Monday, January 24, 2011

សម្រង់ព័ត៌មានក្នុងវេទិកាបញ្ញាជនរបស់ទូរទស្សន៍ CTN រវាង លោក បណ្ឌិត ឈឹម ផលវរុណ ជាមួយ លោក ជុំ កុសល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១



លោក ជុំ កុសល
សំណួរ៖ លោក​ ប្រែដ អាដាម ដែលជានាយកអង្គការ Human Right Watch ទទួល​បន្ទុក​​កិច្ច​ការ​​សិទ្ធិមនុស្សនៅអាស៊ីប៉ាស៊ីហ្វិក បានលើកចំៗសំដៅមកលើប្រមុខ​នៃរាជរដ្ឋា​ភិបាល​​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាការដឹកនាំប្រទេស​យូរទៅ​ធ្វើឲ្យ​មាន​អំណាច​ផ្តាច់ការ​ មិនគោរពសិទ្ធមនុស្ស ហើយ សុំឲ្យចុះចេញពីតំណែង និងរៀបចំ​បោះ​ឆ្នោត​​ជាថ្មី​ឡើង​វិញ ឲ្យមានលក្ខណៈសេរីយុត្តិធម៌ និងការដឹកនាំយូរទៅ​ធ្វើឲ្យគណបក្សប្រឆាំង​កាន់​តែ​ចុះ​ខ្សោយ​ជាដើម។ស្របពេលនេះដែរជាមួយនឹងព្រឹត្តិការណ៍នៅប្រទេស ទុយនេស៊ី ក៏​មាន​អ្នក​វិភាគនយោបាយនៅក្រៅប្រទេសមួយចំនួននោះ​បានលើកយកបញ្ហានេះមកផ្សព្វ​ផ្សាយ​ថា​ឲ្យកម្ពុជាមើលគំរូនៅប្រទេស ទុយនេស៊ី ដែលទិដ្ឋភាពនេះគឺមានការផ្ទុយគ្នាស្រឡះ​ពីកម្ពុជា។​ទាក់ទង​នឹង​បញ្ហានេះតើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បាទ សូមអរគុណ រឿងបុគ្គលដែលជាជនបរទេសទោះបីជាខ្លួនពាក់ផ្លាកជាអង្គការសិទិ្ធ​មនុស្ស​អ្វីក៏ដោយ អ្នកទាំងនោះមិនមែនជាអ្នករែកពន់ នូវការទទួលខុសត្រូវ និងសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋខ្មែរនោះទេ ហើយប្រជាពលរដ្ឋខ្មែរបានចាត់ទុកនូវទស្សនៈរបស់លោក ប្រែដ អាដាម នេះគឺជាទស្សនៈគ្មានសុភវិនិច្ឆ័យ និងគ្មានឧត្តមគតិសម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ គឺគ្រាន់តែជាទស្សនៈនៃការស្អប់រាជរដ្ឋាភិបាល ស្អប់ប្រជាជនខ្មែរ និងកាន់ជើងចំពោះគណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ។លោកប្រែដ អាដាម និងសហសេវិករបស់គាត់គឺមិនដែលឲ្យតម្លៃដល់កម្ពុជា​តាំងពីដើមមកម្លេះ។គាត់មិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ គាត់គ្រាន់​តែ​បាន​ចូលរួមអូសទាញពួកវង្វេងមួយចំនួន ឲ្យប្រឆាំងនឹងភាពរីកចម្រើនរបស់រដ្ឋាភិបាលទៅវិញ។ អ្នកដែលចូលរួមជាមួយនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋគឺមានតែគណបក្សប្រជាជនកម្ពុជាទេ គឺ​យើង​បានជួយប្រជាជនតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក​។
-ហេតុអ្វីបានជាលោក ប្រែដ អាដាម  និងក្រុមគណបក្សប្រឆាំងមិនទទួលស្គាល់​នូវ​សុភវិនិច្ឆ័យ​នៃភាពរីកចម្រើននៅកម្ពុជា ពីព្រោះគាត់មិនមែនជាអ្នកសិទ្ធិមនុស្សទេ នេះគឺខ្ញុំហ៊ាន​អះអាង។កន្លងមកការវិនិច្ឆ័យនូវសិទ្ធិមនុស្សរបស់គាត់តាមបែបទស្សនវិជ្ជាគឺមិនមាននិយាយអំពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមនោះទេ។បើសិនជាអ្នកណាក៏ដោយដែលគិតថាខ្លួនជាអ្នកសិទ្ធិមនុស្សគឺខ្លួនត្រូវហ៊ានទទួលស្គាល់ និងហ៊ានឲ្យតម្លៃនូវការរស់ឡើងវិញ​នៃ​ប្រជាជាតិខ្មែរ។
-ឥឡូវនេះដោយសារតែគាត់ចង់ឲ្យគណបក្សប្រឆាំងដ៏គ្មានសមត្ថភាពនោះ​មកដឹកនាំ​ប្រ​ទេសឲ្យរលត់រលាយ នៅពេលដែលប្រជាពលរដ្ឋខ្មែរមិនគាំទ្រគណបក្សប្រឆាំងផង ហើយ​ប្រជា​ជន​កាន់តែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនទៅៗនោះ បានធ្វើឲ្យពួក​គេ​ក្តៅ​ក្រហាយណាស់។ដូច្នេះគណបក្សប្រឆាំង ក្រុមអង្គការប្រឆាំង និងជនបរទេសឯកជន​ដែល​ប្រឆាំង​នោះ គេមិនសប្បាយចិត្តនឹងការដឹកនាំរបស់រាជរដ្ឋភិបាល គេមិនសប្បាយចិត្តនឹង​ប្រជា​ពល​រដ្ឋដែលមិនព្រមបោះឆ្នោត​ផ្លាស់ប្តូរឲ្យពួកក្រុមនិន្នាការប្រឆាំងរបស់គេ​បាន​ដឹក​​នាំប្រទេស។​ពួកគេបានចោទប្រកាន់ថាការបោះឆ្នោតសុទ្ធតែអយុត្តិធម៌ មិនត្រឹមត្រូវ។​ប្រសិនពួកគេ​យល់​ថា​ខ្មែរ​ធ្វើការស្ទង់មតិពួកគេមិនឲ្យតម្លៃ ឥឡូវអង្គការបរទេសសហរដ្ឋអាមេរិក គឺអង្គការ IRI គេ​ធ្វើ​ការ​ស្ទង់មតិ ក៏អង្គការនេះស្ទង់ឃើញថាគណបក្សប្រជាជនមិនដែលចាញ់ម្តងណានោះទេ ហើយ​ក៏មិនដែលស្ទង់ឃើញថារាជរដ្ឋាភិបាលដើរលើផ្លូវខុសនោះទេ។លទ្ធផលសុទ្ធតែគាំទ្ររាជរដ្ឋាភិបាល ទទួលស្គាល់ការដឹកនាំប្រទេសតាមរយៈរាជរដ្ឋាភិបាលបានដើរលើ​ផ្លូវត្រូវដែលមានការគាំ​ទ្រ​ជាង​​៧០% គឺរហូតដល់៧៦% គឺដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ហើយការស្ទង់​នេះ​​​ក៏​វា​​មិនខុសប៉ុន្មាន​ទៅនឹងលទ្ធផលនៃការបោះឆ្នោតនោះទេ។វិទ្យាស្ថានពលរដ្ឋវិជ្ជាក៏បាន​ធ្វើ​ការ​ស្ទង់​មតិនេះដូចគ្នា ហើយលទ្ធផលក៏មិនខុសគ្នាដែរ។ក្រោយពីការស្ទង់មតិនេះអង្គការ IRI បាន​​ឲ្យ​តម្លៃ​ចំពោះមុខរាជរដ្ឋាភិបាលថាមានការគាំទ្ររហូតដល់៧៦%  ក្នុងការដឹកនាំប្រទេស និង​ការ​អភិវឌ្ឍ​ប្រទេស មានន័យថារាជរដ្ឋភិបាលកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដូច្នេះយើងត្រូវទទួល​ស្គាល់​​ទាំង​​អស់​គ្នា។តួលេខនេះ​ប្រសិនបើមានការបោះឆ្នោតនាពេលនេះគឺ​គណបក្សប្រជាជន​កម្ពុជា នឹង​​ទទួល​បាន៩៦អសនៈ ។ រីឯការស្ទង់មតិរបស់វិទ្យាស្ថានពលរដ្ឋវិជ្ជា​នាពេលថ្មីៗ​នេះ​ដែរ​គឺ​គណ​បក្ស​​​ប្រជាជន​កម្ពុជា​អាច​ទទួលបានដល់៩៩អសនៈឯណោះបើសិនជាមានការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១០កន្លងទៅ។
លោក ជុំ កុសល
សំណួរ៖ នៅក្នុងពិភពលោកយើងបច្ចុប្បន្ននេះ នៅក្នុងសង្គមប្រជាធិបតេយ្យ​តាម​បែប​សភា​និយម​ពុំទាន់មានប្រទេសណាមួយគេកំណត់អាជ្ញាយុកាលអំណាចឬអាណត្តិ​របស់​នាយក​រដ្ឋមន្ត្រីទេ គឺមួយជីវិតឲ្យតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ មាន័យថា បើប្រជាពលរដ្ឋបោះឆ្នោត​គាំ​ទ្រ​គណបក្សប្រជាជនកម្ពុជា គឺបានន័យថាបោះឆ្នោតគាំទ្រសម្តេច ហ៊ុន សែន ធ្វើជា​នាយក​រដ្ឋ​មន្ត្រី​បន្តហើយ ។ប៉ុន្តែនៅពេលដែលជនបរទេសម្នាក់គឺលោក ប្រែដ អាដាម បានទាមទារ​ឲ្យ​សម្តេច ហ៊ុន សែន ចុះចេញពីអំណាច និងធ្វើការបោះឆ្នោតឡើងវិញ​បែបនេះ​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុកថា គាត់គឺជាមនុស្សសរសៃប្រសាទ ហើយក៏មានគណបក្សប្រឆាំងមួយចំនួនខំបន្ទរនូ​វ​បញ្ហា​នេះផងដែរ ។ដូច្នេះបើតាមនីតិវិធីនៃលទ្ធិប្រជាធិបតេយ្យ​តាមបែប​សភា​និយម តើអំណាច​នាយករដ្ឋ​មន្ត្រីត្រូវមានការកំណត់ដូចអ្វីដែល​គេស្រែក​ឡើង​ឬ​ទេ​?​ ហើយ​តើ​វា​សម​ស្រប​ទៅនឹង​គោល​ការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬទេ? ​សូមលោកបណ្ឌិត​ជួយ​​ធ្វើ​អត្ថា​​ធិ​ប្បាយ​​ បាទ​។
លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ បាទ សូមអរគុណ ត្រង់ចំណុចនេះហើយដែលបងប្អូនប្រជាពលរដ្ឋត្រូវយល់ អំពីប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសពីរបែបខុសគ្នា គឺមួយតាមបែបប្រជាធិបតេយ្យប្រធានាធិបតី​និយម និងមួយទៀតតាមបែបប្រជាធិបតេយ្យសភានិយម ។ ជាគោលការណ៍​តាមទ្រឹស្តី​នីតិរដ្ឋ​ធម្មនុញ្ញ ក៏ដូចជាទ្រឹស្តីវិទ្យាសាស្ត្រ​នយោ​បាយ ហេតុផលចាំបាច់​ក្នុងការ​កំណត់​នូវ​អាណត្តិ​នយោបាយ និងអាណត្តិបុគ្គលសម្រាប់ឈរឈ្មោះ តំណែងជានាយករដ្ដមន្ត្រី ឬជាប្រធានាធិបតី​នេះ​ គឺគេមានហេតុផលជាក់លាក់របស់គេ។ យើងឃើញថានៅក្នុងរបបប្រជាធិបតេយ្យ​ប្រធានា​ធិ​ប​តី​និយម ​ប្រជាពលរដ្ឋបោះឆ្នោតឲ្យបុគ្គល តែបុគ្គលនោះមានអំណាចទាំងអស់ គឺទាំង​អំណាច​ប្រមុខ​រដ្ឋាភិបាល ប្រមុខយោធា ប្រមុខការទូត រួមនិងអំណាចវិនិច្ឆ័យក្តី តែងតាំងចៅក្រម  ក៏​ប្រធា​នាធិបតីកាន់ទាំងអស់។ដូច្នេះអំណាចទាំងអស់ប្រមូលផ្តុំនៅក្នុងបុគ្គលម្នាក់ជាប់ឆ្នោតដោយប្រជាពលរដ្ឋ ក្នុងតួនាទីជាប្រធានាធិបតី។ហើយគេមានអំណាចសភា​មួយទៀតដែល​តាមដាន​អំណាច​របស់ប្រធានាធិបតី ខាងផ្នែកថវិកា។ដូច្នេះ​ហើយទើប​គេមាន​តុល្យភាព​អំណាចរបស់​ប្រធានា​ធិ​ប​តី​ ដោយមិនអនុញ្ញាត្តិឲ្យឈរឈ្មោះពីរអាណត្តិនោះទេ។
សម្រាប់អំណាចតាមបែបសភានិយមវិញគឺខុសអំពីប្រធានាធិបតេយ្យនិយម ដោយគេ​កំណត់តាមរដ្ឋធម្មនុញ្ញក្នុងការឈរឈ្មោះគ្មានកាលកំណត់ជានាយករដ្ឋមន្ត្រី។ដោយសារនាយករដ្ឋមន្រ្តី ទទួល​ខុសត្រូវ​ចំពោះមុខរាជរដ្ឋាភិបាល និងទទួលខុសត្រូវចំពោះមុខរដ្ឋសភា រីឯប្រធា​នា​ធិ​បតី ដូចលោក អូបាម៉ា គឺមិនទទួលស្គាល់ចំពោះមុខរដ្ឋសភាអាមេរិកទេ សូមអ្នកនយោបាយ​រឡេះរឡោះ​មួយ​ចំនួន និងប្រជាពលរដ្ឋកុំយល់ច្រឡំ។លោកស្រី ហ៊ីលឡារី គ្លីន តុន ក៏មិន​ទទួល​ខុស​​ត្រូវ​ចំពោះ​មុខ​រដ្ឋសភាដែរ ហើយគណៈរដ្ឋមន្ត្រីអាមេរិកក៏មិនទទួលខុសត្រូវចំពោះមុខ​រដ្ឋសភា​ដែរ។​​គ្មាន​សមាជិក​រដ្ឋសភាណាហ៊ានកោះហៅសមាជិករដ្ឋាភិបាលមកសួរនោះទេ។​ដែល​ខុស​ពី​ប្រព័ន្ធ​សភានិយម នាយករដ្ឋ​មន្ត្រី រដ្ឋាភិបាល រដ្ឋមន្ត្រី ទាំងអស់គឺទទួលខុសត្រូវ​ចំពោះ​រដ្ឋសភា នៅ​ក្នុងក្របខ័ណ្ឌ​សមត្ថ​កិច្ច​របស់ក្រសួង ដែលជាអំណាចនីតិប្រតិបត្តិ ដែល​ទទួល​​ខុសត្រូវ​ចំពោះ​​អំណាច​នីតិ​ប្ប​ញ្ញ​ត្តិ​។​ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី និងសមាជិក​គណៈរដ្ឋមន្ត្រី​សុទ្ធ​តែ​ត្រូវ​បាន​ឆ្លងកាត់​ការបោះ​ឆ្នោត​​ទុក​ចិត្ត​ពីសមាជិកសភា។នេះហើយ​ជាយន្តការ​បែប​សភា​និយម។ដរាបណាក្រុមមតិភាគច្រើនធ្វើការការពាររដ្ឋាភិបាលនៅក្នុងរដ្ឋសភា ដរាបនោះនាយក​រដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីនៅដំណើរការបាន។នៅពេលណា នាយករដ្ឋមន្ត្រី និង​សមាជិក​គណៈរដ្ឋមន្ត្រីបាត់បង់នូវការគាំទ្រនៅក្នុងរដ្ឋសភា ដរាបនោះគណរដ្ឋមន្ត្រី​បាត់បង់​នូវ​ដំណើរ​ការ និងមានការធ្វើញ្ញត្តិតវ៉ា នោះទើបអាច​ដកនាយករដ្ឋមន្ត្រីបាន។​ម្យ៉ាងទៀតតួនាទី​របស់​គណបក្ស​ប្រឆាំង​នៅប្រទេសនានា គេមិនធ្វើដូចគណបក្សប្រឆាំងនៅកម្ពុជាទេ គឺគេធ្វើយ៉ាង​ណា​បង្ហាញ​នូវសកម្មភាពនយោបាយរបស់ខ្លួន យកមកតស៊ូមតិនៅក្នុងវេទិកាសភា ហើយនិងពិនិត្យ​មើលសកម្មភាពរបស់រដ្ឋាភិបាល ថាតើបានយកគោលនយោបាយដែលខ្លួនបានឃោសនានៅ​ពេលបោះឆ្នោតមកអនុវត្តឬទេ ហើយមានប្រសិទ្ធភាពឬទេ ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ និង​ប្រជា​ពលរដ្ឋអាចបែងចែកថាតើគោលនយោបាយរបស់គណបក្សប្រឆាំងវាល្អជាង គណបក្ស​ដឹក​នាំ​ប្រទេស ឬគណបក្សដឹកនាំប្រទេសល្អជាង។ដូច្នេះវាជាការប្រកួតប្រជែងផ្នែកគោល​នយោ​បាយ​។​ វាមិនដែលអ្នកចាញ់ទៅប្រាប់អ្នកឈ្នះនោះទេ។ បើគិតមកទល់ពេលនេះ គណបក្ស​ប្រឆាំង​​មួយ​ចំនួនមានអាយុ ១៧ឬ១៨ឆ្នាំហើយ ប៉ុន្តែគណបក្សប្រឆាំង និងអង្គការ​ដែល​ប្រឆាំង​នៅ​កម្ពុជាទាំងនោះនៅតែអសមត្ថភាព​ ​នៅ​តែ​ល្ងង់​ខ្លៅដដែល។ដូច្នេះត្រូវតែហ៊ាន​ទទួល​ស្គាល់ថា​ខ្លួនអត់ចេះទៅនោះទើបប្រសើរ។
លោក ជុំ កុសល
សំណួរ៖ បើតាមសម្តីរបស់លោក ប្រែដ អាដាម បាននិយាយថា ការដឹកនាំរបស់​សម្តេច​តេជោ​ ហ៊ុន សែន យូរទៅធ្វើឲ្យគណបក្សប្រឆាំងកាន់តែចុះខ្សោយ។​ដើម្បីឲ្យ​គណបក្ស​ប្រឆាំង​អាច​ឈ្នះបានតើគួរធ្វើយ៉ាងដូចម្តេច?
លោក បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖
-បើចង់ឈ្នះទីមួយ អ្នកត្រូវទទួលស្គាល់នូវស្នាដៃនៃឥស្សរៈភាពរបស់ថ្នាក់ដឹកនាំរបស់​គណ​​បក្សប្រជាជនកម្ពុជាសិន ថាតើគណបក្សប្រជាជនកម្ពុជា​បានធ្វើ​អ្វី​ខ្លះ​សម្រាប់​ប្រជា​ជាតិ​ខ្មែរ​។​បើអ្នកមិនទទួលស្គាល់ទេ ១០០ជីវិតទៀតក៏មិនអាចឈ្នះបានដែរ។​ពួកលោកត្រូវដឹងថា​សម្លេង​​ឆ្នោត​ដែលទទួលបាន គឺជាសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋ គឺម្ចាស់ឆ្នោត​គេ​ទទួល​ស្គាល់​ស្នា​ដៃ​របស់​គណបក្សប្រជាជន ជាពិសេស​គឺស្នាដៃ​ដឹកនាំ​របស់​ប្រមុខរាជរដ្ឋាភិបាល។​តើស្នាដៃ​នោះ​ជា​អ្វី​ គឺស្នាដៃនៃថ្ងៃ៧មករា។បើអ្នកឯងមិនទទួលស្គាល់នូវស្នាដៃនៃការរស់ឡើងវិញ ពីរបបខ្មែរ​ក្រហម​​ គឺអ្នកឯងមិនបាច់ធ្វើនយោបាយទៀតទេ។​សូម្បីតែសមាជិករបស់គណបក្ស​លោក សមរង្ស៊ី​ និង​សមាជិករបស់គណបក្សលោក កឹម សុខា ក៏ពួកគេទទួលស្គាល់​ថ្ងៃ៧​មករា​ដែរ​។​
-មួយទៀត បើមិនទទួលស្គាល់សមិទ្ធផល តាំងពីថ្ងៃ៧មករារហូតមកដល់ឆ្នាំ១៩៩៣ទេ ក៏គ្មានជោគវាសនា សម្លឹងមើលកៅអីនាយករដ្ឋមន្ត្រីដែរ។
-ទីបីបើអ្នកឯងមិនទទួលស្គាល់នូវសមិទ្ធផលដែលកើតមានពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨
និងរហូត ដល់បច្ចុប្បន្នទេ ជាពិសេសគឺសមិទ្ធផលសន្តិភាព​នៅឆ្នាំ១៩៩៨​ដែលជាស្នាដៃ​របស់​សម្តេច​ ហ៊ុន សែនក្នុងនយោបាយឈ្នះឈ្នះទេ ទោះបីជាខំ១០០ជាតិទៀតក៏មិនឈ្នះដែរ។
ដូច្នេះត្រូវហ៊ានសារភាពចុះចាញ់ថាខ្លួនមិនអាចធ្វើបានដូចប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលជាស្ថាប័នជាតិសព្វថ្ងៃទេ។ហ៊ានសារភាពថាដរាបណា សម្តេច ហ៊ុន សែន នៅតែឈរ​ឈ្មោះ​តំណែងជានាយករដ្ឋមន្ត្រីគឺខ្លួនមិនអាចឈ្នះបានទេ ក្រែងលោពេលនោះប្រជាពល​រដ្ឋ​អាច​មាន​ការអាណិត ប្រសើរជាងការជេរ ប្រមាថឲ្យចុះចេញពីតំណែង។
ប្រសិនបើគណបក្សប្រឆាំង មិនទទួលស្គាល់នូវសមិទ្ធផលនានា ដែល​រាជរដ្ឋា​ភិ​បាល​បានធ្វើតាំងពីដើមរហូតមកដល់ពេលនេះទេ គឺប្រជាពលរដ្ឋ​ក៏មិនគាំទ្រ​បោះ​ឆ្នោត​ឲ្យ​ដែរ។​ដូច្នេះ​ គឺត្រូវហ៊ានសារភាបចុះចាញ់ ហ៊ានទទួលស្គាល់សមិទ្ធផលនានា និងត្រូវដូរបេក្ខជនថ្មី ។ សម្រាប់​គណបក្សសិទ្ធិមនុស្សត្រូវដូរលោក កឹម សុខា ចេញ ឯ គណបក្សសម រង្ស៊ី ត្រូវដូរ លោក សម រង្ស៊ី​ ចេញ ក្រែងលោអាចយល់សប្តិបានឈ្នះខ្លះ។
សរុបមកការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីក្នុងរបបសភានិយម គឺជាសិទ្ធិផ្តាច់មុខ​របស់​គណបក្សនយោបាយ ហើយគណបក្សប្រជាជនកម្ពុជាបានបង្ហាញព្រមគ្នា តាំងកម្មវិធី​នយោបាយ និងបេក្ខភាពនាយករដ្ឋមន្ត្រី គឺសម្តេច ហ៊ុន សែន ដូច្នេះបើប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានន័យថាប្រជាពលរដ្ឋ គាំទ្រគោល​នយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា និងទីពីរគឺប្រជាពលរដ្ឋគាំទ្រនូវស្នាដៃដឹកនាំ និងសមិទ្ធផលនានា​របស់​សម្តេច ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាបន្តទៀត។ការបោះឆ្នោត នៅឆ្នាំ២០១៣ ខ្ញុំ​ហ៊ាន​អះ​អាង គឺជាការបោះឆ្នោត​បន្ត​អភិវឌ្ឍប្រទេសក្រោមការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា។​ម្យ៉ាង​ទៀត​ការធ្វើនយោបាយ គឺត្រូវចេះសិក្សាពីចិត្តសាស្ត្ររបស់ប្រជារាស្ត្រ បើយើងមិនដឹង​ថា​ប្រជារាស្ត្រ​ចង់បានអ្វីផង តើឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យម្តេចកើត។សម្រាប់សម្តេច ហ៊ុន សែន លោក ត្រូវបានទទួលការគាំទ្រ និងគោរពស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើន ដូច្នេះហើយ​ទើប​លោក​តែង​ទទួលបានជោគជ័យនៅរាល់ពេលបោះឆ្នោត។
សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី

No comments: