Wednesday, January 19, 2011

អង្ករ​កម្ពុជា​កំពុង​មាន​ហាងឆេង​លើ​ទីផ្សារ​​អ៊ឺរ៉ុប​ដោយសារ​ការអនុគ្រោះ​ពន្ធ​

ភ្នំពេញ​: អង្ករ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​ទីផ្សារ​អឺរ៉ុប​ដោយសារ​តម្លៃ​សមរម្យ​​ជាង​ប្រទេស​ជិតខាង​ហើយ​គុណភាព​ក៏​ល្អ​។ នេះ​បើ​តាម​ការអះអាង​របស់ លោក សុខ ហាច​ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​និង​ជា​នាយក​ក្រុមហ៊ុននាំចេញ​អង្ករ​មួយរូប​។​

​លោក សុខ ហា​ច ប្រធាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា និង ជា​នាយក​ក្រុមហ៊ុន ហ្គោល​ដិ​នរ៉ា​យ បាន​អះអាង​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពីដើមសប្តាហ៍​កន្លងទៅ​នេះ​ថា​នៅលើ ទីផ្សារ​អឺរ៉ុប​អង្ករ​កម្ពុជា​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​អង្ករ​ប្រទេស​ជិតខាង​ បាន ប៉ុន្តែ​លោក​បាន​អះ អាង​ថា​តម្លៃ​នៃ​ការប្រកួតប្រជែង​នឹង​អាច​បាត់បង់​នៅ ពេល​ដែល​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​នាំ​ចូល​របស់​សហគមន៍​អ៊ឺរ៉ុប​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។​
 
​លោក ឃិន ពិសី អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​អះអាង​ថា​គោលដៅ ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​នាំចេញ​អង្ករ​មួយ​នៅ​មុន​ឆ្នាំ ២០១៥ មិនមែនជា រឿង​ងាយស្រួល​ទេ​។ លោក​បាន​ឱ្យដឹងថា​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​ពិតជា​ទទួល​បាន​កំណើន ដែល​ជា​ប្រភព​ដ៏​សំខាន់​សំរាប់​គាំទ្រ​ដល់​ការនាំ ចេញ​មែន​ប៉ុន្តែ​ការចំណាយ​នៅក្នុង ការ​ប្រែក្លាយ​ពី​ស្រូវ​ឱ្យទៅជា​អង្ករ​ដែល​មាន​គុណភាព​ហើយ​ទីផ្សារ​អន្តរជាតិ​ត្រូវការ នោះ​គឺ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​។ 

​លោក​បាន​បញ្ជាក់ថា​អង្ករ​កម្ពុជា​បើ​ដឹក​ទៅ​ហុងកុង​ដោយ​ជាប់ពន្ធ​នាំចូល​នោះ​គឺ​នៅ​ក្នុង​មួយ​តោនមាន​តម្លៃ​ខ្ពស់ជាង​អង្ករ​ថៃ៧៤ដុល្លារនិង​ថ្លៃ​ជាង​វៀតណាម៧៦ដុល្លារ ប៉ុន្តែ​សំរាប់​ទីផ្សារ​អឺរ៉ុប ដោយសារ​តែ​ការអនុគ្រោះ​ពន្ធ​អង្ករ​ខ្មែរ​ថោក​ជាង​ថៃ ១៥៤ ដុល្លារ និង ថោក​ជាង​វៀតណាម​ចំនួន ១៥១ ដុល្លារ​។ នេះ​គឺជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ​មួយ​សំរាប់​ទីផ្សារ​អង្ករ​កម្ពុជា​ខណៈ​ដែល សព្វថ្ងៃ​នេះ​ទីផ្សារ​អង្ករ​កម្ពុជា​ធំ​បំផុត​គឺ​នៅ​សហគមន៍​អឺរ៉ុប​នេះ​។​
 
​លោក សុខ ហា​ច បានឱ្យដឹងថា កាលពី​ឆ្នាំ ២០១០ កន្លងទៅនេះ កម្ពុជា​នាំ​ចេញ​អង្ករ​ប្រមាណ​ជា ៤០.០០០​តោន ហើយ​នៅក្នុង​ឆ្នាំនេះ គេ​រំពឹងថា អង្ក​នាំចេញ​នឹង​កើន​ទៅដល់ ១០០.០០០ តោន ។ ទីផ្សារ​៩០ ភាគរយ​របស់​អង្ករ​កម្ពុជា​គឺ​សហគមន៍​អឺរ៉ុប​៕

CEN

No comments:

Post a Comment