ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១១លោកព្រឹទ្ធាចារ្យហ៊ុន នាង និងក្រុមការងារបានអញ្ជើញជាអធិបតីអមដំណើរដោយលោកឧកញ៉ាចាយ សៀងអ៊ី និងលោកកង សូសាទី ក្នុងពិធីប្រគេនម៉ាស៊ីនភ្លើងមួយគ្រឿង និងឧបករណ៍បំពាក់មួយកំប្លេដល់វត្តធម្មាឧត្តម ហៅវត្តអម្ពិល ស្ថិតក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ពិធីវេរប្រគេនម៉ាស៊ីនភ្លើងដល់ព្រះសង្ឃវត្តអម្ពិលនេះធ្វើឡើងនៅបណ្ណាល័យហ៊ុន នាង វត្តបទុមវតី ដោយព្រះសង្ឃនិងគណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពលរដ្ឋឃុំបឹងដោលនិមន្ត និងអញ្ជើញមកទទួលផ្ទាល់ពីលោកព្រឹទ្ធាចារ្យហ៊ុន នាង។
តំណាងលោកព្រឹទ្ធាចារ្យហ៊ុន នាង បានឲ្យដឹងថាលោកព្រឹទ្ធាចារ្យហ៊ុន នាងតែងតែមានចិត្តសប្បុរសផ្តល់ម៉ាស៊ីនភ្លើង និងឧបករណ៍សម្ភារៈគ្រប់យ៉ាងបំរើដល់ផលប្រយោជន៍ទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយមកដល់ពេលនេះមានម៉ាស៊ីនភ្លើងចំនួន២៣៤គ្រឿងហើយដែលលោកព្រឹទ្ធាចារ្យបានប្រគល់ និងប្រគេនដល់វត្ត និងប្រជាពលរដ្ឋនៅបណ្តាវត្តនៅទីជនបទ។
នៅក្នុងពិធីប្រគេន និងទទួលម៉ាស៊ីនភ្លើងនេះព្រះចៅអធិការវត្តអម្ពិល ព្រះនាមគាង សុភាព និងតំណាងគណៈកម្មការអាចារ្យវត្ត ប្រជាពលរដ្ឋបានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅរកអ្វីប្រៀប ផ្ទឹមពុំបានឡើយចំពោះគុណូបក្ការៈគុណរបស់លោកព្រឹទ្ធាចារ្យហ៊ុន នាង ដែលបានចំណាយទ្រព្យ សម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីជាវម៉ាស៊ីនភ្លើង និងមីក្រូដើម្បីប្រគេនដល់វត្តអម្ពិលសម្រាប់ប្រើ ប្រាស់ក្នុងពិធីបុណ្យផ្សេងៗនៅក្នុងវត្ត។
ព្រះចៅអធិការវត្ត គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋចំណុះជើងវត្តអម្ពិលបានបួង សួងប្រសិទ្ធពរជ័យ និងថ្លែងអំណរគុណចំពោះលោកព្រឹទ្ធាចារ្យហ៊ុន នាង សូមឲ្យទេវតាថែរក្សាក្នុងលោកតាមជួយថែរក្សាលោកព្រឹទ្ធាចារ្យទទួលបានសិរីសួស្តីបវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ។
នៅព្រឹកថ្ងៃដដែលនេះដោយបានការអនុញ្ញាតិពីលោកព្រឹទ្ធាចារ្យហ៊ុន នាងប្រធានមូលនិធិ សម្តេចជួន ណាតលោកកង សូសាទី អនុប្រធានទី២មូលនិធិសម្តេចជួន ណាតបានដឹកនាំក្រុមការងារបើកកិច្ចប្រជុំការងារនៅស្នាក់ការធំមូលនិធិសម្តេចជួន ណាតដើម្បីរៀបចំសកម្មភាពរបស់មូលនិធិ។
លោកកង សូសាទីក្នុងនាមតំណាងលោកព្រឹទ្ធាចារ្យហ៊ុន នាង បានផ្តាំផ្ញើដល់មន្រ្តី បុគ្គលិកទាំងអស់នៃមូលនិធិសម្តេចជួន ណាត ត្រូវមានទឹកចិត្តស្មោះត្រង់ និងធ្វើសកម្មភាពដើម្បីបំរើមនុស្សធម៌ សង្គមជាតិ និងវិស័យព្រះពុទ្ធសាសនាដោយមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក។ ព្រោះយើងដឹងហើយថាមូលនិធិសម្តេចជួន ណាតគឺមានចរិកមនុស្សធម៌។
លោកកង សូសាទីបានណែនាំដល់អង្គប្រជុំទាំងអស់គោរពអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់លោកព្រឹទ្ធាចារ្យហ៊ុន នាងដើម្បីឈានទៅសម្រេចគោលដៅរបស់មូលនិធិដែលជាគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធាចារ្យហ៊ុន នាង ដើម្បីទ្រទ្រង់ដំណើរការមូលនិធិនេះក្នុងគោលបំណងបំរើជាតិ សាសនាឲ្យបានរុងរឿង៕
No comments:
Post a Comment