ក្នុងលិខិតចុះថ្ងៃទី១៣មករា ឆ្នាំ២០១១ ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី បានលើកឡើងថា ប្រជាកសិករខ្មែរ កំពុងប្រឈមនឹងតម្លៃស្រូវចុះថោករហូតដល់តិចជាង ៦០០ រៀល ក្នុងមួយគីឡូក្រាម ហើយនៅកន្លែងខ្លះ គ្មានអ្នកទិញផង បើទោះបីជាតម្លៃនេះ មិនស្មើនឹងការចំណាយសម្រាប់ការផលិតរបស់ពួកគាត់ផង។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ជាកសិករភាគច្រើន បានចងការប្រាក់ពីឈ្មួញកណ្តាល និងពីបណ្តាស្ថាប័នហិរញ្ញវត្ថុនានា ដែលមានការប្រាក់ខ្ពស់លើសពី ៣០% នៃប្រាក់កំចីក្នុងមួយឆ្នាំ ដើម្បីការចំណាយលើការផលិត ជាពិសេសលើដំណាំស្រូវ ហើយត្រូវការប្រាក់ ដើម្បីធ្វើការទូទាត់សងលើម្ចាស់បំណុលនៅពេលច្រូតកាត់នោះ តែដោយតម្លៃស្រូវបច្ចុប្បន្នមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលតម្លៃនេះ ពុំអាចឲ្យកសិករមានលទ្ធភាពសងបំណុល ឬខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងលិខិតដដែល ក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលការណ៍ក្នុងការជួយពង្រឹងដល់ការផលិតដំណាំស្រូវ សម្រាប់ការនាំចេញទៅលក់នៅក្រៅប្រទេសដល់ ១ លានតោន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយដោយរាជរដ្ឋាភិបាលនៅឆ្នាំ២០០៩ បានស្នើឲ្យរដ្ឋសភាអនុម័តច្បាប់កែតំរូវ ស្តីពី ហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ២០០៩ ដើម្បីបន្ថែមឥណទានពិសេសនូវទឹកប្រាក់ចំនួន ៧២,០០០ លានរៀល ដើម្បីជាមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍កសិកម្ម មានគោលដៅរយៈពេលខ្លីមធ្យម និងវែងនោះ។
ក្នុងនោះ ក្រុមអ្នកតំណាងរាស្ត្របានសំណូមពរដល់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ថវិកានេះ និងមានគោលដៅជាបន្ទាន់មួយចំនួន ដើម្បីជួយសង្គ្រោះកសិករខ្មែរ ដូចជា ប្រើប្រាស់ប្រាក់មូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍កសិកម្ម ដើម្បីជួយ
ទិញស្រូវពីប្រជាពលរដ្ឋក្នុងតម្លៃសមស្របមួយ ដើម្បីទប់ទល់នឹងការបន្ទោកតំលៃត្រូវពីពួកឈ្មួញ ផ្តល់ព័ត៌មានពីតំលៃស្រូវ និងអង្ករលើទីផ្សារ និងបើកចំហរទីផ្សារដល់ឈ្មួញពីប្រទេសជិតខាង បើគេហ៊ានផ្តល់តំលៃខ្ពស់ ដោយមានការគ្រប់គ្រងត្រឹមត្រូវក្នុងការធានាតំលៃស្រូវខ្ពស់តាមទីផ្សារផង និងជៀសវាងការខ្វះស្រូវសំរាប់ការផ្គត់ផ្គង់ក្នុងស្រុក ជាដើម៕
ដោយ : លីហូវ
No comments:
Post a Comment