Monday, January 24, 2011

ទស្សនៈ ៖ ចង់បាននីតិរដ្ឋត្រូវមានច្បាប់ NGOs

បើនិយាយពី NGOs នៅស្រុកខ្មែរមានរាប់ពាន់ខ្លះក៏ដំណើរការ រីឯខ្លះទៀតមានតែឈ្មោះសឹង តែរក​ទីស្នាក់ការទំនាក់ទំនងគ្មាន។

សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលមានដំណើរការមានមិនច្រើន ទេគឺមានប្រមាណជាងមួយរយ​សមាគមអង្គការប៉ុណ្ណោះ ក្នុងចំណោមសមាគមអង្គការក្នុងស្រុកជាងពីរពាន់ដែលបានចុះបញ្ជីជាមួយរាជរដ្ឋា​ភិបាល​កម្ពុជាតាមរយៈក្រសួងមហាផ្ទៃ ឬ ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ពួកគេទាំងនេះបានចូលរួមចំនែកអភិវឌ្ឍន៍ប្រទេស​ឡើងវិញក្នុង​វិស័យផ្សេងៗ​ពីគ្នាជា​អាទិ៍វិស័យអប់រំ សុខាភិបាល កសិកម្ម ឧស្សាហកម្ម ឥណទានច្បាប់ សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។ គេអាចបែងចែកពួក​គេជាក្រុមទៅតាម វិស័យការងារ​ដែលសមាគមអង្គការក្នុងស្រុកបម្រើសេវានៅក្នុងសង្គម។

សមាគមអង្គការក្នុងស្រុកដែលបម្រើសេវាផ្នែកអប់រំសុខាភិបាល កសិកម្ម ឧស្សាហកម្ម និង ឥណទាន គឺជា​ក្រុម​ធំមួយដែលបានជួយសម្រាលបន្ទុកជាច្រើន​របស់​រាជរដ្ឋ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកអភិវឌ្ឍ​សង្គម​កម្ពុជា។ ដោយឡែកក្រុមសមាគមអង្គការដែលបម្រើសេវាផ្នែកច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជា​ក្រុម​តូចមួយ បើប្រៀបធៀបនឹងចំនួនសមាគមអង្គការក្នុងស្រុកដែលបានចុះបញ្ជី។  ក្រុមនេះមានគ្នាតិច​ប៉ុន្ដែចេះ​ប្រើល្បិចផ្លាស់ប្ដូររូបភាព ក្នុងសង្គមពេលខ្លះគេធ្វើសកម្មភាពតែម្នាក់ឯងដោយឯករាជ្យ ប៉ុន្ដែពេលខ្លះទៀត​គេ​ប្រមូល​ចងក្រងគ្នាជាក្រុមជាសម្ព័ន្ធភាព ជាក្រុមការងារគណៈកម្មាធិការ ឬក្រុមចម្រុះផ្សេងៗ​ដើម្បីបំភ័នភ្នែក​សាធារណៈជនដែលមើលទៅហាក់បីដូចជាមាន គ្នាច្រើនប៉ុន្ដែបើយើងពិនិត្យ​ឱ្យហ្មត់ចត់ទៅពួក​គេមានគ្នាមិន​លើសពី ៣០សមាគមអង្គការឡើយ ដែលដើរតួធ្វើជាសមាជិក បំពេញឱ្យគ្នាទៅវិញទៅមក​ក្នុងសម្ព័ន្ឋភាព​ក្រុមការងារ ឬគណៈកម្មការផ្សេងៗ ជាពិសេសពួកគេភាគច្រើន​អួតអាងពីការគ្រប់់គ្រងបាន​ល្អតាមបែបប្រជា​ធិប​តេយ្យតម្លាភាព ឬគណនេយ្យ និងមានរចនាសម្ព័ន្ឋគ្រប់គ្រងអង្គភាពបានគ្រប់គ្រាន់ជាអាទិ៍ មានក្រុម​ប្រឹក្សា​ភិបាលគ្រប់គ្រងជាដើម ប៉ុន្ដែបើពិនិត្យឱ្យច្បាស់ទៅ គឺពួកគេមានគ្នាតែមួយដំបស្វា តែប៉ុណ្ណោះគឺប្រធាន​អង្គការមួយទៅធ្វើជាក្រុមប្រឹក្សាភិបាលឱ្យអង្គការមួយទៀត ហើយច្រាស់មកវិញមានន័យថាគឺ ពួកគេដើរតួនាទី​ជាអ្នកប្រតិបត្ដិផងនិង ជាក្រុមប្រឹក្សាភិបាលផងដែលបំពេញផលប្រយោជន៏ឱ្យគ្នាទៅវិញទៅមក។ រីឯអង្គការ​សមាគមខ្លះបានជ្រើសរើសក្រុមប្រឹក្សាភិបាលសុទ្ធតែបរទេសមានមុខមាត់និងឋានៈ ប៉ុន្ដែពួកគេមិនដែលបាន ប្រជុំក្រុមប្រឹក្សាភិបាលម្ដងសោះព្រោះតែ​ក្រុមប្រឹក្សាភិបាលមានតែឈ្មោះដាក់ក្នុង​រចនាសម្ព័ន្ធអង្គការឱ្យតែល្អ​មើល​​គ្មានដំណើរការ។ រឹតតែអាក្រក់ខឹងនេះទៀតសមាគមអង្គការក្នុងស្រុកខ្លះបានទទួលយកបុគ្គលិកដែលធ្វើការ​ក្នុងអង្គការម្ចាស់ ជំនួយរបស់ខ្លួនឱ្យធ្វើជាក្រុមប្រឹក្សាភិបាល ដែលធ្វើឱ្យស្ថាប័នប្រតិបត្ដិមានការច្របូក​ច្របល់គ្មានឯករាជ្យក្នុងការបំពេញការងារ។ ម្យ៉ាងទៀតក៏នៅមានប្រភេទក្រុមប្រឹក្សាភិបាលមួយបែបទៀតដែល​ហួសដឺឡេ (expired) មានន័យថា ពួកគេមុខក្រាស់បើទោះបីជាលក្ខន្ដិកៈ សមាគមអង្គការមានចែង​អំពី​អាណត្ដិការងាររបស់ក្រុមប្រឹក្សាភិបាល ២ ឬ ៣ ឆ្នាំ ក៏ដោយក៏ពួកគេធ្វើមិនដឹងមិនឮមិនព្រមលាឈប់​ពីក្រុម​ប្រឹក្សាភិបាលឡើយ គឺពួកគេស្រឡាញ់មុខមាត់ឈរឈ្មោះដំណែង ជាក្រុមប្រឹក្សាភិបាលឱ្យអង្គការសង្គម ប៉ុន្ដែបែរ​ជាបានចូលដៃចូលជើងរួមចំនែកធ្វើឱ្យសមាគមអង្គការទាំងនោះចុះ ខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយ​សារ​តែក្រុមប្រឹក្សាភិបាលមិនដំណើរការឬក្រុមប្រឹក្សាភិបាលដែលគ្មានគំនិតស្ថាបនា បង្កើតឡើង​ដើម្បីតែគាំទ្រ​នាយកប្រតិបត្ដិដើម្បីអោយខ្លួននិងបក្ខពួកខ្លួនកាន់ដំណែងទទួលបានប្រាក់ខែបានយូរឆ្នាំប៉ុណ្ណោះ។

          រួមសេចក្ដីមកសមាគមអង្គការក្នុងស្រុកនៅកម្ពុជាមិនទាន់មានភាពរឹងមាំក្នុងការបំពេញការងារទេ ទាំង​ការ​គ្រប់គ្រងផ្ទៃក្នុង និងការប្រតិបត្ដិការគម្រោងនានាដែលទាមទារឱ្យមានស្ថាប័ននិងលិខិតបទដ្ឋានគតិយុត្ដិ​ច្បាស់លាស់ ដើម្បីគ្រប់គ្រងអំពីដំណើរការពួកគេនៅក្នុងសង្គមចៀសវាងនូវទំនាស់ផ្សេងៗជាយថា ហេតុដែល​ធ្វើឱ្យបាត់បង់ផលប្រយោជន៍ ចំពោះប្រជាពលរដ្ឋដែលជាអ្នកទទួលផល។ ការបង្កើតឱ្យមានច្បាប់​ដើម្បី​គ្រប់​គ្រងសមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកគឺកាលានុវត្ដថ្មីមួយដែលធ្វើឱ្យអង្គការសង្គមនានា ដែលប្រតិ​បត្ដិការនៅក្នុងប្រទេសកម្ពុជាកាន់តែមានការទទួលខុសត្រូវសាធារណៈច្រើនជាងមុន។ លុបបំបាត់ចោល​នូវភាព​អសកម្ម​នានាដែលពួកគេកំពុងជួបប្រទះ និងធ្វើឱ្យពួកគេកាន់តែមានភាពស្រប​ច្បាប់ក្នុងការបំពេញ​ការងារ​ក្នុងសង្គម។

          ម្យ៉ាងទៀតការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក គឺជាការគោរព​អនុវត្ដ ទៅតាមស្មារតីមាត្រា៤២នៃរដ្ឋធម្មនុញដែលជាមាគ៌ាដ៏ត្រឹមត្រូវនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជ​រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពុងធ្វើដំណើរ​នៅលើផ្លូវឆ្ពោះទៅកាន់នីតិរដ្ឋពិតប្រាកដ។
មេត្ដា

No comments: