Monday, January 24, 2011

ស្ពាន​ព្រែក​តា​មាក់​ត្រូវ​បា​នសម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​



ភ្នំពេញ​: ស្ពាន​ព្រែក​តា​មាក់​ត្រូវបាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​មករា​នេះ​ក្រោម​អធិបតីភាព​​របស់​សម្តេច​ហ៊ុន សែន ​នាក​យក​រដ្ឋ​មន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ស្ពាន​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​បាន​កើតឡើង​ដោយ​ការប្រើប្រាស់​នូវ​ចំណែក នៃ​ប្រាក់​កម្ចី​ចំនួន​៣០០​លាន​ដុល្លា​អាមេរិក​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​៥% ។ ស្ពាន​នេះ​ឆ្លង​ទន្លេ​មេគង្គ​ត​ភ្ជាប់​ពី​ប្ញ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល ទៅ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ស្ពាន​នេះ​បាន​សាងសង់​តាម​បទដ្ឋាន​បច្ចេកទេស​កំរិត​ថ្នាក់​ទី​១ នៃ​សំណង់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ប្រវែង ១.០៦៦ ម៉ែត្រ និង  ទទឹង ១៣​ម៉ែត្រ​កន្លះ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៤២,៥ ដុល្លា​អាមេរិក ក្នុងនោះ​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​មានជាង ២​លាន​ដុល្លារ ក្រៅពី​នោះ​ជា​ថវិកា​កម្ចី របស់​ចិន​។ 

​ស្ពាន​ព្រែក​តា​មាក់សាង​សង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រូ​ប និង ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​សំណង់​ក្វាង​ហ្សូ​វ៉ាន អាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​ស្ពាន​នេះ​បាន​សាងសង់​ក្នុង​រយៈ​៣៨​ខែ ដោយ​គិត​ចាប់ពី ថ្ងៃទី​៦ ខែ  មិថុនា ឆ្នាំ​២០០៧​មក ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជាពិសេស​ចំពោះ រដ្ឋាភិបាល​ចិន ប្រជាជន​ចិន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ឥណទាន និង ជំនួយ​ជា​បន្តបន្ទាប់ តាម​សំណូមពរ​នៃ​សេចក្តី​ត្រូវការ របស់​កម្ពុជា និង ទាន់​ពេលវេលា ដែល​កម្ពុជា​កំពុង​ជួប​ការលំបាក និង ចាំបាច់​ក្នុង​ការជំរុញ​កំណើន សេដ្ឋកិច្ច  និង អភិវឌ្ឍន៍​សង្គម​ដោយ​គ្មាន​លក្ខខ័ណ្ឌ ។​

​លោក ផាន គ័ង​ស៊ា ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ ព្រះរាជាណាចក្រកម្ពុជា​បាន​មានប្រសាសន៍ថា រហូតមកដល់​ថ្ងៃនេះ ប្រទេស​កម្ពុជា​មានស្ពាន​មិត្តភាព​ចិន​កម្ពុជា ចំនួន​៣​ គឺ​ស្ពាន​ព្រែក​តា​មាក់ ស្ពាន​សេកុង ខេត្ត​ស្ទឹងត្រែង និង​ស្ពាន​មិត្តភាព​ចិន​កម្ពុជា​ព្រែក​ក្តាម ។​

 លោក​បាន​បញ្ជាក់​ថា​ស្ពាន​ធំ​ទាំងអស់នេះ​ដូចជា​ខ្សែពូរ​មួយៗ​ដែល​មិន​ត្រឹមតែ​ត​ភ្ជាប់​ពី ទន្លេ​ម្ខាង​ទៅ​ម្ខាង​ទេ ព្រមទាំង​បាន​ត​ភ្ជាប់​ចិត្ត​ប្រជាជន​ចិន និង កម្ពុជា ជា​ស្ពាន​មិត្តភាព និង ស្ពាន​សហប្រតិបត្តិការ​៕
 
ដោយ : សម្បត្តិ

 

No comments:

Post a Comment