ភ្នំពេញ: អង្គជំនុំជម្រះសាលាដំបូង របស់តុលាការខ្មែរក្រហម នឹងបើកសវនាការជាសាធារណៈដោយផ្ទាល់មាត់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ លើពាក្យស្នើសុំបន្ទាន់ឲ្យដោះលែងលោក នួន ជា និង លោក ខៀវ សំផន ឲ្យនៅក្រៅឃុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤មករា ឆ្នាំ២០១១ បានបង្ហាញថា សវនាការពាក់ព័ន្ធនឹងពាក្យស្នើសុំបន្ទាន់ឲ្យដោះលែងលោក នួន ជា នៅក្រៅឃុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣១មករា ឆ្នាំ២០១១ វេលាម៉ោង ៩ និង ៣០ នាទី។ ចំណែកនៅម៉ោង ១ និង ៣០ នាទី រសៀល ថ្ងៃដដែល ជាសវនាការពាក់ព័ន្ធនឹងពាក្យស្នើសុំរបស់លោក ខៀវ សំផន ដើម្បីនៅក្រៅឃុំ។
ពាក្យស្នើសុំឲ្យដោះលែងអតីតមេខ្មែរក្រហម លោក នួនជា អតីតប្រធានរដ្ឋសភា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម ដោយសារតែក្រុមមេធាវីការពារជនជាប់ចោទ យល់ថា ការបន្តឃុំខ្លួនអតីតមេខ្មែរក្រហមខ្ពស់បំផុតទាំងពីររូប ហួសរយៈពេលកំណត់។
ការកំណត់ ក្នុងការឃុំខ្លួនអតីតមេខ្មែរក្រហម ដើម្បរង់ចាំការកាត់ទោស គឺតុលាការ មានសិទ្ធិដាក់ឃុំ តែពេល ៣ ឆ្នាំប៉ុណ្ណោះ ក្រោយការចាប់ឃុំខ្លួន។ លោក ខៀវសំផន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០០៧។ រីឯលោក នួន ជា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩កញ្ញា ឆ្នាំ២០០៧។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានលើកឡើងថា សវនាការសាធារណ ដោយផ្ទាល់មាត់លើអតីតមេខ្មែរក្រហមទាំងពីរ នៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ធ្វើឡើងក្រោយពីអង្គបុរេជំនុំជម្រះ ក្នុងតុលាការខ្មែរក្រហម បានចេញដីកា បញ្ជូនសំណុំរឿង ០០២ ទៅជំនុំជម្រះ។ កាលពីថ្ងៃទី១៣មករា ឆ្នាំ២០១១ អង្គបុរេជំនុំជម្រះ ក៏បានចេញដីកាបង្គាប់ឲ្យបន្តដាក់ជនជាប់ចោទទាំង ៤ រូប រួមមាន៖ នួនជា អៀងសារី អៀងធីរិទ្ធ និងខៀវសំផន ក្នុងសំណុំរឿង០០២ ក្នុងមន្ទីរឃុំឃាំងបណ្តោះអាសន្ន រហូតដល់ពេលមានការនាំខ្លួនពួកគាត់ ទៅជំនុំជម្រះនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង។
អតីតមេខ្មែរក្រហមជាន់ខ្ពស់ ២ រូបទៀត ក្នុងសំណុំរឿង ០០២ រួមមាន៖ លោក អៀង សារី និងលោកស្រី អៀង ធីរិទ្ធ ក៏បានដាក់ពាក្យស្នើសុំឲ្យដោះលែងផងដែរ។ តែសវនាការ អាចធ្វើនៅពេលក្រោយ។
លោក ឌឹម សុវណ្ណារុំ បានបន្ថែមថា ជនជាប់ចោទទាំង ៤ រូប ដែលត្រូវបានឃុំខ្លួនបន្ត ក្នុងសំណុំរឿង០០២ អាចនឹងត្រូវនាំខ្លួន ទៅជំនុំជម្រះលើអង្គសេចក្តី ក្នុងអំពើសម្លាប់មនុស្ស នាសម័យខ្មែរក្រហម ក្នុងចន្លោះរយៈពេល ៦ ខែ នៅដើមឆ្នាំ២០១១នេះ៕
ដោយ : លីហូវ
No comments:
Post a Comment