ភ្នំពេញ: ស្ត្រីជនជាតិអាមេរិកាំងម្នាក់ឈ្មោះ JISSICA CLAIR THOMOPSON អាយុ ៣២ ឆ្នាំ បុគ្គលិកកាសែត The Cambodia Daily ដែលបានស្លាប់ក្នុងផ្ទះជួលកាលពីថ្ងៃទី២២មករាត្រូវបានគេរកឃើញមូលហេតុហើយ។
លោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងតាមទូរសព្ទ័នៅថ្ងៃនេះថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារគាំងបេះដូងព្រោះតែបានហូបស្រាលាយប៊ីយែច្រើនពេក។ ចំណែកឯបុរសឈ្មោះ DREW C.FOSTER ដែលបានសន្លប់នោះគឺដោយសារតែផឹកគ្រឿងស្រវឹងលាយគ្រឿងញៀនហួសកម្រិតគឺមិនមែនដោយសារពុលអាហារឬភេសជ្ជៈដូចការស្មានកាលពីដើមទីនោះឡើយ។
លទ្ធផលនេះត្រូវបានលោកស្នងការបញ្ជាក់ថាបានរកឃើញបន្ទាប់ពីការធ្វើកោសល្យវិច្ច័យរបស់ប៉ូលិសនិងក្រុមគ្រូពេទ្យជំនាញ។
គួរបញ្ជាក់ថា មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីរសៀលថ្ងៃទី ២២ មករា ២០១១នេះ ដោយសារគេប្រទះឃើញនារីបុគ្គលិកកាសែតឌឺឃែមបូឌាដេលី ជនជាតិអាមេរិកកាំងម្នាក់ ស្លាប់នៅក្នុងបន្ទប់ដេក និងបុរសម្នាក់ទៀតមានលក្ខណៈសន្លប់ស្តូកស្តឹង ។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅក្នុងផ្ទះវិឡាលេខ ១២ ច្រកផ្លូវលេខ ៤១ក្រុមទី ៦១ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដែលជាទីកន្លែងបុគ្គលិកកាសែត ឌឹឃែមបូឌា ដេលីជាច្រើននាក់បានជួលស្នាក់នៅរួមគ្នា។ ផ្ទះវិឡានេះ ជារបស់លោកឈួន សុធីដែលបានជួលទៅក្រុមអ្នកកាសែតបរទេសទាំងនេះ។
សន្តិសុខយាមផ្ទះបានប្រាប់ប៉ូលិសថាៈ ជនរងគ្រោះទាំង២ខាងលើ បានដើរលេងផឹកស៊ីជាមួយគ្នារហូតដល់់ម៉ោង ៤ទៀបភ្លឺ ទើបត្រឡប់ចូលផ្ទះ។ រហូតដល់ម៉ោង ១២និង៣០នាទីថ្ងៃទី ២២ មករា ២០១១ ទើបមានការភ្ញាក់ផ្អើលឡើងដោយសារ បុគ្គលិកស្នាក់នៅ បន្ទប់ផ្សេងទៀតបានឃើញ ជនរងគ្រោះស្លាប់និងសន្លប់ នៅក្នុងបន្ទប់ ហើយបានហៅរថយន្តពេទ្យ មកនាំអ្នកមានជីវិតទៅកាន់មន្ទីរពេទ្យ៕
ដោយ : រតនា
No comments:
Post a Comment