Wednesday, January 19, 2011

ក្រុមហ៊ុនមកពីប្រទេសជប៉ុនមាន​គម្រោង​ការ​ បង្កើតរោងចក្រផលិតម៉ូទ័រ​នៅ​កម្ពុជា​


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ បាន​គាំទ្រ​ក្រុម​ហ៊ុន​ MINEBEA ជាក្រុមហ៊ុនមួយ​​មក​ពី​ប្រទេសជប៉ុន ក្នុង​​ការបង្កើតរោងចក្រ​ផលិតម៉ូទ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សម្តេច​ បានជម្រុញឱ្យ​ក្រុមហ៊ុន​របស់​ប្រទេសជប៉ុនមួយនេះបន្ដធ្វើការ សហការជា​មួយ​ស្ថាប័ន​ ពាក់ព័ន្ធ​កម្ពុជា ដើម្បីធ្វើឱ្យការវិនិយោគ​នេះទទួល​បាន​ជោគជ័យ ។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ ឱ្យដឹងថា សម្ដេចតេជោ​ មាន​ប្រសាសន៍​ថា ម៉ូទ័រ​ជាបេះ​ដូង​របស់​គ្រឿង​ចក្រ ហើយ​ជា​បច្ចេក​វិទ្យាថ្មី​មួយ​ដែល​ទើប​នឹង​នាំ​ចូល ​មក ​ក្នុង​ប្រទេស​​កម្ពុជា ដូច្នោះយុទ្ធសាស្ដ្រ​ជាចម្បង​នា​ពេល​នេះគឺធ្វើយ៉ាងណា ឱ្យរោងចក្រផលិត​ ម៉ូទ័រ​នេះ​​ ទទួល​បាន​ជោគជ័យ​ ។ សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្រុមហ៊ុនត្រូវ បន្ដសហការ ជាមួយក្រ សួងការងារ និង​ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា(CDC)​ដើម្បី​រៀប​ចំ​ នូវ​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ពលករមកធ្វើការនៅក្នុងរោងចក្រ ក៏ដូច​ជាការរៀបចំ​ជ្រើស​រើស​ ពលករ​ ទៅ​បណ្ដុះបណ្ដាល​នៅក្រៅ​ប្រទេស ​ដើម្បីមក​បម្រើការ​នៅ​ក្នុង​រោង​ចក្រ​វិញផងដែរ ។
ឯកឧត្តម​ អ៊ាង សុផល្លែត ឱ្យដឹងថាក្នុង​ឱកាស​ចូល​ជួប​សំដែង​ការ​គួរសម​ នៅភូមិគ្រឹះ​ ក្នុង​ រាជធានី​ភ្នំពេញ​​កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១១​ លោក YOSIHISA KAINLIMA ប្រធានក្រុមហ៊ុន MINEBEA​ ​បានជំរាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា លោក​មានភាព​ កក់ក្ដៅ​ យ៉ាង​ខ្លាំង​​នៅពេលបានធ្វើការពិភាក្សាជាមួយ ថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ហើយក៏​បាន សម្រេច ​ធ្វើការ​ វិនិយោគ​ដោយ​​បង្កើតជារោងចក្រផលិតម៉ូទ័រនៅក្នុងប្រទេសកម្ពុជា ។
លោកនាយកក្រុមហ៊ុន​ជប៉ុន​រូប​នេះ​បាន​ថ្លែងថា ក្រុមហ៊ុន​របស់លោក​មានលទ្ធភាព​ក្នុងការ​ ផលិត​ម៉ូទ័រ ដែលមានខ្នាតតូចជាងគេបំផុតនៅលើពិភពលោក ហើយ​ដោយយកបំណែករបស់ម៉ូទ័រ ដែល ផលិត​ដោយ​​ក្រុមហ៊ុនផ្ទាល់ពីប្រទេសចិន ម៉ាឡេស៊ី និង ប្រទេស​ថៃ ជាដើមមកផ្គុំនៅក្នុងប្រទេសកម្ពុជា តែម្ដង ។
ក្រុមហ៊ុន MINEBEA ជាក្រុមហ៊ុនដែលបាន​ចុះបញ្ជីនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុនតាំងពីឆ្នាំ ១៩៥១​​ មកម្លេះ ដោយផលិតជាម៉ូទ័រ ពិដាន ជាមួយផលិតផលផ្សេងៗជាច្រើនទៀតផងដែរ ។ លោក YOSIHISA​ KAINLIMA ថ្លែងថា ក្រុមហ៊ុនរបស់លោកមានបំណង​ធ្វើការបណ្ដុះ​បណ្ដាល​ធនធាន ​មនុស្ស​របស់​​​កម្ពុជា ហើយក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន​បានសុំអនុសាសន៍​ ពីសម្ដេច​តេជោ​ នាយករដ្ឋមន្ដ្រី​ដើម្បី​​​ឱ្យការវិនិយោគរបស់លោកទទួលបានជោគជ័យនោះ។
ពាក់ព័ន្ធជាមួយការបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី​ បាន​ណែ​នាំ​ ឱ្យ​ក្រុម​ហ៊ុន​​​ពិភាក្សា​ជាមួយ អង្គការ CIKA ដើម្បីធ្វើការផ្សព្វផ្សាយជ្រើសរើសយកសិស្ស និស្សិតដែល ​បាន​សិក្សា​ពាក់​ព័ន្ធ​​​ពីបញ្ហាម៉ូទ័រមកធ្វើបទបង្ហាញ ទៅដល់ជាងដែលកំពុងធ្វើអាជីវកម្មពាក់ព័ន្ធជាមួយ បញ្ហាម៉ូទ័រនេះ ប្រយោជន៍​​​ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់ឡើងពីដំណើរការផលិតម៉ូទ័រ និង សកម្មភាព​ធ្វើការ​របស់​​ម៉ូទ័រ ។ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានជម្រុញឱ្យក្រុមហ៊ុនបង្កើតកម្មវិធីធ្វើ កម្មសិក្សា របស់និស្សិត​តាម​សកល​វិទ្យាល័យមកកាន់រោងចក្រ ឱ្យមានការសហការជាមួយគណៈកម្មការជាតិ បណ្ដុះបណ្ដាលវិជ្ជាជីវៈ​​ និង​ CDC ដើម្បីបញ្ជូនគ្រូ និង សាស្ដ្រាចារ្យទៅធ្វើឧទ្ទេសនាមនៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏​ដូច​ជា អញ្ជើញថ្នាក់ដឹកនាំដែលពាក់ព័ន្ធទៅធ្វើទស្សនកិច្ចនៅ រោងចក្រនិង ធ្វើបទឧទ្ទេសនាម ដើម្បីឱ្យ​ពលករ​​ទាំងអស់បានចូលរួមថែទាំរោងចក្រ និង ដើម្បី​ជម្រុញការវិនិយោគ របស់​ក្រុមហ៊ុន​ទទួល​បាន​ជោគ​ជ័យ​ផងដែរ ។

No comments:

Post a Comment