(រូបថត បាសាក់)
ខេត្តកណ្តាល ៖ កំលាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក លន់ សុផាត ស្នងការរងនគរបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានធ្វើការឆែកឆេរផ្ទះជួលមួយកន្លែងនៅភូមិលេខ៨ ឃុំសំពៅពូន ស្រុកកោះធំ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៣ មករា ឆ្នាំ២០១១ ។ ក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣នាក់ ក្នុងនោះមានមេខ្លោងចែកចាយគ្រឿងញៀនចំនួន៣នាក់ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ និង៥នាក់ទៀតស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការ ព្រមទាំងរឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ព្រមទាំងសំភារប្រើប្រាស់មួយចំនួនទៀត ។
លោកវរសេនីយ៍ឯក លន់ សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញដឹកនាំដោយរូបលោក ផ្ទាល់បានចុះសហការជាមួយប៉ូលិសមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន បានធ្វើការឆែកឆេរផ្ទះជួលមួយកន្លែងដែលសង្ស័យថា ជាទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។ ក្រោយពីធ្វើការឆែកឆេរ ជាលទ្ធផលយើងរកឃើញវត្ថុតាងមានថ្នាំញៀន ប្រភេទមេតំហ្វេតាមីនទឹកកក ទម្ងន់៥០ក្រាម និង៦០កញ្ចប់ សំភារវេចខ្ចប់ និងសំភារសំរាប់ប្រើប្រាស់មួយចំនួនទៀត ព្រមទាំំងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣នាក់ យកមកធ្វើការសាកសួរ ។
បន្ទាប់ពីធ្វើការសាកសួររកឃើញថា ក្នុងចំណោមមនុស្ស១៣នាក់ មាន៣នាក់ ជាមេខ្លោងចែកចាយ គឺ១-ឈ្មោះសុខ គឹមលី ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិលេខ៨ ឃុំសំពៅពូន ស្រុកកោះធំ ២-ឈ្មោះសំបូរ រតនៈ ហៅផាម យ៉ាំងចូវ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ និង៣-ឈ្មោះង្វៀង យ៉ាំងហុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅបច្ចុប្បន្ននៅសង្កាត់លេខ១២ ក្រុងហូជីមិញ ប្រទេសវៀតណាម ។ ចំណែក១០នាក់ទៀតមានអ្នកប្រើប្រាស់គ្រឿងញៀន៥នាក់ និង៥នាក់ទៀត ស្ថិតនៅក្នុងរង្វង់ប្រតិបត្តិការ ។
លោកលន់ សុផាត បានឱ្យដឹងទៀតថា ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចុះ ក្នុងចំណោមចំណុចទាំង៥នោះ គឺមានការលុបបំបាត់ការជូញដូរ និងប្រើប្រាស់គ្រឿងញៀន ទើបការិយាល័យរបស់លោកខិតខំធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់កំណត់មុខសញ្ញា និងរកឃើញទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ។ ជនដែលត្រូវចាប់ខ្លួនរួមនឹងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕
No comments:
Post a Comment