Wednesday, January 19, 2011

ឃុំខ្លួន​៤​នាក់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​ម៉ឺន​គ្រាប់​ពី​ឡាវ​

ភ្នំពេញ​: ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្ស​ស្រី​៣​នាក់​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​មេក្លោង​និង​គូកន​ជា​បន្ត​ទៀត​ករណី​
​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​ចំនួន​៩៩៩៤​គ្រាប់ ឆ្លងដែន​ពី​ប្រទេស ឡាវ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ខេត្ត​ព្រំដែន​។​

​សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​ការពារ​ព្រំដែន​គោក​ច្រក​ត្រពាំង​ក្រៀល ខេត្ត​ស្ទឹងត្រែង បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​២​នាក់​កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១ គឺ​ឈ្មោះ​វ៉ាន់ ចាន់ អាយុ​១៨​ឆ្នាំ និង​ឈ្មោះ​លីន ដា អាយុ​១៩​ឆ្នាំ​។ អ្នក​ទាំង​ពីរ​ជា​សិស្ស​នៅ​វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច​និង មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ដោយ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​ម៉ីន​ចំនួន ៥​សុង​ស្មើនឹង​៩៩៩៤​គ្រាប់​។​

​ក្រោយ​ការឃាត់ខ្លួន​និង​បាន​សាកសួរ​រួច​ហើយ សមត្ថកិច្ច​ប៉ូលិសអន្តោប្រវេសន៍​បាន​បញ្ជូន​មនុស្ស ស្រី​ទាំង​២​នាក់​នេះ​មក​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​ មហាផ្ទៃ នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​ ​ចំពោះ​លទ្ឋផល​នៃ​ការ សាកសួរ​ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះ​ទេ គ្រាន់តែ​បង្ហើប​ឱ្យ ដឹងថា​ឈ្មោះ​វ៉ាន់ ចាន់ ជា​អ្នក​យក​គ្រឿងញៀន​ដែល​បញ្ជូន​មក​ពី​ប្រទេស​ឡាវ ដើម្បី​យក​ទៅ​ប្រគល់​បន្ត​ឱ្យ អ្នក​ចាំ​ទទួល​នៅ​ខេត្ត​បន្ទាយមានជ័យ​។​

​យោងតាម​ចម្លើយ​នេះ​សមត្ថកិច្ច​ប៉ូលិស​បាន​ចុះ​ធ្វើការ​ស្រាវ ជ្រាវ​រួច​ឃាត់ខ្លួន​មនុស្ស​២​នាក់​ទៀត​ឈ្មោះ ស៊ី​ប៉ូ ភេទ​ប្រុស និង ឈ្មោះ​ទៀន សុគន្ឋា ភេទ​ស្រី កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ រួច​បញ្ជូន​មក​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ការសាកសួរ​រួចហើយ​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១១​សមត្ថកិច្ច​ប៉ូលិស​នាយកដ្ឋាន កណ្តាល​សន្តិសុខ​ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង​និង​បញ្ជូន​មនុស្ស​ទាំង​៤​នាក់​នេះ​មក​សាលាដំបូង​រាជ ធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ដោយ : សម្បត្តិ CEN

No comments:

Post a Comment