ស្លាកថ្មដែលថៃកំពុងទាមទារអោយកម្ពុជាដកចេញ
ប្រភពយោធាពីព្រំដែននិយាយថាទាហានថៃកំពុងគំរាមចូលដកស្លាកថ្មនៅលើដីមានជម្លោះដែលសរសេរថាទាហានថៃជា“អ្នកឈ្លានពាន”ប្រសិនបើអាជ្ញាធរកម្ពុជាមិនដកវាចេញដោយខ្លួនឯងទេ។
បញ្ជាការតំបន់២ថៃលោកថាវ៉ាតឆៃ សាមុតសាខនបានស្នើអោយទាហានកម្ពុជាដកស្លាកដែលសរសេរជាភាសាខ្មែរដោយចោទប្រកាន់ទាហានថៃថាឈ្លានពានទឹកដីកម្ពុជា នៅមុខវត្តកែវ គិរីស្វារៈ។
វត្តនេះស្ថិតនៅចម្ងាយ៣០០ម៉ែត្រពីប្រាសាទព្រះវិហារនិងស្ថិតនៅក្នុងតំបន់៤,៦គីឡូម៉ែត្រដែលថៃអះអាងថាជាតំបន់ជម្លោះ។
ប្រភពយោធាបាននិយាយថាទាហានកម្ពុជាទំនងជាស្ទាក់ស្ទើរក្នុងការដកស្លាកថ្មនេះពីព្រោះពួកគេនៅរង់ចាំបញ្ជាពីមេបញ្ជាការមុនពេលចាត់ការយ៉ាងណាៗ។
ប្រភពព័ត៌មានបាននិយាយថាស្លាកនេះត្រូវបើកសម្ពោធដោយរដ្ឋមន្ត្រីការពារជាតិទៀបាញ់របស់កម្ពុជាកាលពីខែមុន។ប្រភពបាននិយាយទៀតថា“យើងនឹងរង់ចាំមើលថាតើកម្ពុជាយកវាចេញដែរឬអត់”។
ស្លាកនេះសរសេរថា“ទីនេះជាកន្លែងទាហានសៀមចូលមកឈ្លានពានទឹកដីកម្ពុជាកាលពីថ្ងៃ១៥ខែកក្កដាឆ្នាំ២០០៨ ហើយដកទ័ពទៅវិញនៅម៉ោង១០:៣០ព្រឹកនាថ្ងៃ០១ធ្នូឆ្នាំ២០១០”។
ក្នុងកម្មវិធីទូរទស្សន៍ប្រចាំសប្តាហ៍“ជំនឿចិត្តនៅថៃជាមួយនាយករដ្ឋមន្ត្រីអាប់ភិស៊ីត”កាលពីព្រឹកថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីថៃលោកអាប់ភិស៊ីត វេចាជីវ៉ាបាននិយាយថាលោកបានបញ្ជាអោយប្រមុខយោធាទាក់ទងទាហានកម្ពុជាអោយដកចេញស្លាកសញ្ញាថ្ម ដែលមានសរសេរអក្សរខ្មែរថា“ទាហានថៃឈ្លានពាន”។
អាប់ភិស៊ីតបាននិយាយថានឹងមិនមានបញ្ហាទេសំរាប់កម្ពុជាដកយកស្លាកសញ្ញានេះចេញ។
លោកបាននិយាយទៀតថាលោកនឹងថ្លែងសុន្ទរកថាតាមទូរទស្សន៍រដ្ឋនៅម៉ោង៨:៣០យប់ថ្ងៃអាទិត្យដើម្បីពន្យល់សាធារណជនអំពីកិច្ចខិតខំរបស់រដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដើម្បីស្វះស្វែងអោយមានការដោះលែងជនជាតិថៃដែលកម្ពុជាចាប់ឃុំក្នុងគុក។
ជនជាតិថៃ៥នាក់ដែលតុលាការកម្ពុជាបានដោះលែងបានទៅដល់ប្រទេសថៃវិញកាលពីថ្ងៃសៅរិ៍ ហើយនាយករដ្ឋមន្ត្រីបាននិយាយថារដ្ឋាភិបាលបន្តព្យាយាមជួយដោះលែងលោកវីរៈ សំក្វាមឃីត អ្នកសម្របសម្រួលក្រុមបណ្តាញអ្នកស្នេហាជាតិថៃដែលត្រូវបដិសេធនាធាខ្លួននៅក្រៅឃុំនិងលេខារបស់គាត់ឈ្មោះរ៉ាទ្រី ភិប៉ៃតាណាប៉ៃប៊ូលដែលបានការអនុញ្ញាតអោយនៅក្រៅឃុំនិងកំពុងស្ថិតនៅក្នុងស្ថានទូតថៃប្រចាំកម្ពុជា។
No comments:
Post a Comment