មេមត់-កំពង់ចាម: ក្រុមហ៊ុន OLAM របស់ប្រទេសឥណ្ឌាបានមកជួបផ្ទាល់ជាមួយប្រជាកសិករនៅក្នុងសហគមន៍ អភិវឌ្ឍន៍កសិកម្ម ដំណាំម្រេចឃុំដារ ស្រុកមេមត់ កាលពីព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១១ តាមរយៈមហាសន្និបាតមួយរបស់ សហគមន៍និងបើកសម្ពោធអគារ ស្នាក់ការផង។ ដែលមានការចូលរួមពីតំណាងផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម លោកហេង ប៉ិនយិ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោកស្រី HILDEEGARD តំណាងអង្គការ DGRV លោក DEEPAK SHAH អគ្គនាយកក្រុមហ៊ុន OLAM អាជ្ញាធរដែនដី និង សមាជិតសហគមន៍អភិវឌ្ឍន៍កសិកម្ម ដំណាំម្រេច ដារ មេមត់ប្រមាណជាង ១០០នាក់ ។
ដូចដែលលោក KLAUS GLATZEL តំណាងអង្គការ DGRV ធ្លាប់បានបញ្ជាក់រួច ហើយថានឹងនាំក្រុមហ៊ុនឯកជន របស់ប្រទេសឥណ្ឌា ដើម្បីមកប្រមូលទិញផលិផលគ្រាប់ម្រេចនៅសហគមន៍ដារមេមត់ ក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា កាលពីចុងឆ្នាំ ២០១០ កន្លងមកដើម្បីលក់ នៅលើទីផ្សារពិភពលោក ។
នាឱកាសនោះបន្ទាប់ពីលោក ហេង ប៊ិនយិ បានថ្លែងសរសើរដល់ការខិតខំរបស់លោក KLAUS តំណាងអង្គការ DGRV របស់ប្រទេស អាល្លឺម៉ង់បានជួយជ្រោងជ្រែង និង ផ្តល់ជំនួយទាំងថវិកា និង ស្មារតីតស៊ូរហូតធ្វើឲ្យទីផ្សារអន្តរជាតិទទួលស្គាល់ផលិផលគ្រាប់ម្រេច របស់ខ្មែរ ពិសេសគ្រាប់ម្រេចនៅដារ ស្រុកមេមត់នេះដោយបានទាក់ទាញបានក្រុមហ៊ុនទិញម្រេចដ៏ធំមួយនេះ រួចមក លោក DEEPAK SHAH អគ្គនាយក ក្រុមហ៊ុន OLAM បានថ្លែងប្រាប់ទៅអ្នកដាំម្រេច ដែលបានមកចូលរួមមហាសន្និបាតតាមរយៈអ្នកបកប្រែភាសាថា នេះជាជោគជ័យសម្រាប់ បងប្អូនជាអ្នកដាំដំណាំម្រេចនៅមេមត់នាពេលខាងមុខ ។
លោក DEEPAK SHAH បានឱ្យដឹងថា “អូឡាំ ”មានស្នាក់ការធំនៅប្រទេសសង្ហាក់បូរី និង បានប្រតិបត្តិការជាង ៦០ប្រទេស នៅលើពិភពលោក។ ឥឡូវនេះលោក និង សហការី ២ នាក់មកពីសាខាអូឡាំនៅប្រទេស វៀតណាម។ ព្រោះថាវៀតណាមជាប្រទេសមួយ ដែលផលិតម្រេចធំជាងគេ នៅលើពិភពលោក។ លោកសង្ឃឹមថា នាពេលអនាគតកម្ពុជានឹងដូចប្រទេសវៀតណាមដែរ។ ដូច្នេះហើយបានជា អូឡាំ ធ្វើសកម្មភាពបង្កើតរោងចក្រ កែច្នៃជាច្រើននៅទីនោះ ហើយនៅពេលខាងមុខអូឡាំ នឹងបង្កើតរោងចក្រកែច្នៃម្រេច ពណ៌ខ្មៅ និង ពណ៌ស នៅ វៀតណាម បន្ថែមទៀត។
លោកអគ្គនាយកបានលើកឡើងថា លោក KLAUS តំណាងអង្គការ DGRV និង យិន សុផា ជាប្រធានសហគមន៍ អ្នកដាំម្រេចនៅ មេមត់នេះ បានទៅឃើញរោងចក្រនៅវៀតណាមរួចហើយ។ លោក DEEPAK SHAH បាននិយាយថាៈ“ ម្រេចនៅមេមត់នេះជាម្រេចដ៏ល្អបំផុត នៅលើលោក ហើយ គុណភាពវាក៏ល្អដាច់គេ”។ ប្រសិនបើការផលិតម្រេចនៅទីនេះមានការកើនឡើងច្រើននឹងមានគេស្គាល់មេមត់ ហើយលោកនឹង បើកអូឡាំ នៅទីនេះដើម្បីចាប់ផ្តើមប្រតិបត្តិការទិញម្រេច។
លោក DEEPAK SHAH បានលើកឡើងទៀតថា អ្វីដែលជាកក្កាសំខាន់សម្រាប់ជោគជ័យ គឺ យើងមិនមែនធ្វើ សម្រាប់តែមួយឆ្នាំទេ គឺធ្វើយូរអង្វែង។ ពិសេសលោកសំណូមពរឱ្យមានការយល់ដឹងក្នុងការកាត់បន្ថយការ ប្រើថ្នាំពុល និង ការប្រើជីគីមី។ ព្រោះថាប្រទេសផ្សេងៗ គេបានកែលំអររហូតរក្សាឈ្មោះមកទល់សព្វថ្ងៃ។ ជាមួយ នោះនៅចុងក្រោយលោកបានសន្យាថា ប៉ុន្មានខែខាងមុខទៀតនេះ លោកនឹងរៀបចំ ឲ្យមានការចុះប្រមូលទិញម្រេច នៅទីនេះហើយនឹងសង្ឃឹមថាមានការគាំទ្រយ៉ាងពេញទំហឹងពីខាងសហគមន៍ ៕
ដោយ : កងមាស CEN
No comments:
Post a Comment