Monday, January 24, 2011

សម្តេចតេជោ​និង​លោក​ជំទាវ​ឧបត្ថម្ភ​ថវិកា​ជាង​៣១​ម៉ឺន​ដុល្លារ​សម្រាប់​ការ​សាងសង់

ភ្នំពេញ ៖ សម្តេចតេជោ​និង​លោក​ជំទាវ​បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ជាង ៣១ ម៉ឺន​ដុល្លារ​សម្រាប់ ការ​កសាង ពុទ្ធិកៈសកល វិទ្យាល័យ​ព្រះ​សីហមុនីរាជ ស្ថិត​នៅ​ក្នុង​វត្ត​ស្វាយ​ពពែ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ដែល​អគារ មាន​កម្ពស់ ៤ ជាន់​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​សរុប​រហូត​ដល់​ទៅ​ជាង ៤៨ ម៉ឺន​ដុល្លារ​អាមេរិក​ ។
កាល​ពី​ថ្ងៃទី​២៣ មករា​នៅ​ពេល​ដែល​មាន​ពិធី​ជាច្រើន​បាន​ប្រារឰ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​ស្វាយពពែ ជា​អារាម​គណៈ ធម្មយុត្តិកនិកាយ​ដែល​មាន​អាយុ​កាល ១៤៤ ឆ្នាំ ដោយ​រួម​មាន​ទាំង​កម្មវិធី​សម្ពោធ​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​វត្ត​គណៈធម្មយុត្តិកនិការ​នៅ​ទូទាំង​ប្រទេស និង ពិធី​ចម្រើន​ព្រះ​ជន្មវស្សា​សម្តេច​ព្រះ​អភិសិរីសុគន្ធាធិបតី បួរ គ្រី សម្តេច​ព្រះ មហា​សង្ឃរាជ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ក្នុង​គម្រប់ ៦៦ ព្រះវស្សា​យាង​ចូល ៦៧ ព្រះវស្សា​ផង នោះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ​មាន​ប្រសាសន៍​ថា អគារ​នោះ សម្រេច​កសាង​បាន​ចំនួន ១៥ ភាគរយ​ហើយ​ដោយ​ចំណាយ​អស់​ថវិកា​ចំនួន​ជាង​៧​ម៉ឺន ២ ពាន់​ដុល្លារ ។ សប្បុរស​ជន​នានា​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​ប្រមាណ ៩ ម៉ឺន ៩ ពាន់​ដុល្លារ​នៅ​ក្នុង​ពិធី​នោះ ។
សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា យើង​គ្មាន​ការ​រើសអើង​ណា​មួយ​សម្រាប់​ជំនឿ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ព្រះពុទ្ធ សាសនា​ទាំង​ខាង​គណៈធម្មយុត្តិ ឬ​គណៈមហានិកាយ​នោះ​ឡើយ ។ ខ្ញុំ​នៅ​តែ​យល់​ថា ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ផ្នែក​ពុទ្ធចក្រ និង អាណាចក្រ​តាម​រយៈ​ផ្នែក​អាណាចក្រ​ត្រូវ​បំពេញ​បន្ថែម​ដោយ​ហេដ្ឋារចនា​សម័្ពន្ធ​រូបវន្ត​នានា​ក្នុង​ទី​អារាម​មាន​ដូចជា ព្រះវិហារ សេនាសនៈ សាលា​បាលី ឧបដ្ឋានសាលា ស្រះទឹក និង អណ្តូង​ទឹក​ជាដើម ហើយ​ផ្នែក​ពុទ្ធចក្រ​ផ្តល់​មក​វិញ​នូវ ពុទ្ធិការ​អប់រំ​សីលធម៌ ចរិយា​ធម៌ និង ការ​ឈ្វេង​យល់​អំពី​ព្រះ​ធម៌ នៅ​តែ​ជា​កិច្ចការ​ដ៏​ចាំ​បាច់​សម្រាប់​សង្គម​ជាតិ​ទាំង​បច្ចុប្បន្ន និង អនាគត​ផង​ដែរ ។
សម្តេច​តេជោ​ថ្លែង​ថា ប្រសិន​បើ​យើង​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​នៃ​ហេដ្ឋារចនាសម័្ពន្ធ​រូបវន្ត​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំង​មូល​ទទួល​បាន​មក​វិញ​កាន់​តែ​ទូលំទូលាយ​លើ​ការ​អប់រំ​សីលធម៌ ចរិយា​ធម៌ និង ព្រះធម៌ ហើយ​ពុទ្ធ​បរិស័ទ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូល​រួម​កសាង​សមិទ្ធផល​រូបវន្ត​ទាំង​នេះ ក៏​ទទួល​បាន​អានិសង្ស​ទៅ​តាម​កម្លាំង​សទ្ធា​នៃ​សេចក្តី​ជ្រះ​ថ្លា​របស់​ខ្លួន​នោះ​ដែរ ។ សម្តេច​មាន​ប្រសាសន៍​ថា ជា​រួម​ព្រះពុទ្ធ​សាសនា​មាន​តួនាទី​យ៉ាង​សំខាន់​ដែល​ធ្វើ​ឲ្យ​​ពុទ្ធបរិស័ទ​មាន​ជំនឿ និង សទ្ធា​ជ្រះ​ថ្លា​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ ។
មក​ដល់​ឆ្នាំ ២០១១​នេះ​វត្ត​គណៈធម្មយុត្តិកនិកាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ១៦១ វត្ត​មាន​ព្រះសង្ឃ​ចំនួន ២៥០០ អង្គ ហើយ​វត្ត​គណៈមហានិកាយ​មាន​ទាំងអស់ ៤៣០៧ វត្ត និង មាន​ព្រះសង្ឃ​ចំនួន ៥៤.៨៦១ អង្គ៕
ស្នាយពល

No comments:

Post a Comment