ភ្នំពេញ ៖ សាលារៀនអេស អូ អេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២២ មករាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វាជាគម្រោងទី៦ ដែលក្នុងចំណោមគម្រោងជាង ១០ ដែលអង្គការភូមិកុមារ អេស អូ អេស អន្តរជាតិបានចុះហត្ថលេខាជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីប៉ុន្មានឆ្នាំមុននោះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ចឱ្យដឹងថា សាលារៀនអេស អូ អេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញ មានលទ្ធភាពទទួលសិស្សឱ្យចូលរៀនបានចំនួន ៤០០ នាក់ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ហើយតម្លៃនៃការសាងសង់រួមទាំងសំភារៈបំពាក់ផងមានតម្លៃ ១,១ លានដុល្លារសហរដ្ឋអាមេរិក ហើយជារួមតម្លៃនៃគម្រោងទាំង៦ ដែលបានសម្ពោធរួចហើយនេះគឺ មាន៩លានដុល្លារ ។ សម្រាប់ការចំណាយប្រចាំឆ្នាំនៃដំណើរការមានចំនួនប្រមាណ ៣០ ម៉ឺន ដុល្លារអាមេរិក ។
នៅក្នុងសង្កថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានកត់សម្គាល់ និង បង្ហាញនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំទៅលើកម្មវិធីភូមិកុមារ អេស អូ អេស កម្ពុជា ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្មវិធីភូមិកុមារ អេស អូ អេស អន្តរជាតិនោះ នឹងបន្តពង្រីកបណ្តាញវិធីភូមិកុមារ អេស អូ អេស កម្ពុជា និងសាលារៀនឱ្យបានច្រើនថែមទៀតក្នុងគោលដៅចូលរួមលើកកម្ពស់ការអភិវឌ្ឍកុមារដើម្បីបម្រើឱ្យបុព្វហេតុសុខុមាលភាពកុមារជាសកល ហើយក៏បានបង្ហាញពីកត្តាសំខាន់ៗ ដែលនាំឱ្យមានជំនឿពីគ្រប់មជ្ឈដ្ឋានដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏ថ្លៃថ្លា និង ប្រកបដោយមនុស្សធម៌របស់ អង្គការភូមិកុមារ អេស អូ អេស អន្តរជាតិ ដែលបានបន្តវេននិងពង្រីកស្នាដៃដ៏ពិសិដ្ឋរបស់លោកបណ្ឌិត ហ័រម៉ាន មៃន័រ ជាជនជាតិអូទ្រីស ជាស្ថាបនិកដំបូងបង្អស់ ដែលបានបង្កើតឡើងនូវសមិទ្ធផលជាច្រើន ដើម្បីជួយដល់កុមាររងគ្រោះ នៅលើសកលលោកនោះ ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា នៅកម្ពុជាកត្តាសន្តិភាព និង ស្ថិរភាពនយោបាយវាសំខាន់ ណាស់ ព្រោះថាបើគ្មានសន្តិភាព បើគ្មានជីវិតគង់វង្សទេ សូមកុំនិយាយដល់ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្ស ហើយបើសិនជាទុកឱ្យកុមារគ្មានសាលារៀន ពួកគេមិនចេះអក្សរកុំនិយាយទៅដល់សិទ្ធិបញ្ចេញមតិ តើមានសិទ្ធិបញ្ចេញមតិមកពីណា បើពួកគេមិនចេះអក្សរនោះ ។
សម្តេចតេជោថ្លែងបន្តថា ដើម្បីឱ្យមានសេរីភាពពេញលេញវាត្រូវចាប់ផ្តើមពីសេរីភាពនៃការរស់រានមានជីវិត សេរីភាពនៃការទទួលបានចំណីអាហារ ការថែទាំសុខភាព សិទ្ធិសេរីភាពនៃការទទួលបានការសិក្សា ការបណ្តុះបណ្តាល ដែលកត្តាទាំងអស់នេះវាជាចង្កោមមិនអាចបេះចេញពីគ្នាបានឡើយ ។ សម្តេច ហ៊ុន សែន មានប្រសាន៍ថា រាជរដ្ឋាភិបាលបានខិតខំលើកតម្កើងសិទ្ធិមនុស្សតាមរយៈការវិនិយោគទៅលើវិស័យសុខាភិបាលដើម្បីពង្រឹងសុខុមាលភាព របស់ប្រជាជន ហើយរដ្ឋាភិបាលក៏បានវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំ ដើម្បីឱ្យកុមារ និងយុវជនមានឱកាសក្នុង ការចូលសិក្សារៀនសូត្រផងដែរ ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា សាលារៀនអេស អូ អេស ហ័រម៉ាន ម៉ៃន័រ ភ្នំពេញ ដែលបានសម្ពោធនេះជាសមិទ្ធផលថ្មីមួយទៀតរបស់អង្គការភូមិកុមារ អេស អូ អេស អន្តរជាតិផ្តល់ជូនប្រជាជនកម្ពុជាតាមរយៈនៃការខិតខំប្រឹងប្រែងរបស់លោក ហិលមុត គូទីន ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន និង សមាជិកអង្គការSOS-KDI ទាំង ១៣៣ ប្រទេសនៅលើពិភពលោកនោះ ។ ឯកឧត្តម រដ្ឋមន្ត្រីថ្លែងថា គម្រោងទី៧ របស់អង្គការភូមិកុមារ អេស អូ អេស អន្តរជាតិ គឺការសាងសង់ភូមិកុមារ អេស អូ អេស នៅខេត្តរតនគីរី ដែលគ្រោងនឹងសម្ពោធជាផ្លូវការនៅដើមឆ្នាំក្រោយនេះ ។
នៅក្នុងសុន្ទរកថា លោក ហិលមុត គូទីន ប្រធានអង្គការភូមិកុមារ អេស អូ អេស អន្តរជាតិ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការរបស់លោកដែលជាកត្តាធ្វើឱ្យគម្រោងការទាំងឡាយមានដំណើរការយ៉ាងល្អប្រសើរ និង ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នោះ ។ លោក គូទីន ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីអនុវត្តតាមគម្រោងការនានាដែលបានគ្រោងទុកផងដែរ ។
គម្រោងសាងសង់ភូមិកុមារចំនួន៣ទៀតរបស់អង្គការភូមិកុមារ អេស អូ អេស អន្តរជាតិ គឺស្ថិតនៅក្នុងខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តព្រៃវែង៕
ស្នាយពល
No comments:
Post a Comment