រាជធានីភ្នំពេញ ៖ ញតិ្តមួយត្រូវបានធ្វើឡើងដោយក្រុមបេក្ខជនតំណាងរាស្ត្រគណបក្សសមរង្ស៊ី ដែលមានចុះហត្ថលេខាចំនួន៨រូប បានផ្ញើទៅលោកសម រង្ស៊ី ដែលជាប្រធានគណបក្សរស់នៅនិរទេសឯក្រៅប្រទេសនោះ ដោយបានក្រើនរំលឹកពីការរង់ចាំការអនុវត្តដូរវេនពាក់កណ្តាលអាណត្តិក្នុងសភា ដែលតាមញត្តិនោះបានប្រាប់ឱ្យដឹងថា នឹងចូលមកដល់នៅថ្ងៃទី២៤ មីនា ខាងមុខ ។ ញត្តិដែលបានធ្វើឡើងកាលពីថ្ងៃទី២២ មករា ដែលកោះសន្តិភាពទទួលបានសរសេរថា កាលពីយប់ថ្ងៃទី ២១ មករា ពួកយើងខ្ញុំបានទទួលទូរស័ព្ទពីលោកប្រធានតាមខ្លឹមសារដែលបានលើកឡើងនោះ គឺចង់បំភ្លេចចោលនូវអ្វីៗផ្ទុយពីគោលការណ៍របស់គណបក្ស ដែលជាការសំរេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ចុះថ្ងៃទី១១ ឧសភា ឆ្នាំ ២០០៨ និងកិច្ចសន្យាដែលបានចុះហត្ថលេខាតាមខេត្តនីមួយៗ និងស្មារតីអង្គប្រជុំគណៈកម្មាធិការនាយកក្រោមអធិបតីភាពលោកសម រង្ស៊ី ឆ្នាំ២០០៨ ។
ញត្តិដដែលនេះទោះបីជាមិនទាន់មានការព្រមានណាមួយដែលឈានដល់ការអស់ជំនឿរវាងគ្នានិងគ្នាក្តី តែបានទាមទារឱ្យមានការផ្តល់យុត្តិធម៌សំរាប់ពួកគេ ដែលជាបេក្ខជនតំណាងរាស្ត្រ រង់ចាំកាន់តំណែងពាក់កណ្តាលអាណត្តិក្នុងសភានីតិកាលទី៤ ដោយបានសរសេរថា ដើម្បីផលប្រយោជន៍គណបក្សសមរង្សុីទាំងមូល សូមលោកប្រធានសម រង្ស៊ី មេត្តាគោរពឱ្យបាននូវបាវចនារបស់គណបក្ស គឺសីលធម៌ សច្ចធម៌ យុត្តិធម៌ ឱ្យបានខ្ជាប់ខ្ជួន ។ បេក្ខជនតំណាងរាស្ត្រដែលបានចុះហត្ថលេខារួមគ្នាលើញត្តិនេះមាន ១-លោកកែក ឃី ២-លោកឡាយ បូនី ៣-លោកដាំ សិទ្ធិ ៤-លោកពឹម សំណាង ៥-លោកនួន វុទ្ធី ៦-លោកអ៊ុច សេរីយុទ្ធ ៧-លោកវ៉ាន់ ណារិទ្ធ និង៨-លោកលី នារី ។
មានការកត់សំគាល់ថា បញ្ហាធ្វើតំណាងរាស្ត្រកន្លះអាណត្តិម្នាក់របស់មន្ត្រីគណបក្សសម រង្ស៊ី នេះ ត្រូវបានគេដឹងឮកាលពីឆ្នាំទៅកន្លងមកម្តងហើយ ។ គេមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យគណបក្សសមរង្ស៊ី គឺលោកយឹម សុវណ្ណ បានទេ កាលពីថ្ងៃទី២២ មករា ឆ្នាំ ២០១១ ។ ប៉ុន្តែលោកកែវ ភារម្យ នាយកខុទ្ទកាល័យគណបក្សសម រង្ស៊ី បានថ្លែងប្រាប់កោះសន្តិភាពថា ពិតជាមានការសន្យាបែបនេះមែន តែលោកមិនបានស៊ីជំរៅបញ្ហានេះទេ ហើយលោកមិនធ្វើអត្ថាធិប្បាយជុំវិញការតវ៉ា និងគោលការណ៍ត្រូវផ្លាស់ប្តូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិនេះទេ ។
លោកកែវ ភារម្យ បន្តថា អ្នកតំណាងរាស្ត្ររបស់គណបក្សសមរង្ស៊ី និងថ្នាក់ដឹកនាំទាំងអស់រួមទាំងលោកយឹម សុវណ្ណ កំពុងតែប្រជុំជាមួយលោកសម រង្ស៊ី នៅក្នុងប្រទេសហ៊្វីលីពីន ដើម្បីដោះស្រាយបញ្ហានេះ តែលទ្ធផលអាចនឹងដឹងនៅថ្ងៃទី២៣ មករា ឆ្នាំ២០១១ ។ ប៉ុន្តែយោងតាមលិខិតតវ៉ាបានបន្តថា ដើម្បីផលប្រយោជន៍គណបក្សសមរង្ស៊ីទាំងមូល ដើម្បីផលប្រយោជន៍ជាតិ ដើម្បីយុត្តិធម៌ដល់ពួកយើងខ្ញុំ សូមឱ្យលោកប្រធានមេត្តាគោរពឱ្យបាននូវបាវចនារបស់គណបក្សសមរង្ស៊ី គឺសីលធម៌ សច្ចធម៌ យុត្តិធម៌ ។ លោកកែក ឃី បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា តាមពិតលិខិតនេះមិនជាការតវ៉ាអ្វីទេ តែជាការរំលឹកដល់លោកសម រង្ស៊ី កុំឱ្យភ្លេចអំពីបញ្ហានេះ ព្រោះមានកិច្ចសន្យាផ្ទៃក្នុងរបស់គណបក្សជុំវិញការតែងតាំងតំណាងរាស្ត្រពាក់កណ្តាលអាណត្តិនេះ ។ លោកបន្តថា យើងចង់ឱ្យលោកប្រធានលើកករណីនេះមកនិយាយពេលប្រជុំនេះ ។
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment