ភ្នំពេញ ៖ លោកអភិបាលក្រុងភ្នំពេញ កែប ជុតិមា បានប្រតិកម្មខ្លាំងៗ ទៅឧត្ដមសេនីយ៍ ផ្កាយ ២មួយរូប ថាបានធ្វើការងាររបស់ខ្លួនមិនគោរពតួនាទី ឋានានុក្រមរដ្ឋបាលការងារ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ-សង្កាត់ មានសុវត្ថិភាពត្រីមាសទី៤ នៅ ឯសាលាក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករានេះ លោកបានចាត់ទុកឧត្ដមសេនីយ៍ទោ នៅ នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃម្នាក់ថា បានកោះហៅនាយប៉ុស្តិ៍ប៉ូលិសមិនបានជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋាន។ ការកោះហៅត្រង់ៗរំលងអាជ្ញាធរមូលដ្ឋានវាផ្ទុយទៅនឹងនីតិវិធីការងារ និងផ្ទុយច្បាប់ក្រមព្រហ្មទណ្ឌថ្មីដែលបានចែង។ លោកថ្លែងថា «ខ្ញុំមិនកាន់ជើងនាយប៉ុស្ដិ៍ ឬមន្រ្តីក្រោមឱវាទដែលអសកម្មការងារឬមានបទល្មើសផ្សេងៗនោះទេ តែត្រូវធ្វើតាមចរន្ត ការងាររដ្ឋបាលពីថ្នាក់ក្រោមដល់ថ្នាក់លើ»។
លោកកែប ជុតិមា និយាយថា គេធ្វើការបែបនេះ ខ្ញុំមិនសហការជាមួយទេ ហើយខ្ញុំក៏មិនអនុញ្ញាតឲ្យមេប៉ុស្ដិ៍នោះ ទៅបំភ្លឺតាមការកោះហៅរបស់ឧត្ដមសេនីយ៍នោះដែរ។
លោកឧត្ដមសេនីយ៍ទោ ដែលត្រូវបានអភិបាលក្រុងប្រតិកម្មនេះ គឺលោកអ៊ិន បូរ៉ា ប្រធាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពាក់ផ្កាយ២។
លោកឧត្ដមសេនីយ៍ទោអ៊ីន បូរ៉ា បានប្រាប់កម្ពុជាថ្មីថា លោកពិតជាបានចេញលិខិតអញ្ជើញ មេប៉ុស្ដិ៍ប៉ូលិសនោះមកសាកសួរមែន តែលោកក៏បានធ្វើលិខិតជម្រាបជូនមកលោកស្នងការនគរបាល ទូច ណារ៉ុថ ហើយដែរ។
លោកអ៊ិន បូរ៉ា និយាយថា ទាក់ទងនឹងការកោះហៅមេប៉ុស្ដិ៍ព្រែកព្នៅមកសាកសួរនេះ ដោយ យោងទៅលើពាក្យបណ្ដឹងរបស់លោកស្រីប៉ែន តារាចោទប្រកាន់ទៅលើមេប៉ុស្ដិ៍ឈ្មោះប៊ុន សាង ថាបានជំរិតទារប្រាក់គាត់ចំនួន៥ពាន់ដុល្លារ។
លោកទូច ណារ៉ុថ ស្នងការនគរបាលក្រុងឯណេះវិញ ក៏បានប្រាប់កម្ពុជាថ្មីថា លោកពិតជា បានទទួលលិខិតជូនដំណឹងពីលោកឧត្ដមសេនីយ៍ទោ អ៊ិន បូរ៉ា ពិតមែនចំពោះរឿងនេះ។ តែខ្ញុំគិតថា រឿងនេះវាជារឿងតូចតាចទើបខ្ញុំអនុញ្ញាតឲ្យនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃអញ្ជើញទៅសាកសួរ។
លោកអភិបាលក្រុងភ្នំពេញ កែប ជុតិមា បានប្រាប់កម្ពុជាថ្មីថា បើលោកផ្កាយ២គាត់បានជូន ដំណឹងទៅលោកស្នងការពិតមែន ចុះហេតុអីខ្ញុំជាប្រធានគណៈបញ្ជាការឯកភាពក្រុងមិនដឹង ឬមួយ ក៏លោកចាត់ទុកយើងខ្ញុំជាគណៈបញ្ជាការឯកភាពជាមនុស្សមិនបានការ។
លោកប៊ុន សាង មេប៉ុស្តិ៍ប៉ូលិសព្រែកព្នៅបានប្រាប់កម្ពុជាថ្មីថា ពាក្យបណ្ដឹងរបស់លោកស្រី ប៉ែន តារា ចោទប្រកាន់មកលើរូបគាត់រឿងជំរិតទារប្រាក់ គឺជារឿងមួលបង្កាច់។ តាមពិតផ្ទះរបស់លោកស្រីប៉ែន តារា គឺជាកន្លែងវង់ល្បែងមួយដ៏ធំនៅតំបន់ព្រែកព្នៅ មិនអាចនរណាបំបែកបានទេ។ ខ្ញុំអត់ដឹងថា តើគាត់មានខ្នងពីណានៅចាំទប់វង់ល្បែងនោះទេគ្រាន់តែដឹងថា ប្ដីរបស់លោកស្រីប៉ែន តារា ឈ្មោះចេង សុខណាត គាត់ធ្វើជាប៉ូលិសពាក់ស័ក្ដិ៥នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនេះឯង៕
ឫទ្ធី
No comments:
Post a Comment