ភ្នំពេញ: កិច្ចប្រជុំលើកទី៤របស់គណៈកម្មការចម្រុះ កម្ពុជា-ជប៉ុន ទាក់ទិនទៅនឹងវិស័យវិនិយោគទុន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១១ខាងមុខនេះ ដែលកម្ពុជាប្តូរវេនធ្វើជាម្ចាស់ផ្ទះក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនជប៉ុន ដែលកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
លោកសួន សិទ្ធី អគ្គលេខាធិការ រងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើង អំពីបញ្ហានេះក្នុងខណៈពេលដែលលោកបានទទួលជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោកអាកាស៊ូកូរិ អនុប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលអន្តរជាតិជប៉ុន កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១១នេះ នៅទីស្តីការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។
លោកសួន សិទ្ធី បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏មានសារៈប្រយោជន៍របស់ គណៈប្រតិភូ និងបានជម្រាបជូនភ្ញៀវអំពីគោលនយោបាយវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ដូចជា ការរៀបចំយន្តការច្រកចេញចូលតែមួយ យន្តការថែទាំអ្នកវិនិយោគ និងយន្តការប្រព័ន្ធកត់ត្រាតួលេខវិនិ យោគ យន្តការផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគជាដើម។
លោកបានមានប្រសាសន៍ថា កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីជម្រុញ និងការពារការវិនិយោគនៅឆ្នាំ២០០៧ ។ ក្នុងគោលបំណងជម្រុញការវិនិយោគពីប្រទេសជប៉ុន មកកម្ពុជាឱ្យកាន់តែច្រើននោះ ប្រទេសទាំងពីរបានរៀបចំគណៈកម្មការចម្រុះមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនជប៉ុន ដែលកំពុងតែវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកដោយផ្តោតទៅ លើការងារទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា។
ជាមួយគ្នានោះដែរលោកអាកាស៊ូកូរិ មានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកវិនិយោគិនជប៉ុនកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពល និងកាលានុវត្តន៍ភាពនៃការវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ដូចគ្នាទៅនឹងការវិនិយោគទុនរបស់វិនិយោគិនជប៉ុន នៅក្នុងប្រទេសវៀតណាមដែរ។
លោកអាកាស៊ូកូរិ បានលើកសរសើរពីគោលនយោបាយវិនិយោគ និងបរិយាកាសវិនិយោគនៅ កម្ពុជា កំពុងតែមានភាពប្រសើរឡើង ហើយលោកក៏បានឆ្លើយតបទៅនឹងសំណូមពររបស់លោកសួន សិទ្ធី ថា លោកនឹងខិតខំផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីជម្រុញឱ្យអ្នកវិនិយោគជប៉ុនឱ្យចាប់ អារម្មណ៍ពីឱកាសវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែខ្លាំងថែមទៀត៕
ដោយ : ចក្ខុ CEN
No comments:
Post a Comment