Monday, January 24, 2011

នាយករដ្ឋមន្ត្រី​ថៃ​ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាម​ប្រសិនបើ​លុបចោល​MoU


 អាប់​ភិស៊ី​ត​បាន​និយាយថា​ប្រទេស​ទាំង​២​នឹង​គ្មាន​ជំរើស​ណា​ក្រៅពី​ប្រើ​កម្លាំង​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ប្រសិនបើ​លុបចោល​MoU
នាយករដ្ឋមន្ត្រី​ថៃ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​ព្រមាន​ថា​ការ​ហែក​ចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០​ឬ​MoU​ឆ្នាំ​២០០០​ស្តីពី​ការកំណត់​ព្រំដែន​គោក​ថៃ​-​កម្ពុជា​នឹង​គ្រាន់តែ​នាំ​ដល់​ការប្រើ​កម្លាំង​ទ័ព​។​
​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ដូច្នេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រចាំ​សប្តាហ៍​កាលពី​យប់​ថ្ងៃ​អាទិត្យ​ដោយ​លោក​បាន​និយាយថា​MoU​នេះ​ជួយ​ទប់ស្កាត់​កុំអោយ​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​២​ដណ្តើម​យក​ទឹកដី​ដែល​ពួកគេ​អះអាង​ថា​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​គេ​។​
​លោក​បាន​បញ្ជាក់ថា​ការលុបចោល​តាម​ការទា​ម​ទារ​របស់​ក្រុម​អាវ​លឿង​នឹង​នាំអោយ​ប្រទេស​ទាំង​២​គ្មាន​ជំរើស​ណា​ក្រៅពី​ប្រើ​កម្លាំង​ដើម្បី​ចាប់​យក​ទឹកដី​។​MoU​នេះ​ជា​ឧបករណ៍​មួយ​សំរាប់​រារាំង​កុំអោយ​ប្រទេស​ណាមួយ​អះអាង​ជាក​ម្ម​សិទិ្ធ​ជា​ឯ​តោ​ភាគី​លើ​តំបន់​ព្រំដែន​មាន​ជម្លោះ​។​
​ក្រុម​អាវ​លឿង​កំពុង​ទាមទារ​អោយ​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ដោយ​អះអាង​ថា​MoU​នេះ​វា​ដូចគ្នា​នឹង​ការអនុញ្ញាត​អោយ​កម្ពុជា​យក​ទឹកដី​ព្រំដែន​របស់​ថៃ​។​ក្រុម​នេះ​នឹង​ធ្វើ​ការជួបជុំ​តវ៉ា​នៅ​បាងកក​នា​ថ្ងៃស្អែក​ដើម្បី​រំលេច​ការទាមទារ​របស់គេ​។

No comments:

Post a Comment