ភ្នំពេញ: នៅក្នុងលិខិតចុះថ្ងៃទី១៣មករា សរសេរផ្ញើទៅលោកស្រីប្រមុខការទូតអាមេរិកហ៊ីលឡារី គ្លីនតុន លោកហោ ណាំហុងបានបញ្ជាក់ច្បាស់ថាច្បាប់ថ្មីមួយនេះកើតឡើងសម្រាប់ប្រតិបត្តិការ ប្រកបដោយតម្លាភាព និងរបៀបរៀបរយរបស់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា។
ចំពោះលោកហោណាំហុងច្បាប់ស្តីសមាគម-អង្គការក្រៅរដ្ឋាភិបាលត្រូវបានតាក់តែងឡើង ដោយយកចិត្តទុកដាក់ ដោយឈរលើមូលដ្ឋានគតិយុត្តិដែលមានស្រាប់ដូចជារដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលរបស់អង្គការសហប្រជាជាតិ។
លិខិតនេះបានធ្វើឡើងមួយថ្ងៃក្រោយការប្រកាសសម្តែងការព្រួយបារម្ភរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចំពោះវត្តមានសេចក្តីព្រាងច្បាប់របស់កម្ពុជា ស្តីពីការបង្កើតសមាគម-អង្គការក្រៅរដ្ឋាភិបាលនោះលោកឧបនាយករដ្ឋមន្ត្រី ហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានធ្វើលិខិត ពន្យល់មួយភា្លម។
រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអត្ថាធិប្បាយថាកម្ពុជាទទួលស្គាល់ការរួមចំណែកយ៉ាង សំខាន់ក្នុងការអភិវឌ្ឍកម្ពុជា។ ហេតុដូច្នេះហើយបានជាកម្ពុជាអនុញ្ញាតអោយមាន ការបង្កើតអង្គការសមាគមបានយ៉ាងទូលំទូលាយ។ ទោះយ៉ាងណាក៏ដោយ សម្រាប់លោកហោ ណាំហុងវាត្រូវតែមានច្បាប់មួយដើម្បីធានាតម្លាភាពនៃប្រតិបត្តការរបស់អង្គការក្រៅ រដ្ឋាភិបាលទាំងនោះ។
លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាច្បាប់នេះនឹងទប់ស្កាត់សកម្មភាពជ្រុលនិយមដែល អាចលាក់កំបាំងក្នុងអង្គការក្រៅរដ្ឋាភិបាល។ ច្បាប់នេះមិនកំហិតសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាលទេ តែវានឹងពង្រីកសិទ្ធិក្នុងប្រតិបត្តការរបស់អង្គការទាំងនោះក្នុងក្របខណ្ឌច្បាប់។ នេះជាផ្នែកមួយ នៃការលើកស្ទួយនីតិរដ្ឋ។
កាលពីថ្ងៃទី១២មករា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើសេចក្តី ថ្លែងការណ៍សម្តែង ការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលកើតចេញពីច្បាប់ស្តីពីសមាគមអង្គការក្រៅរដ្ឋាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួង ការបរទេសអាមេរិកបានអត្ថាធិប្បាយថា សហរដ្ឋអាមេរិក នឹងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ណាមួយ ដែលមានលក្ខណៈបង្ខិតបង្ខំ និងកំហិតសកម្មភាពស្របច្បាប់របស់អង្គការ សមាគម។
ក្រសួងការបរទេសអាមេរិកបានជម្រុញអោយរដ្ឋាភិបាលកម្ពុជាប្រឹក្សាយោបល់យ៉ាងម៉ត់ចត់ ជាមួយអង្គការសមាគម និងដៃគូដទៃទៀតលើពង្រាងច្បាប់ថ្មីមួយនេះ។ ក្នុងវេទិកាពិគ្រោះយោបល់ កាលពីថ្ងៃ១០មករា លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថាការបង្កើតច្បាប់ អង្គការថ្មីនេះ មិនមែនដើម្បីគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាព ក៏ដូចជា ការកំហិតសកម្មភាពរបស់អង្គការសមាគមនៅកម្ពុជានោះឡើយ។
លោក ស ខេងបានបញ្ជាក់ថា ច្បាប់អង្គការ ត្រូវបានតាក់តែងឡើង ដើម្បីការពារកុំឲ្យកើតមានអំពើភេរវកម្មនៅកម្ពុជា ដែលជ្រកក្រោមស្លាកអង្គការសមាគម ដូចករណី ចលនា CFF និងមេភេរវករ ហាំ បាលី ជាដើម៕
ដោយ : សម្បត្តិ
No comments:
Post a Comment