រាជធានីភ្នំពេញ ៖ លិខិតផ្លូវការចុះថ្ងៃទី១៩ មករា របស់ក្រសួងយុត្តិធម៌ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីអង្គ វង្សវឌ្ឍានា បានបញ្ជូនទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីនិងខេត្ត ឱ្យធ្វើរបាយការណ៍បូកសរុបបន្ទាន់មួយផ្ញើមកក្រសួង ដើម្បីត្រួតពិនិត្យជុំវិញការគ្រប់គ្រងអ្នកទោសទាំងទណ្ឌិត និងពិរុទ្ធជន ដែលកំពុងជាប់ក្នុងពន្ធនាគារដទៃទៀត ។ លិខិតរបស់ក្រសួងយុត្តិធម៌បានសរសេរថា កន្លងមក ក្រសួងយុត្តធម៌បានទទួលព័ត៌មានពីភាពមិនប្រក្រតីមួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងការឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួនមួយចំនួន ហើយនាពេលថ្មីៗនេះទៀត ក៏មានលេចឮនូវព័ត៌មានទាក់ទងនឹងករណីដែលទណ្ឌិត និងបុគ្គលឃុំខ្លួនមួយចំនួន ត្រូវបានអនុញ្ញាតឱ្យមានសេរីភាពនៅក្រៅឃុំដោយមិនប្រក្រតីនិងមិនត្រឹមត្រូវតាមនីតិវិធី និងគោលការណ៍នៃច្បាប់ជាធរមាន ។ ខ្លឹមសារលិខិតដដែលបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃច្បាប់ ក៏ដូចជាធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្រសួងយុត្តិធម៌សូមរំលឹក និងណែនាំដល់អយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ដូចតទៅ ៖
១-ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យបានត្រឹមត្រូវនិងឱ្យមានប្រសិទ្ធភាព ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌនៅក្នុងការងារ ត្រួតពិនិត្យពន្ធនាគារ និងមណ្ឌលឃុំខ្លួនទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ។
២-ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបញ្ជីឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួនទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់នីតិវិធីធ្វើអធិការកិច្ចឱ្យបានទៀងទាត់ និងជាប្រចាំដើម្បីធានាឱ្យបាននូវនីត្យានុកូលភាពនៃការឃុំខ្លួន និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ជាពិសេស ធានាបាននូវប្រសិទ្ធភាព និងការគោរពសេចក្តីសំរេច ឬសេចក្តីបង្គាប់របស់អាជ្ញាធរតុលាការនានា ។
៣-ត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្នុងករណីពិនិត្យឃើញមានភាពមិនប្រក្រតី ទាក់ទងនឹងការគ្រប់គ្រង ការឃុំខ្លួនបុគ្គល ជាពិសេសការដោះលែងបុគ្គល ឃុំខ្លួនមិនប្រក្រតី និងការឃុំខ្លួនបុគ្គលខុសនីតិវិធី ។
ទទួលយកបាននូវការណែនាំនេះ សូមលោកព្រះរាជអាជ្ញាអមសាលាសំបូងរាជធានី-ខេត្តទាំងអស់ ចាត់វិធានការអនុវត្តជាបន្ទាន់ឱ្យមានប្រសិទ្ធភាព និងធ្វើរបាយការណ៍បូកសរុបមកក្រសួងយុត្តិធម៌ឱ្យបានឆាប់ ដើម្បីក្រសួងមានមូលដ្ឋានពិនិត្យ និងចាត់ការបន្តក្នុងករណីចាំបាច់ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment