ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានឆ្លើយតបចំពោះសារលិខិតរបស់រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ដែលសំដែងក្ដីបារម្ភទៅលើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ លោកស្រីហ៊ីល ឡារីគ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសនៃសហរដ្ឋ អាមេរិក បានចេញសារលិខិតមួយបង្ហាញពីការព្រួយបារម្ភជុំវិញសេចក្ដីព្រាងច្បាប់សមាគម និងអង្គការមិន មែនរដ្ឋាភិបាល ហើយបានស្នើឲ្យកម្ពុជាពិនិត្យឡើងវិញលើសេចក្ដីព្រាងច្បាប់នេះ។ ប៉ុន្តែកម្ពុជាបានបំភ្លឺវិញថាសេចក្ដីព្រាងនេះមិនរឹតបន្តឹងអង្គការសង្គមស៊ីវិលនោះទេ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ ប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១នេះថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានផ្ញើលិខិតមួយច្បាប់ជូនលោកស្រីហ៊ីល ឡារីគ្លីនតុន ហើយកាលពីថ្ងៃទី១៣ ខែមករានេះ ដោយមានខ្លឹមសារ៤ចំណុចថា ទី១-ច្បាប់នេះបង្កើតឡើង សម្រាប់ប្រតិបត្តិការរបស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងប្រ ទេសកម្ពុជា ឲ្យមានរបៀបរៀបរយល្អ និងរលូនព្រមទាំងមានតម្លាភាព, ទី២-ច្បាប់នេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានក្របខណ្ឌគតិយុទ្ធ, ទី៣-ច្បាប់នេះទទួលស្គាល់នូវការរួមវិភាគរបស់អង្គការ មិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ រាជរដ្ឋាភិបាលរៀបចំច្បាប់នេះដើម្បីសម្រប សម្រួលអង្គការសង្គមស៊ីវិលឲ្យមានប្រសិទ្ធភាព និងទី៤-ច្បាប់នេះមិនមានបំណងរឹតត្បិតសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាលនេះទេ ប៉ុន្តែមានបំណងធ្វើឲ្យមានតម្លាភាពក្នុងប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិល ក្នុងក្របខណ្ឌច្បាប់ និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព៕
កោះកែវ
No comments:
Post a Comment