ភ្នំពេញ: ដើម្បីចង់ដឹងពីសមត្ថភាពរបស់សិស្សចៅក្រមជំនាន់ទី៥រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបើកសវនាការត្រាប់សាកល្បងមួយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងសវនាការ ត្រាប់នេះអ្នកសម្តែងតួត្រូវបង្ហាញចំណេះដឹង ចំណេះធ្វើ អាកប្បកិរិយានិងសីលធម៌ដល់សិស្ស ចៅក្រមព្រះរាជអាជ្ញានូវសមាសភាព៣ធំៗសំខាន់ក្នុងចក្ខុវិស័យលើកកម្ពស់នូវប្រព័ន្ធច្បាប់និងតុលាការនៅកម្ពុជា។
ការរៀបចំសវនាការត្រាប់របស់សិស្សចៅក្រមជំនាន់ទី៥នាពេលនេះគឺដើម្បីវាស់ស្ទង់សមត្ថ ភាពសិស្សក្នុងការអនុវត្តជាក់ស្តែង។ ក្នុងន័យនេះគ្រូបណ្តុះបណ្តាលផ្នែកព្រហ្មទណ្ឌក៏ដូចជា សាលាភូមិន្ទចៅក្រមមានឱកាសត្រួតពិនិត្យមើលថាតើការផ្ទេរនូវចំណេះដឹងមុខវិជ្ជាច្បាប់មានលទ្ធផលកម្រិតណាក្នុងនាមជាអ្នកប្រកប មុខងារជាអ្នកច្បាប់អាជីពទៅថ្ងៃអនាគត។
អង្គសវនាការត្រាប់នេះមានការចូលរួមពីលោក វ៉ាន់ ផាន់ នាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការនិងលោក កើត សេកាណូ អគ្គលេខា ធិការរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
លោក កើត សេកាណូ បានមានប្រសាសន៍ថា សំណុំឯកសារគម្រូនៃសវនាការត្រាប់ ផ្នែកព្រហ្មទណ្ឌត្រូវបានរៀបចំទុកជាស្រេចហើយមានការទទួលស្គាល់ជាលក្ខណៈ ស្តង់ដារដែលសិស្សចៅក្រមទាំងអស់ត្រូវតែសិក្សាឆ្លងកាត់ ការសម្តែងត្រឹមត្រូវនិងមានការបកស្រាយគ្រប់ មាត្រាច្បាប់ផ្សារភ្ជាប់ទៅនឹងរឿងក្តីព្រហ្មទណ្ឌយ៉ាងស្ទាត់ជំនាញនោះហើយជាអ្វីដែលយើងចង់បាន។
លោកបានបញ្ជាក់ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការគឹជាគ្រឹះស្ថានជាតិបណ្តុះបណ្តាលវិស័យច្បាប់ដ៏ ធំនៅកម្ពុជា ដូច្នេះសិស្សចៅក្រមគ្រប់ៗជំនាន់ដាច់ខាតត្រូវតែចេះច្បាប់ស្ទាត់ជំនាញបំផុតគិតពីការសិក្សាក្នុង សាលារហូតដល់ពេលចេញបំពេញការងារតាមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស។
អ្វីដែលគ្រឹះស្ថាននេះចង់បានគឺសិស្សចៅក្រមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ប្រកាន់ខ្ជាប់នូវចំណេះដឹង ចំណេះធ្វើ អាកប្បកិរិយានិងសីលធម៌ជាមន្ត្រីយុត្តិធម៌ដ៏ល្អនៅកម្ពុជា ប្រកាន់នូវ សច្ចៈធម៌ដើម្បីប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ៕
ដោយ : សេរី CEN
No comments:
Post a Comment