ភ្នំពេញ: ក្លឹបអ្នកកាសែតកម្ពុជាបានជូនដំណឹងដល់សមាជិកសមាជិកានិងអ្នកកាសែតទាំងអស់អំពីការបើកវគ្គបណ្តុះបណ្តាលរយ:ពេលមួយខែស្តីពី “សេចក្តីរាយការណ៍ព័ត៌មាននៅក្នុងយុគសម័យនៃការលេចឡើងសារព័ត៌មានបែបថ្មី”។
វគ្គសិក្សានេះចាប់ផ្តើមពីថ្ងៃសុក្រទី២៨ខែមករា ដោយបង្រៀនរៀងរាល់ព្រឹកថ្ងៃសុក្រនិងថ្ងៃសៅរ៍ចាប់ពីម៉ោង៨ដល់ម៉ង១២ព្រឹកនៅទីស្នាក់ការក្លឹបអ្នកកាសែតកម្ពុជា។
វគ្គសិក្សាដែលបានទទួលការគាំទ្រពីមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសារព័ត៌មានលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានពិសេសផ្នែកក្រមសីលធម៌និងតួនាទីសារព័ត៌មាននៅក្នុងសង្គមប្រជាធិបតេយ្យ។
លោកប៉ែន សមិទ្ឋិ ប្រធានក្លឹបអ្នកកាសែតកម្ពុជានិយាយថាវគ្គសិក្សានេះឆ្លុះបញ្ចាំងអំពីកិច្ចប្រឹងប្រែងរួមរបស់ក្លឹបអ្នកកាសែតកម្ពុជានិងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរអាល្លឺម៉ង់នៅក្នុងការជួយពង្រឹងវិជ្ជាជីវ:របស់អ្នកសារព័ត៌មានកម្ពុជា។ លោកនិយាយថា“វាជាកិច្ចការរបស់យើងដើម្បីធានាអ្នកសារព័ត៌មាននឹងទទួលបានការបណ្តុះបណ្តាលជាប់រហូតដើម្បីអោយពួកគេអាចទទួលចំណេះដឹងថ្មីៗដែលអាចធ្វើអោយគុណភាពសារព័ត៌មានកាន់តែប្រសើរឡើងនៅកម្ពុជា”។
វគ្គសិក្សានេះត្រូវបានរៀបចំឡើងដោយមានការបូកផ្សំគ្នាទ្រឹស្តីជាមូលដ្ឋាននៃវិជ្ជាជីវៈ សារព័ត៌មានព្រមទាំងបូកបញ្ចូលលក្ខខណ្ឌចាំបាច់ថ្មីមួយចំនួនទៀតដែលអ្នកសារព័ត៌មានត្រូវចេះនៅក្នុងការធ្វើសេចក្តីរាយការណ័ព័ត៌មានទាំងសម្រាប់សារព័ត៌មានបែបប្រពៃណី (កាសែត ទូរទស្សន៍និងវទ្យុ) និងសារព័ត៌មានបែបថ្មី (វេបសាយ ប្លុកនិងបណ្តាញសារព័ត៌មានសង្គមដូចជា facebook ជាដើម)។
ដូច្នេះនៅក្នុងការសិក្សារយៈពេលមួយខែនេះសិក្ខាកាមនឹងទទួលការបណ្តុះបណ្តាលដូចខាងក្រោម: ទ្រឹស្តីអំពីសមាសធាតុសំខាន់ៗនៃវិជ្ជាជីវៈសារព័ត៌មាន: តួនាទីរបស់សារព័ត៌មាន តម្លៃនៃការពិត ឯករាជ្យភាព ភាពត្រឹមត្រូវ ភាពមិនលម្អៀង តម្លៃដំណឹង(news worthy) ការពិនិត្យផ្ទៀងផ្ទាត់ គោលការណ៍សត្យានុម័ត និងក្រមសីលធម៌ជាដើម។ - របៀបធ្វើសេចក្តីរាយការណ៍ព័ត៌មានផ្នែកនយោបាយ សេដ្ឋកិច្ច - សង្គមសន្តិសុខ និងតារាជាដើម។ - សារព័ត៌មានបែបថ្មីនិងអ្នកសារព័ត៌មាន: អ្វីទៅដែលហៅថាសារព័ត៌មានបែបបថ្មី?, គោលការណ៍នៃការធ្វើសេចក្តីរាយការណ៍ព័ត៌មាន, និងបញ្ហាប្រឈមថ្មីៗសម្រាប់អ្នកសារព័ត៌មាន។ - ការអនុវត្តជាក់ស្តែងនៃការធ្វើសេចក្តីរាយ ការណ៍ព័ត៌មាន។
អ្នកសារព័ត៌មានចំនួន២០នាក់នឹងត្រូវជ្រើសជ្រើសសម្រាប់ចូលរួមនៅក្នុងវគ្គសិក្សានេះ។ នៅពេលបញ្ចប់ការសិក្សាក្លឹបអ្នកកាសែតកម្ពុជានឹងមានការផ្តល់ជូននូវវិញ្ញាប័ណ្ឌបត្របញ្ជាក់ការសិក្សា។ អាសស្រ័យដូច្នេះសិក្ខាកាមទាំងអស់នឹងតម្រូវអោយ
មានវត្តមានយ៉ាងទៀងទាត់នៅក្នុងការសិក្សានេះ៕
ដោយ : បញ្ញវន្ត
No comments:
Post a Comment