Monday, January 24, 2011

អត្ថាធិប្បាយៈគណបក្សប្រឆាំង​ជួបនឹង​ព្យុះ​ព្យោមា​ថ្មី​

ភ្នំពេញ​: ​បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី​មក បញ្ហា​ផ្ទៃក្នុង​គណបក្ស​សមរង្ស៊ី​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​ខ​ណៈ​ពេលដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ឃ្លាតឆ្ងាយ​ពី​ប្រធាន​របស់​ខ្លួន​គឺ​លោក​សម​រង្ស៊ី​ដែល​រហូត​មកដល់ពេលនេះ​មិន​អាច​ចូល​ស្រុក​បាន​។​

​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ស​ម​រង្ស៊ី​នៅ​ពេល​នេះ​បាន​កើតឡើង​ដោយសារតែ​កំហុស​ឆ្គង​នៃ​យុទ្ធសាស្ត្រ​នយោបាយ​របស់​ខ្លួន​។ វា​ជា​រឿង​ចម្លែក​ណាស់​ដែល​បក្សប្រឆាំង​បាន​ប្រើ​វិធី​បែងចែក​អាណត្តិ​របស់​តំណាងរាស្ត្រ​ជា​ពីរ​ផ្នែក​ដោយ​តម្រូវឱ្យ​តំណាងរាស្ត្រ​ម្នាក់​អាច​បំពេញ​តួនាទី​ជា​សមាជិក​សភា​បាន​តែ​ពីរ​ឆ្នាំ​កន្លះ​ក្នុង​មួយ​អាណត្តិ​ដែល​មាន​រយៈពេល​៥​ឆ្នាំ​។​

​នេះ​ជា​ជម្រើស​មិនល្អ​ទាល់តែសោះ​ ប៉ុន្តែ​គេ​ប្រាកដជា​អាច​យល់​បាន​អំពី​ជម្រើដ​ទ្វេ​គ្រោះ​របស់​គណបក្សប្រឆាំង​ពោល​គឺ​ជម្រើស​រវាង​ការបែកបាក់​តាំងពី​ដើមទី​និង​ការដោះស្រាយ​មួយគ្រា​ដោយ​រុញ​បញ្ហា​ឱ្យទៅ​ពាក់កណ្តាល​អាណត្តិ​ក្រែងលោ​មាន​ពេលវេលា​ដើម្បី​រក​ច្រកចេញ​។ ប៉ុន្តែ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ​ច្រក​នៅតែ​ទ័ល​​
ដដែល​។​

​បញ្ហា​គឺ​បណ្តាលមកពីបេក្ខជន​តំណាងរាស្ត្រ​ម្នាក់ៗ​បាន​ចំណាយ​ពេលវេលា​កម្លាំង​កាយ​ចិត្ត ជាពិសេស​គឺ​ថវិកា​យ៉ាង​សន្ធឹកសន្ធាប់​ជា​ថ្នូរ​នឹង​ការ​សន្យាថា​នឹង​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​។ ប៉ុន្តែ ទីបំផុត ​ក្តីសង្ឃឹម​របស់​បក្ស​ប្រឆាំង​នៅក្នុង​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០០៨​បាន​ក្លាយជា​ការខកចិត្ត​យ៉ាង​ធំ​នៅពេល​ដែល​គណបក្ស​សម​រង្ស៊ី​បាន​ទទួល​តែ​ពីរ​កៅអី​គត់​លើស​ពី​អាណត្តិ​មុន​។ 

​ប្រឈមមុខ​នឹង​បញ្ហា​នេះ លោក​សម​រង្ស៊ី​បាន​ប្រើ​វិធី​លួងលោម​ចិត្ត​បេក្ខជន​ដែល​មិន​បាន​ទទួល​អាសនៈ​តាម​រយៈ​ការ​សន្យាថា​នឹង​ផ្តល់​តួនាទី​ឱ្យ​ពួកគេ​នៅ​ពាក់កណ្តាល​អាណត្តិ​។ ឥឡូវនេះ ពេលវេលា​បាន​មក​ដល់​ហើយ​។ តែ​ការសន្យា​នេះ​ទំនងជា​មិន​អាច​ទៅ​រួច​ឡើយ​ដោយសារ​តែ​តំណាងរាស្ត្រ​ក្នុង​តំណែង​មិន​ព្រម​ចេញ​ពី​ព្រោះ​ទំនង​ជា​ពួកគេ​មិនទាន់​ស្រង់ដើម​រួច​នៅឡើយ​។ 

ប៉ុន្តែ តំណាងរាស្ត្រ​ត្រៀម​បម្រុង​​កំពុង​ត្រៀម​លក្ខណៈ​ដើម្បី​ចូល​កាន់តំណែង​ពីរ​ឆ្នាំកន្លះ​របស់​ខ្លួន​តាម​កា​រ​សន្យា​។ ដូច្នេះ ពួកគេ​នឹង​ត្រូវ​ជល់​គ្នា​ជាមិនខាន​។​ ​ក្នុងស្ថានភាព​ ​ដែល​គណបក្ស​ជួប​នឹង​បញ្ហា​ដ៏​ស្មុគស្មាញ លោក​សម​រង្ស៊ី​ដែល​ជា​មេដឹកនាំ​មិនអាច​ចូល​ស្រុក​បាន ហើយ​ការប្រជុំ​ទាំងឡាយ​ត្រូវធ្វើ​នៅ​ឯ​ក្រៅប្រទេស​។ នេះ​ជា​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​អនាគត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។​

​កាលពី​សប្តាហ៍​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ជា​សាធារណៈ​ថា​លោក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បក្សប្រឆាំង​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ តែ​ថា​នឹង​ធ្វើឱ្យ​គណបក្ស​នេះ​ងាប់​ទៀត​ផង​។ តើ​ព្យុះ​ព្យោមា​ដែល​កំពុង​បោកបក់​មក​លើ​គណបក្ស​សម​រង្ស៊ី​នៅ​ពេល​នេះ​គ្រាន់​តែ​ជា​ព្យុះ​ក្នុង​កែវ​ឬ​អាច​ជា​ព្យុះធំ​ដែល​វាយ​បំបែក​បក្សប្រឆាំង​ឱ្យ​បែកបាក់​ជាថ្មី​។ យើង​រង់ចាំ​មើល​សមត្ថ​ភាព​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​៕

ដោយ : បញ្ញវន្តCEN

No comments:

Post a Comment