Monday, January 24, 2011

ស្ពាន​នាគ​ភ្លោះ​កោះ​ពេជ្រ​២​ខ្សែ​គ្រោង​បើក​ការដ្ឋាន​សាងសង់​

ភ្នំពេញ: ​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរ​ផង​និង​បញ្ចៀស​គ្រោះថ្នាក់​ដោយ​យថាហេតុ​ជាថ្មីទៀត ហើយ​បើតាម​ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១១ នេះ​ថាបើ​មិនមាន​ការប្រែប្រួល​កម្មវិធី​ទេនោះ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ ខាងមុខនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក ជំទាវ​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​នាគ​ភ្លោះ​២​ខ្សែ​ចេញចូល​កោះ​ពេជ្រ​បន្ថែម ២​ខ្សែ  

​​ក្រោយពី​ធ្វើការ​ប្រជុំពិភាក្សា​ជាច្រើនលើក​លើ​គម្រោង​ស្ថាបនា​ស្ពាន​បន្ថែម​ពីរ​ទៀត​ដែល​ភ្ជាប់​ពី​តំបន់​កោះ​ពេជ្រ​មក សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន នោះ សាលា​រាជធានី​បានទទួល​ការឯកភាព​ដ​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើ Design និង​ទីតាំង​ស្ថាបនា​ស្ពាន​ភ្លោះ​ដោយមាន​បង្កាន់ដៃ​រូប​នាគ​ហើយ​។ ស្ពាន​ភ្លោះ​ដែល​នៅ​ប៉ែក​ខាងជើង​នៃ​ស្ពាន​ពេជ្រ​នេះ​ជា​ស្ពានបេតុង​អារ​មេមាន​ប្រវែង​បណ្តោយ​១០១​ម៉ែត្រ ទទឹង ១២​ម៉ែត្រ មាន​ក្បាល​នាគ​នៅ​ដើម និង​ចុងស្ពាន ដោយមាន​បង្កាន់ដៃ​ជា​រាងខ្លួន​នាគ មាន​កម្ពស់ ១.០៥​ម៉ែត្រ​។ ស្ពាន​នីមួយៗ ជា​ស្ពាន​ឯកទិស ដែល​ស្ពាន​ទី​១ សម្រាប់​រថយន្ត ៣​ខ្សែ ក្នុងទិសដៅ​ចេញពី​ផ្លូវ​ផ្នែក​ខាងត្បូង​ជាប់ សួន​សម្តេច ហ៊ុន សែន ចូលមក​កោះ​ពេជ្រ ឯ​ស្ពាន​ទី​២ សម្រាប់​រថយន្ត ៣​ខ្សែ ក្នុងទិសដៅ​ចេញពី​កោះ​ពេជ្រ​ឆ្ពោះទៅ ផ្លូវ​ផ្នែក​ខាងជើង​ជាប់​សួន​សម្តេច ហ៊ុន សែន វិញ​។ ស្ពាន​នេះ​នឹងត្រូវ​ក្រុមហ៊ុន​វិនិយោគ​ទន់​អណិកជន​កម្ពុជា “OCIC”​ធ្វើការ​ស្ថាបនា​ដោយ​ប្រើប្រាស់​ថវិកា​ក្រុមហ៊ុន​ប្រមាណ ២,៥៥៥,០៩០ USD ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​ប្រើប្រាស់​រយៈពេល ០៩​ខែ ក្នុងការ​សាងសង់​។ 

សាលា​រាជធានី​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ខាងលើ​នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ភ្លោះ នេះ នៅ​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០១១​ខាងមុខនេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង លោកជំទាវ​។  គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១០ នេះ​សាលា​រាជធានី​ភ្នំពេញ​និង ក្រុមហ៊ុន​កោះ​ពេជ្រ បាន​សហការគ្នា​និមន្ត​ព្រះសង្ឃ​ចំនួន ៧​អង្គ ធ្វើ​ពិធីសែនក្រុងពាលី​នៅលើ​កោះ​ពេជ្រ​ត្រង់​ខាងកើត​គល់ស្ពាន​ពេជ្រ​ទៅតាម​ជំនឿ​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​បើក​ឱ្យ​ដំណើរការ​ជាថ្មី​ឡើងវិញ ស្ពាន​ពេជ្រ​ក្រោយពី​បិទ​អស់​រយៈពេល ១៦​ថ្ងៃ បន្ទាប់ពី​មាន​កើត​ឧបទ្ទវហេតុ​កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ បណ្តាល​មាន​អ្នកស្លាប់​ចំនួន ៣៥៣​នាក់ និង​រងរបួស​៣៩៤​នាក់​។​គួរ​បញ្ជក់​ដែរ​ថា​ស្ពាន​កោះ​ពេជ្រ​បន្ទាប់ពី​បើក​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ឡើងវិញ​ជា​លើកដំបូង​ពេលនោះ​លោក កែប ជុតិមា បាន​អះអាងថា ដោយ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន សាលា​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​ថ្មី​២​ខ្សែ​បន្ថែមទៀត​ជាប់​ស្ពាន​ពេជ្រ​ចាស់​អម​សងខាង​សួនច្បារ សម្តេច​តេ ជោ​ហ៊ុន សែន និង​សង់​ស្តូប​គោរព វិញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​នៅលើ​ស្ពាន​ពេជ្រ​នៅត្រង់​គល់ស្ពាន​ផ្នែក​ខាងជើង ត្រើយ​ខាងលិច ។​មន្ត្រី​ជំនាញ​បាន​អះអាងថា​ស្ពាន​ថ្មី ២​ខ្សែ​ដែល​គ្រោង​ធ្វើការ​សាងសង់​ថ្មី​នេះ ១​ខ្សែ ទំហំ ១២​ម៉ែត្រ​ទទឹង​និង​បណ្តោយ​ប្រវែង ១០១​ម៉ែត្រ​ដដែល​៕

ដោយ : សេរី

No comments:

Post a Comment