លោកផ្កាយមួយសៀ សម្បត្តិ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃប៉េអឹមលើផ្ទៃប្រទេស បានឲ្យដឹងថា ទណ្ឌិតដែលចាប់ខ្លួនឈ្មោះ ចក់ ចាន្នី ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់ឃុំទៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ការចាប់ខ្លួនយោងតាមសាលក្រមតុលាការខេត្តសៀមរាបលេខ ០៩ ចុះថ្ងៃទី ១៦ មិថុនា ២០១០ សម្រេចដាក់គុក ១៨ឆ្នាំ ។ បក្ខពួកម្នាក់ទៀតដែលពុំទាន់ចាប់ខ្លួនបានឈ្មោះ សយ ខ្នា ហៅ វណ្ណា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅស្រុកបាទី ខេត្តតាកែវ ក៏ត្រូវតុលាការកាត់ទោសជាប់គុក ១៨ឆ្នាំដែរ ។
លោកសៀ សម្បត្តិ បន្តថា កាលពីថ្ងៃទី ៦ មីនា ឆ្នាំ២០០៩ ក្រុមឧក្រិដ្ឋជន ៦នាក់ រួមមាន ១.ឈ្មោះ ចក់ ចាន្នី ២. សយ ខ្នា ហៅវណ្ណា ៣. ផាន់ គឹមអាន ហៅដា ភេទប្រុស អាយុ ២៦ឆ្នាំ ៤. ចក់ ចាន់នឿន ហៅជន ភេទប្រុស អាយុ ២៣ឆ្នាំ ៥. លឿត សុកញ្ញារិទ្ធ ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ និង ៦. សំ សាម៉ៃ ភេទស្រី អាយុ ៤០ឆ្នាំ បានរួមគំនិតគ្នាធ្វើសកម្មភាពចាប់ក្មេងស្រីម្នាក់ឈ្មោះ ម៉ន ចរិយា អាយុ ១៧ឆ្នាំ នៅវត្តបូព៌ា ឃុំសាលាកំរើក ស្រុក-ខេត្តសៀមរាប ហើយគំរាមជំរិតទារលុយ ៨ម៉ឺនដុល្លារ បានសម្រេចពីឪពុកជនរងគ្រោះជាមេបញ្ជាការប៉េអឹមខេត្ត ។
ឆ្លងតាមការស្រាវជ្រាវប៉េអឹមចាប់ខ្លួនជនដៃដល់ ៤នាក់ គឺឈ្មោះ ផាន់ គឹមអាន , ចក់ ចាន់នឿន , លឿត សុកញ្ញារិទ្ធ និងសំ សាម៉ៃ ហើយតុលាការកាត់ទោសជាប់គុកម្នាក់ៗ ១៥ឆ្នាំ ។ លុះដល់ថ្ងៃទី ១៨ មករា ២០១១ ប៉េអឹមចាប់បានទណ្ឌិតម្នាក់ទៀតឈ្មោះ ចក់ ចាន្នី រួចបញ្ជូនទៅឲ្យតុលាការខេត្តសៀមរាបនៅថ្ងៃទី ១៩ មករានេះ ចាត់ការបន្ត ៕
ដោយ : សុពិសិដ្ឋ
No comments:
Post a Comment