ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី១៤ មករា នៅពន្ធនាគារព្រៃ.ស សមត្ថកិច្ចបានរារាំងមនុស្សមួយក្រុម ក្នុងនោះមានបុរស២នាក់ និងស្ត្រីម្នាក់ដែលអះអាងថាជាសាច់ញាតិរបស់ វិរៈស៊ុមខ្វាមឃីត មិនឲ្យចូលសួរសុខទុក្ខ ព្រោះគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ។
ជនជាតិថៃចំនួន ៧នាក់ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងគុកព្រៃ.ស កាលពី២ថ្ងៃមុននេះជនជាតិថៃ ២នាក់ ក្នុងចំនោម ៧នាក់ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយមានការធានាពីមេធាវីការពារក្ដី និងស្ថានទូតថៃប្រចាំនៅកម្ពុជា ប៉ុន្តែត្រូវស្ថិតនៅក្នុងប្រទេសកម្ពុជា មិនមែននៅប្រទេសថៃឡើយ ។ នៅសល់ជនជាតិថៃ ៥នាក់ទៀតដែលបន្តឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងគុកព្រៃ.ស ក្នុងនោះមាន វិរៈស៊ុមខ្វាមឃីត ជាសកម្មជនថៃអាវលឿងផង ហើយនៅព្រឹកនេះមានមនុស្ស បីបួននាក់បានទៅកាន់គុកព្រៃ.ស សុំចូលសួរសុខទុក្ខ វិរៈស៊ុមខ្វាមឃីត និងជនជាតិថៃ ៤នាក់ទៀតដោយអះអាងថាគេជាសាច់ញាតិ ។
មន្ត្រីអនុរក្សពន្ធនាគារព្រៃ.ស មិនអនុញ្ញាតិអោយអ្នកទាំងនោះចូលឡើយ ដោយមូលហេតុពួកគេមានត្រឹមតែលិខិតដែលចេញដោយស្ថានទូតថៃប្រចាំនៅកម្ពុជា មិនឃើញមានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃកម្ពុជាទេ ។
នៅក្លោងទ្វារចូលពន្ធនាគារព្រៃ.ស នាព្រឹកមិញនេះគេឃើញមាន អ្នកសង្កេតការណ៍ អ្នករាយការណ៍ព័ត៌មានជាតិ និងអន្តរជាតិ ក្នុងនោះក៏មានអ្នកកាសែត និងទូរទស្សន៍ថៃផងដែរ ៕
No comments:
Post a Comment