខាសាលាបានប្រព្រឹត្ដទៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១១ដល់ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១១ នៅសណ្ឋាគារ សាន់វេ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមានការចូលរួមពីមន្ដ្រីរាជការសិក្ខាកាមចូលរួម ១៨៥នាក់មកពីបណ្ដាមន្ទីរខេត្ដ-ក្រុង- រាជធានី និងនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួន ។
ក្នុងឱកាសនោះលោកសហប្រធាន ក្រុមការងារផ្នែកកម្មន្ដសាលសហគ្រាសធុនតូច និងមធ្យមរបស់វេទិការដ្ឋនិងឯកជន និងជាប្រធានសម្ព័ន្ធសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឡើងចំណាបលអារម្មណ៍ថា សព្វថ្ងៃដើម្បីរួមកិច្ចសហការជាមួយរាជរដ្ឋាភិ បាលឱ្យកាន់តែមានប្រសិទ្ធភាព សមាគមនានានៃសហគ្រាសធុនតូច និងមធ្យម កម្ពុជាបានរួមគ្នាបង្កើតសម្ព័ន្ធសហគម សហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជាក្នុងគោលបំណងដើម្បីជាវេទិការដ្ឋនិងឯកជន។ ក្នុងនោះលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាជួយដល់សហគ្រាសធុនតូចនិងមធ្យមតាមរយៈការគ្រោងនូវជំនួយបច្ចេកទេសនិងដោះស្រាយបញ្ហាជាមួយអាជ្ញាធរ និងថ្នាក់ក្រសួងបង្កើតឱ្យមានវគ្គខ្លី និងវគ្គជំនាញវិជ្ជាជីវៈដល់សហគ្រាសធុនតូច និងមធ្យម សម្របសម្រួល និងធ្វើគម្រោងសំណើទៅក្រសួងពាក់ព័ន្ធផ្នែកបច្ចេកទេសស្ដង់ដារបច្ចេកទេសផលិតកម្មសុវត្ថិភាព ដំណើរការនាំចេញសម្របសម្រួលដល់សហគ្រាសធុនតូច និងមធ្យមលើការចុះបញ្ជីពាណិជ្ជកម្មការទទួលបាននូវលិខិត អនុញ្ញាត និងអាជ្ញាប័ណ្ណក្នុងតម្លៃទាប និងលឿន។
លោករដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បានឡើងថ្លែងសុន្ទរកថា និងមានមតិផ្ដាំផ្ញើសូមឱ្យសិក្ខាសាលាទាំងមូលប្រព្រឹត្ដទៅដោយជោគជ័យ ជាពិសេសយកចិត្ដទុកដាក់លើប្រធានបទ “ការចែករំលែកបទពិសោធន៍ការអនុវត្ដវិធីសាស្ដ្រស.៥សម្រាប់សហគ្រាស ធុនតូចនិងមធ្យម” ប្រយោជន៍យកចំណេះដឹងទាំងនោះ ទៅអនុវត្ដជាក់ស្ដែងប្រកបដោយតម្លាភាព ។
* គួរបញ្ជាក់ថា អក្សរកាត់ ស.៥ មាន ន័យថា ១-សម្រិតសម្រាំង ២-សណ្ដាប់ ធ្នាប់ ៣-សម្អាត -៤ស្ដង់ដារ ៥-ស្ថិតស្ថេរ ៕
ដោយ ៖ ឌីណា
No comments:
Post a Comment