ភ្នំពេញ: ឧត្តមសេនីយ៍មឹក តារា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងលោកជា ឡេង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដែលត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនដើម្បីសួរនាំពាក់ពន្ធ័នឹងអំពើពុករលួយក្នុងសំណុំរឿងគ្រឿងញៀននោះ សមត្ថកិច្ចមិនទាន់សម្រេចថាចាត់ការយ៉ាងណានៅឡើយទេ។
អ្នកទាំងពីរនេះត្រូវបានប្រភពឲ្យដឹងថានឹងត្រូវគេឃុំខ្លួនមួយរយៈទៀតសិនដើម្បីបន្តការស៊ើបអង្កេត។ សំណុំរឿងនេះអាចចាត់ទុកជារឿងធំមួយដែលត្រូវការការសាកសួរឲ្យបាន លម្អិត។ ឥឡូវនេះ ពួកគេកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃដដែល។
ចំណែកឯលោកហ៊ុន ហ៊ាន និងលោកឈៀងសុន អតីតស្នងការ និងស្នងការរងខេត្តបន្ទាយមានជ័យដែលត្រូវបានគេចាប់ខ្លួនក្នុងសំណុំរឿងនេះដែរត្រូវបានបញ្ជូនទៅខេត្តបន្ទាយមានជ័យវិញនៅថ្ងៃនេះដើម្បីឲ្យតុលាការបន្ទាយមានជ័យចាត់ការ។ នៅរសៀលនេះ តុលាការខេត្ត បន្ទាយមានជ័យកំពុងសាកសួរមន្ត្រីប៉ូលិសទាំងពីរ។ ប្រភពឲ្យដឹងថាសំណុំរឿងនេះនឹងត្រូវគេផ្ទេរមកឲ្យសមត្ថកិច្ចតុលាការខេត្តសៀមរាបដើម្បីចាត់ការវិញបន្ទាប់ពីសាកសួរចប់។
នៅរសៀលថ្ងៃនេះដែរ លោកប៊ី ណាស៊ី ប្រធានរដ្ឋបាលនៃការិយាល័យប្រឆាំងគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រូវបានគេនាំខ្លួនចេញពីស្នងការដ្ឋានទៅកាន់តុលាការខេត្តដើម្បីសាកសួរក្នុងសំណុំរឿងអាស្រូវគ្រឿងញៀនដដែលនេះ។
លោកចៅក្រម អាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យជាអ្នកសាកសួរ។ ប្រភពព័ត៌មានថា លោកឌី ណាស៊ីក៏នឹងត្រូវបញ្ជូនមកភ្នំពេញដែរដើម្បីសាកសួរបន្ត៕
ដោយ : ស៊ីអ៊ីអិន
No comments:
Post a Comment