យោងតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៣ មករា បានផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោកអាប់ភីស៊ីត វ៉េចាជីវ៉ា បានបញ្ជាឱ្យប្រមុខយោធាថៃទាក់ទងទៅកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងនៅវត្តកែវសិក្ខាគិរីស្វារៈ ឱ្យរុះរើចេញវិញនូវថ្មចារិកដែលមានសរសេរជាអក្សរខ្មែរថា «កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា» ។ លោកអាប់ភីស៊ីត បានលើកឡើងដូច្នេះក្នុងអំឡុងពេលលោកអញ្ជើញចូលរួមក្នុងកម្មវិធីចាក់ផ្សាយតាមទូរទស្សន៍ NBT ប្រចាំសប្តាហ៍របស់លោក ដែលកម្មវិធីនោះមានឈ្មោះថា «ការជឿទុកចិត្តនៅប្រទេសថៃជាមួយនាយករដ្ឋមន្ត្រីអាប់ភីស៊ីត»។ ថ្មចារិកនោះស្ថិតនៅទល់មុខវត្តកែវសិក្ខាគិរីស្វារៈចារទុកនូវកាលបរិច្ឆេទនៃការឈ្លានពានរបស់កងទ័ពថៃចូលវត្តកែវសិក្ខាគិរីស្វារៈថ្ងៃទី១៥ កក្កដា ។
លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានថ្លែងក្នុងជំនឿថា ការឱ្យដកថ្មចារិកនោះចេញវិញពិតជាគ្មានបញ្ហាអ្វីនោះទេ ។ លោកអាប់ភីស៊ីត ថ្លែងបែបនេះម្តងទៀត ក្នុងការចាក់ផ្សាយតាមទូរទស្សន៍ NBT នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ មករា ដើម្បីពន្យល់ដល់សាធារណជនថៃស្តីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក និងកិច្ចខិតខំប្រឹងប្រែងរបស់កងកំលាំងប្រដាប់អាវុធដើម្បីជួយពលរដ្ឋថៃ៧នាក់ដែលជាប់ឃុំឃាំងក្នុងប្រទេសកម្ពុជា ពីបទលបលួចចូលទឹកកម្ពុជាដោយខុសច្បាប់ ។ លោកបានថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកនឹងបន្តព្យាយាមដើម្បីជួយលោកវីរ៉ាក់ ស៊ុមខ្វាមឃីត មេដឹកនាំចលនាអាវលឿង ដែលត្រូវតុលាការកម្ពុជាបដិសេធមិនផ្តល់ឱ្យស្ថិតនៅក្រៅឃុំតាមរយៈការបង់ប្រាក់ធានាតទៅទៀត។
- ស្ថានការណ៍តំបន់ប្រាសាទព្រះវិហារខ្មែរក្រោយការទាមទារ
យោងតាមរបាយការណ៍ពីតំបន់ប្រាសាទព្រះវិហារ មន្ត្រីយោធានានាឱ្យដឹងថា ស្ថានការណ៍នេះបានជំរុញឱ្យគ្រប់អង្គភាពដែលឈរជើងនៅខ្សែត្រៀមជួរមុខទាំងអស់ពង្រឹងការយកចិត្តទុកដាក់ខ្ពស់ ហើយកម្ពុជាបានបដិសេធរាល់ការទាមទារ ។ មន្ត្រីយោធាកម្ពុជាបានឱ្យដឹងថា យើងបានទទួលលិខិតទាមទារពីភាគីថៃរួចហើយ តែយើងមិនអាចឆ្លើយតបតាមការទាមទារនោះបានទេ ។ ពេលនេះកងទ័ពកម្ពុជាបានប្រុងជើងការ ប្រសិនបើមានការតានតឹងព្រោះតែការទាមទារនោះ ។ យើងការពារបូរណភាពទឹកដីកម្ពុជា ហើយក៏មិនទទួលស្គាល់ដីសៀម៤,៦ណានោះទេ ។ ជាមួយនឹងការកើតមានបញ្ហាថ្មី នៅតំបន់ប្រាសាទព្រះវិហារអាកាសធាតុត្រជាក់មាន១៣អង្សាសេ គឺត្រជាក់ ។ មានការកត់សំគាល់ថា ខណៈដែលគ្រប់ចំណុចឈរជើងរបស់កម្ពុជាមានការប្រុងប្រយ័ត្នចំណុចខ្ពស់នោះ ខាងទឹកដីសៀមឯណោះវិញ បានបង្ហាញឱ្យឃើញពីចលនាកងទ័ពឆ្លេឆ្លាខុសពីធម្មតាដែរ ។
- វត្តកែវសិក្ខាគីរីស្វារៈទីកន្លែងសៀមចូលឈ្លានពាន
វត្ដកែវសិក្ខាគិរីស្វារៈ ហៅវត្ដប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរត្រូវបានកត់ត្រាទុកពីមហិច្ឆតាឈ្លានពានរបស់សៀមកាលពីជាង២ឆ្នាំមុន ។ នៅទីនោះមានផ្ទាំងថ្មមួយដុំធំជាកន្លែងដែលឧត្ដមសេនីយ៍មេបញ្ជាការទ័ពសៀមម្នាក់ឈ្មោះកាណុក បានដឹកនាំទាហានសៀមប្រមាណពី៤៥០ទៅ៧០០នាក់ ចូលឈ្លានពានឈរជើងកាន់កាប់ក្នុងទីអារាមខ្មែរ កាលពីវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ កន្លងទៅ ខណៈព្រះសង្ឃខ្មែរជាច្រើនអង្គកំពុងគង់នៅទីនោះជាប្រចាំ ។
ចំណុចនេះគឺជាទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជា ដែលនៅថ្ងៃ្ងទី១៥ កក្កដា ២០០៨ បានត្រូវមេដឹកនាំសៀមវង្វេងប្រវត្ដិសាស្ដ្របានបញ្ជាឱ្យឧត្ដមសេនីយ៍មេទ័ពថ្មើរជើងរបស់ខ្លួនឈ្មោះកាណុកកែនប្រមូលទ័ពឈុតខ្មៅរបស់ពួកគេចូលឈ្លានពានក្នុងទឹកដីវត្ដកែវសិក្ខាគិរីស្វារៈ ។ ពេលនោះកងទ័ពខ្មែរដ៏អង់អាចក្លាហានបានធ្វើការប្រឈមមុខតបវិញដោយមិនអនុញ្ញាតឱ្យទ័ពសៀមឈរជើងទីនោះបានយូរឡើយ គឺត្រូវចាកចេញជាបន្ទាន់ពីក្នុងអធិបតេយ្យភាពរបស់ខ្មែរ។តែនៅពេលនោះតាមការសង្កេត ទោះកងទ័ពសៀមដកចេញពីក្នុងទឹកដីខ្មែរស្ទើរតែ១០០%ក៏ពិតមែន តែពួកជ្រុលនិយមសៀមនៅធ្វើមុខក្រាស់ដោយរក្សាកម្លាំងទ័ពរបស់ខ្លួនឱ្យឈរជើងនៅលើផ្ទាំងថ្មដ៏ធំ ដែលស្ថិតនៅកណ្ដាលបរិវេណវត្ដកែវសិក្ខាគិរីស្វារៈចំនួន១០នាក់ចាប់តាំងពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ រហូតដល់ថ្ងៃទី១ ធ្នូ ២០១០ ទើបពួកគេបង្ខំចិត្ដចាកចេញអស់ពីក្នុងវត្ដកែវសិក្ខាគិរីស្វារៈរបស់ខ្មែរ ។
ពេលនេះទោះបីទ័ពសៀម បានដកចេញអស់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅនេះហើយក្ដី ក៏អ្វីដែលជាស្លាកស្នាមនៃការប្រឈមមុខនឹងគ្នារវាងខ្មែរ និងសៀមនៅលើផ្ទាំងថ្មក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈដែលឧត្ដមសេនីយ៍កាណុក មេទ័ពសៀមបានចូលឈ្លានពានត្រូវបានអាជ្ញាធរខេត្ដព្រះវិហារចារឹកជាស្លាកសញ្ញាសំគាល់សំរាប់បង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលចូលទៅទស្សនាប្រាង្គប្រាសាទព្រះវិហាររបស់ខ្មែរនៅលើកំពូលភ្នំដងរែកបានឃើញបានជ្រាបនូវរាល់អ្វីដែលជាសច្ចភាព និងសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីប្រវត្ដិសាស្ដ្រថ្មីៗរបស់ជាតិខ្លួន ។
លោកស ថាវី អភិបាលរងខេត្ដព្រះវិហារ ប្រចាំការតំបន់ប្រាសាទព្រះវិហារដែលជាអ្នកដឹកនាំក្នុងការសាងសង់ស្លាកសញ្ញាសំគាល់កាលពីរសៀលថ្ងៃទី៨ ខែមករា កន្លងទៅថ្មីៗនេះ បានមានប្រសាសន៍ឱ្យដឹងថា ស្លាកសញ្ញាដែលបានសាងសង់នៅលើផ្ទាំងថ្មនៅកណ្ដាលវត្ដកែវសិក្ខាគិរីស្វារៈ ដែលមានឆ្លាក់អក្សរដាក់ចំណងជើងថា «ទីនេះជាកន្លែងសៀមឈ្លានពាន» នោះគឺមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និងមានការឯកភាពពីសំណាក់គណៈមេបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ និងមេបញ្ជាការសមរភូមិទិសទី១ប្រាសាទព្រះវិហារ ។ ស្លាកសំគាល់ទីកន្លែងនោះធ្វើឡើងនៅថ្ងៃទី៣ មករា ឆ្នាំ២០១១ អំពីថ្មម៉ាប ទំហំ ០,៩០ម៉ែត្រ×១,៨០ម៉ែត្រចារឹកអក្សរធំៗពណ៌មាស បែរមុខទៅទិសខាងកើតចំគោបុរៈទី៥។
- ក្រុមអាវក្រហម និងក្រុមអាវលឿងប្រកាសប្រមូលផ្តុំថ្ងៃតែមួយទី 25 មករា
ក្រុមអាវក្រហមដែលគាំទ្រលោកថាក់ស៊ីនស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាព និងក្រុមអាវលឿង ដែលមានភក្តីភាពចំពោះរបបរាជានិយមសៀមបានប្រកាសថា នឹងប្រមូលផ្តុំធ្វើបាតុកម្មនៅថ្ងៃ តែមួយជាមួយគ្នានៅថ្ងៃទី២៥ មករា ខាងមុខនេះ ។ កាសែតឌឹណេស្សិនកាលពីថ្ងៃទី២៣ មករា បានផ្សាយឱ្យដឹងថា លោក Somyos Preuksa-kasesuk ជាមេដឹកនាំក្រុមអាវក្រហមមួយរូប ប្រកាសកាលពីថ្ងៃទី២២ មករា ថា ក្រុមរបស់លោកនឹងប្រមូលផ្តុំគ្នានៅថ្ងៃនៃការប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំរបស់ក្រុមអាវលឿងនៅថ្ងៃទី២៥ មករា ខាងមុខ ។ លោក Somyos បានឱ្យដឹងទៀតថា ក្រុមដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកនឹងប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យចាប់ពីម៉ោង៧យប់រហូតដល់ពាក់កណ្តាលអធ្រាត្រ ចំណែកក្រុមអាវលឿងនឹងប្រមូលផ្តុំគ្នានៅលើស្ពាន Makhanwan ។
មេដឹកនាំក្រុមអាវលឿងបានអះអាងថា ការប្រមូលផ្តុំរបស់ខ្លួនលើកនេះនឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងការប្រមូលផ្តុំមុនៗ ហើយនឹងពន្យារពេលការប្រមូលផ្តុំរហូតដល់រដ្ឋាភិបាលឆ្លើយតបតាមការទាមទាររបស់ពួកគេ ឱ្យរដ្ឋាភិបាលលោកអាប់ភីស៊ីតលុបចោលវិញឱ្យខាងតែបាន នូវអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជាដែលចុះហត្ថលេខាកាលពីឆ្នាំ២០០០កន្លងមក ។ បើទោះបីជាពេលនេះពលរដ្ឋថៃ៥នាក់ក្នុងចំណោមជនជាតិថៃ៧នាក់ត្រូវចាប់ខ្លួននៅប្រទេសកម្ពុជាត្រូវបាន ដោះលែងហើយក្តី ។
ក្រុមជ្រុលនិយមសៀមនេះចង់ឱ្យរដ្ឋាភិបាលលុបចោល MOU ឆ្នាំ២០០០ រវាងប្រទេសថៃ និងប្រទេសកម្ពុជា ហើយដកប្រទេសថៃចេញពីភាពជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងបណ្តេញពលរដ្ឋខ្មែរចេញពីប្រទេសថៃ ។ មុននេះ ក្រុមអាវលឿងប្រកាសថា ពួកគេនឹងអូសបន្លាយការប្រមូលផ្តុំរហូតដល់លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត ចុះចេញពីតំណែងដោយចោទលោកអាប់ភីស៊ីតថា មិនព្យាយាមជួយពលរដ្ឋថៃ៧នាក់ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ទាក់ទិនទៅនឹងការប្រមូលផ្តុំនៅថ្ងៃទី២៥ មករា នោះ ខាងក្រុមអាវក្រហមមិនទាន់ឱ្យដឹងពីគោលបំណងនៃការប្រមូលផ្តុំរបស់ពួកគេនៅឡើយ ប៉ុន្តែប្រភពខ្លះថា គឺដើម្បីទប់ទល់ជាមួយក្រុមជ្រុលនិយមអាវលឿង ៕
(សុខលី+ត្បែងមានជ័យ)
(សុខលី+ត្បែងមានជ័យ)
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment