Friday, January 14, 2011

ហ៊ុន ហ៊ាន អតីតស្នងការប៉ូលិស ត្រូវបានចាប់បញ្ជូនទៅឃុំខ្លួន​នៅខេត្តសៀមរាប




ហ៊ុន ហ៊ាន ត្រូវបានបញ្ជូនទៅឃុំខ្លួន​នៅខេត្តសៀមរាប

ខេត្ដបន្ទាយមានជ័យ ៖ តាម​ប្រភព​ព័ត៌​មាន​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ​​​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​​បន្ទាយ​មានជ័យ​ម្នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​​​នៅ​ថ្ងៃ​ទី​១៤ មករា គឺលោក​អនុសេនីយ៍​ទោ​ ទី ណាស៊ី ដែល​មាន​តួនាទី​ជា​ប្រធាន​​​​ផ្នែក​រដ្ឋ​បាល​ការិយា​ល័យ​​ប្រឆាំង​គ្រឿង​ញៀន​។ ទាក់ទិននឹង​ការ​ឃាត់​ខ្លួន​​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត​​​​​​នេះ​ មិន​​ត្រូវ​បាន​មន្ត្រី​​ផ្លូវ​ការ​ណាមួយ​​អះអាង​​​ដឹង​​ទេ ​ហើយ​ជុំវិញ​​ការ​ឃាត់​ខ្លួន​មន្ត្រី​រូបនេះ​ក៏​មិន​ដឹង​ថា មានការ​​ទាក់​ទិននឹង​សំណុំ​រឿង​គ្រឿង​ញៀន​ដ៏​ធំ​ដែល​អតីត​ស្នង​ការ​​លោក​ហ៊ុន ​ហ៊ាន និង​ស្នង​ការ​រង​លោក​ឈៀង សុន កំពុង​ត្រូវ​​ទទួល​​នូវ​ដំណើរ​​​ការ​ស៊ើប​​អង្កេត​នោះទេ ។
ប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​អតីត​ស្នង​ការ​-​ស្នង​ការរង​​ប៉ូលិស​ខេត្ត​បន្ទាយ​មានជ័យ​នេះ​ បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៤ មករា អស់​លោក​​ទាំង​២​ត្រូវ​បាន​នាំខ្លួន​ពី​អង្គ​ភាព​ប្រឆាំង​​​អំពើ​ពុក​រលួយ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​​ ហើយ​បើ​តាម​ប្រភព​ថា លោកទាំង​២​ក៏​ត្រូវ​បាន​លោក​ស្រី ​គង់ កួយ អនុ​ប្រធាន​​សាលា​​ដំបូង​ចេញដីកា​​ឃុំ​ខ្លួន​នៅពន្ធ​នាគារ​​ខេត្ត​សៀម​រាប​​។ នេះ​ជា​អ្នក​ទី២​និងទី៣​ហើយ​ដែល​អតីត​មន្ត្រី​ប៉ូលិស​​ខេត្ត​បន្ទាយ​មានជ័័យ​​​ត្រូវ​បាន​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​​នៅពន្ធ​នាគារ​ខេត្ត​សៀម​រាប​ដែល​ជន​ទី​១​គឺ​លោក​នួន វណ្ណា អតីត​ប្រធាន​ពន្ធនា​គារ​ខេត្ត​បន្ទាយ​​មាន​ជ័យ។ ការ​សំរេច​ឱ្យ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ខេត្ត​សៀម​រាប​នេះ គឺ​ដើម្បី​រក្សា​សុវត្ថិ​ភាព​ដល់​ពិរុទ្ធ​ដែល​មាន​អំណាច​​ខាង​ចាប់​ចង​ទាំង​នេះ​​ឱ្យ​គេច​ផុត​ពី​ការ​ប្រឈម​មុខ​​នឹង​ក្រុម​អ្នក​ទោស​ដែល​អាច​មាន​កំហឹង​ជាយថា​ហេតុ។ ការ​ព្យាយាម​ធ្វើ​ការ​សាក​សួរ​ទៅ​កាន់​មន្ត្រី​តុលា​ការ​ខេត្ត​សៀម​រាប-​ឧត្តរ​មាន​ជ័យ និង​មន្ត្រី​ពន្ធនា​គារ​ខេត្ត​សៀម​រាប ត្រូវ​បាន​ទទួល​ការ​បំភ្លឺ​ថា មិន​បាន​ដឹង​ថា អតីត​ស្នង​ការ​-​ស្នង​ការ​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀម​រាប​ទេ។ មន្ត្រី​នានា​ដែល​បាន​សាក​សួរ​ពី​ដំណើរ​ការ​នៃ​នីតិ​វិធី​ចុង​​ក្រោយ​នេះ​ មិន​ត្រូវ​បាន​លំអិត​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​នោះ​​ឡើយ។
ចំណែក​លោក​ម៉ឹក ដារ៉ា អតីត​ប្រធាន​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ និង​មន្ត្រី​ក្រោម​ឱវាទ​ម្នាក់​គឺ​លោក​ជា ​ឡេង តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ មករា។ មាន​ការ​កត់​សំគាល់​ថា បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​មន្ត្រី​ប៉ូលិស​ថ្នាក់​ខ្ពស់​ជា​បន្ត​បន្ទាប់​ដែល​ទំនង​ជា​ទាក់​ទិន​​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ មករា មន្ត្រី​ក្រសួង​មហា​​ផ្ទៃ​ក៏​ដូច​ជា​មន្ត្រី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មិន​បាន​ផ្តល់​ព័ត៌​មាន​ផ្លូវ​ការ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ឃាត់​ខ្លួន​ទាំង​នេះ​ទេ ដោយ​បាន​សំអាងថា កំពុង​មាន​ការ​ស៊ើប​អង្កេត​ និង​សាក​សួរ​មិន​អាច​ផ្តល់​ព័ត៌​មាន​លំអិត​ណា​មួយ​បាន​ទេ ​ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត។ លោក​​តន់ សីហ​តេជៈ ព្រះ​រាជ​អាជ្ញា​អម​​សាលា​ដំបូង​​ខេត្ត​បន្ទាយ​មាន​​ជ័យ ត្រូវ​បាន​ព្រឹត្តិ​បត្រ​ព័ត៌​មាន​​ដក​ស្រង់​ប្រសាសន៍​ថា លោក​ហ៊ុន ហ៊ាន និង​លោក​ឈៀង សុន ​ត្រូវ​បញ្ជូន​មក​តុលា​ការ​​នៅ​ថ្ងៃ​នេះ (១៤ មករា)។ លោក​តន់ សីហ​តេជៈ ត្រូវ​បាន​ដក​ស្រង់​សំដី​បន្ត​ថា សំណុំ​រឿង​នេះ​ត្រូវ​តែ​បញ្ជូន​មក​តុលា​ការ​មិន​ឱ្យ​ហួស​ថ្ងៃ​នេះ​ទេ ពី​ព្រោះ​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​ឃុំ​ខ្លួន​ពួក​គេ​បាន​ត្រឹម​តែ​រយៈ​ពេល​៤៨​ម៉ោង​​ប៉ុណ្ណោះ៕

No comments: