Monday, January 24, 2011

គ្រូពេទ្យ​និង​អ្នកកាសែត​រួម​គ្នា​បង្កើត​វេបសាយ​សុខភាព​និង​វេជ្ជសាស្ត្រ​

ភ្នំពេញ​: គ្រួ​ពេទ្យ​និង​អ្នកកាសែត​បាន​សម្រេចចិត្ត​បង្កើត​វេបសាយ​ www.health.com.kh ក្នុង​បំណង​ផ្តល់​ព័ត៌មាន​អំពី​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​និង​អប់រំ​សុខភាព​​ដើម្បី​បម្រើ​ផល ប្រយោជន៍​សុខភាព និង​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន នាយក​គ្រប់គ្រង​វេបសាយ​សុខភាព​នេះបាន​និយាយថា​
​វេប​សាយនេះ​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវការ​
​ធនធាន​វេជ្ជសាស្ត្រ​និង សុខភាព ជា​ភាសា​ខ្មែរ​ដែល​ទាំង​គ្រូពេទ្យ​និង​សាធារណជន​អាច​​ទទួលបាន​តាមរយ​:​វេបសាយ ww.health.com.kh​។ 

​លោក​និយាយថា​បំណង​របស់​ក្រុម​គ្រូពេទ្យ និង​អ្នកសារព័ត៌មាន​ដែល​ចូលរួម​ចំណែក​នៅក្នុង​​ការបង្កើត​វេប​សាយនេះ​គឺ​ជំរុញ​ទស្សនវិជ្ជា​”​សុខភាព​សម្រាប់​ទាំងអស់គ្នា​” តាមរយ​:​ការផ្តល់​ព័ត៌មាន​សុខភាព ដែល​ត្រឹម ត្រូវ តាម លក្ខណ​:​បច្ចេកទេស​វេជ្ចសាស្ត្រ​ជូន​ដល់​ប្រជាជន​កម្ពុជា​។​

​ក្រុម​គ្រូពេទ្យ​ដែល​ចូលរួម​នៅ​ក្នុង​វេបសាយ​នេះ​សុទ្ឋតែ​បាន​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​បារាំង ប្រទេស​បែ​ល​ហ្សិ​ច ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​វៀតណាម​ជាដើម​។​

​គ្រូពេទ្យ​ដែល​ចូលរួម​នៅក្នុង​ការបង្កើត​វេប​សាយនេះ​រួមមាន​លោក​វេជ្ជបណ្ឌិត​ងួន សេ​រ័ត្ន ដែល​​ក៏​ជា​អ្នកនិពន្ឋ​របស់​កាសែ​ត​រស្មី​កម្ពុជា លោក​វេ​ជ្ជ​បណ្ឌិតស៊ិ​កធីរ​:​ដែល​ទទួល​ការបណ្តុះបណ្តាល​​ផ្នែក​វះកាត់​ពី​កូរ៉េខាងត្បូង លោក​វេជ្ជបណ្ឌិត​លឹម វណ្ណ​និត គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ​ដែល​​ទទួល​ការបណ្តុះបណ្តាល​នៅ​សាកលវិទ្យាល័យ Nantes University​ប្រទេស​បារាំង ​លោក​វេជ្ជបណ្ឌិត​ងូវ បូរ៉ា ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណ​:​នៅ​ប្រទេស​​បែ​ល​ហ្ស៊ិ​ច​និង​លោក​វេជ្ជបណ្ឌិត​ម៉ែន​បញ្ញា​រតន៍​ដែល​មាន​បទពិសោធន៍​ជាច្រើន​ទាក់ទង​នឹង​​ការព្យាបាល​ជំងឺ​អេដស៍ និង​ការព្យាបាល​សម្រន់​ការឈឺចាប់​ជាដើម​។​

​គ្រួ​ពេទ្យ​ទាំងអស់​នេះ​នឹង​ចូលរួម​ចំណែក​ត្រួតពិនិត្យ​និង​សរសេរ​អត្ថបទ​សុខភាព​និង​វេជ្ជសាស្ត្រ​​តាម​ជំនាញ​របស់​ពួកគេ​រៀងៗ​ខ្លួន​។ វេបសាយ​www.health.com.kh នឹង​មាន​ផ្តល់​ព័ត៌មាន​គ្រប់​​ប្រភេទ​ទាក់ទង​នឹង​ជំងឺ​ទូទៅ​ការអប់រំ​សុខភាព​ផ្លួវភេទ​ការអប់រំ​សុ​ខ​ភាព​ទូទៅ​សម្រាប់​បុរស ស្ត្រី យុវវ័យ​និង​កុមារ​។​

​ការថែរក្សា​សម្រស់​និង​របៀប​ជួយសង្គ្រោះ​មនុស្ស​នៅក្នុង​ពេល​អាសន្ន​ក៏​ជា​ប្រធានបទ​ដែល​នឹង​​ធ្វើការ​ផ្សព្វផ្សាយ​តាមរយ​:​វេបសាយ​នេះ​ផង​ដែរ​។​ក្រៅពី​នេះ​វេបសាយក៏​នឹង​មានផ្ត​ល់​ជូន​ផង​ដែរ​​អំពី​របកគំហើញ​ថ្មីៗ​ផ្នែក​សុខភាព​និង​វេជ្ជសាស្ត្រ​ដែល មាន​ប្រយោជន៍​ទាំង​សម្រាប់​គ្រូពេទ្យ ​និស្សិត​ពេទ្យ​និង​សាធារណជន​ទូទៅ​។​

​លោក​វេជ្ជបណ្ឌិត ងួន សេ​រ័ត្ន និយាយ​ថា​ការបង្កើត​វេបសាយ​នេះ​គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​សុខភាព និង​វេជ្ជសាស្ត្រ ដែល​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​សំខាន់​ជូន​ដល់​ប្រជាជន​។​ហេតុដូច្នេះ​ហើយ​​បានជា​វេបសាយ​នេះ​មាន​គ្រូពេទ្យ​ជំនាញ​ចូលរួម​ត្រួតពិនិត្យ​ខ្លឹមសារ​ទាំងអស់​។​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​គ្រូពេទ្យ​មួយ​ក្រុម​រួម​ជាមួយនឹង​អ្នកកាសែត​រួម​គ្នា​បង្កើត​វេបសាយ​សុខភាព​​ដ៏​មាន​សារសំខាន់។

​លោក​បាន​និយាយ​បន្ថែមទៀតថា​គោលបំណង​របស់​យើង​គឹ​ប្រមូល​គ្រូពេទ្យ​អោយ​បាន​ច្រើន​ដើម្បី​ចូលរួម​ផ្តល់​ព័ត៌មាន​សុខភាព​ត្រឹមត្រូវ​ជូន​ដល់​ប្រជាជន​កម្ពុជា​ដោយ​សង្ឃឹមថា​នៅពេលដែល​ពួកគេ​ទទួលបាន​ព័ត៌មាន​កាន់តែ​ច្រើន​ពួកគេ​នឹង​កាន់តែ​មាន​សុខភាព​ល្អ​និង​កាត់បន្ថយ​ការចំណាយ​មិន​ចាំបាច់​សម្រាប់​សុខភាព​។

​គ្រូពេទ្យ​ផ្សេងទៀត​នឹង​ត្រូវបាន​ស្វាគមន៍​អោយ​ចូល​រួមវិភាគទាន​នៅក្នុង​ការសរសេរ​អត្ថបទ​សុខភាព​សម្រាប់​រការ​ផ្សព្វផ្សាយ​តាមរយ​:​វេបសាយ​www.health.com.kh​៕

ដោយ : សម្បត្តិ

No comments:

Post a Comment