ខេត្តសៀមរាប ៖ ជ្រូកក្រហមមានប្រភពពីប្រទេសសៀមកំពុងត្រូវបានអនុញ្ញាតឱ្យនាំមកកាន់ទីផ្សារទេសចរណ៍ខេត្តសៀមរាបយ៉ាងភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ដោយក្រុមហ៊ុនចំនួនពីរ និងកំពុងធ្វើឱ្យកសិករបោះបង់ចោលការចិញ្ចឹមជ្រូកហើយ។ ចំណែកកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចៗក្នុងតំបន់មួយចំនួនកំពុងប្រឈមទៅនឹងការដួលរលំនាពេលឆាប់ៗខាងមុខ បើសិនពុំមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលទេ។ អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោកមឿង សុនិត្យាបានឆ្លើយចំពោះការសួរព័ត៌មានទាក់ទិនជាមួយការនាំជ្រូកក្រហមពីប្រទេសសៀមចូលមកកាន់ខេត្តសៀមរាបនោះ ដោយម្តងលោកបដិសេធថា ពុំមានការនាំចូលជ្រូកប្រភេទនោះទេ ។ បន្ទាប់មកឆ្លើយថា មានក្រុមហ៊ុនមួយមានច្បាប់នាំចូលជ្រូកប្រភេទនេះ២០ក្បាលក្នុងមួយថ្ងៃ ម្តងទៀតបង្វែរសំណួរឱ្យទៅសួរការិយាល័យជំនាញដែលនៅក្រោមឱវាទមន្ទីរនោះទៅវិញ។
ប្រធានការិយាល័យបសុសត្វខេត្តសៀមរាប លោកព្រំ វិច បានឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែមករា ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរត្រូវបានគេអនុញ្ញាតឱ្យនាំជ្រូករស់ពីប្រទេសសៀមចូលមកកាន់ទីផ្សារទេសចរណ៍សៀមរាបគឺ១-ក្រុមហ៊ុនចន្ធូមានជ័យ ដែលបានដំណើរការអស់រយៈពេលពីរខែមកហើយ មានសិទ្ធិនាំជ្រូកពីសៀម១០០ក្បាលក្នុងរយៈពេលពីរថ្ងៃម្តង។ ចំណែកក្រុមហ៊ុនមួយទៀតគឺក្រុមហ៊ុនថូគឹមស្រៀងទើបតែដំណើរការបានរយៈពេលមួយខែអាចនាំចូលជ្រូកចំនួន១០០ក្បាលក្នុងពេលពីរថ្ងៃដូចគ្នា។ លោកបានបន្តថា មូលហេតុដែលយើងអនុញ្ញាតឱ្យមានការនាំជ្រូកពីប្រទេសសៀមចូលមកទីផ្សារសៀមរាបយ៉ាងដូច្នេះ ដោយសារតែការចិញ្ចឹមជ្រូកនៅក្នុងតំបន់មិនអាចផ្គត់ផ្គង់តាមតំរូវការទីផ្សារ បន្ទាប់ពីប្រទេសកម្ពុជាបានជួបវិបតិ្តជំងឹជ្រូកត្រចៀកខៀវកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០កន្លងទៅនេះ។
លោកប្រធានការិយាល័យបន្តថា ក្រៅពីជ្រូកនាំចូលដោយក្រុមហ៊ុនទាំងពីរខាងលើ នៅមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗចំនួនពីរទៀតរបស់ក្រុមហ៊ុនស៊ីភីភី ដែលមានថៅកែជនជាតិសៀមនៅឯស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ ទន្ទឹមនោះក៏នៅមានកសិដ្ឋានតូចៗរបស់ខ្មែរយើងប្រមាណជាង២០០ក្បាលជ្រូកក្នុងមួយថ្ងៃៗ និងប្រមាណជាង១០០ក្បាលផ្សេងទៀតសំរាប់ស្រុកទាំង១១របស់ខេត្ត។ លោកបញ្ជាក់ថា ក្រុមហ៊ុននាំជ្រូកចូលពីប្រទេសសៀមនោះដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតពីនាយកដ្ឋានផលិតកម្មបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានលិខិតបញ្ជាក់ឱ្យបានត្រឹមត្រូវពីប្រទេសសៀមអំពីគុណភាព ហើយពេលដឹកមកដល់គោលដៅត្រូវមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីពេទ្យសត្វរបស់យើងមុននឹងចូលទៅកាន់ទីសត្តឃាត។
ក្រុមអ្នកវិភាគនិយាយថា ការអនុញ្ញាតឱ្យក្រុមហ៊ុននាំជ្រូកពីប្រទេសសៀមយ៉ាងច្រើនចូលវាយលុកទីផ្សារក្នុងស្រុកបែបហ្នឹង បានធ្វើឱ្យប្រជាកសិករមួយចំនួនដែលមានមុខរបរចិញ្ចឹមជ្រូកលក់កំពុងតែប្រឈមទៅនឹងការដួលរលំ និងបោះបង់ចោលមុខរបររបស់ពួកគេជាបណ្តើរៗ ដោយសារតែមិនអាចមានលទ្ធភាពប្រកួតប្រជែងតំលៃក្នុងទីផ្សារបាន។ លោកប៊ូ កុកហួរ ជាកសិករគំរូមួយរូបធ្លាប់បានទទួលប័ណ្ណសរសើរប្រចាំប្រទេសលើកិច្ចការចិញ្ចឹមជ្រូកបច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមជ្រូកធំល្មមដែលមានជ្រូកមេពូជចំនួន៩ក្បាល និងជ្រូកសាច់ប្រមាណ៥០ក្បាលនៅក្នុងភូមិល្អក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលើកឡើងថា ការអនុញ្ញាតឱ្យនាំជ្រូកពីប្រទេសសៀមចូលមកខេត្តទេសចរណ៍សៀមរាបនេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរយើងដែលពឹងផ្អែកទៅលើមុខរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារតជំនាន់ជាយូរមកហើយ។ លោកបានបន្ថែមថា តាមការកត់សំគាល់ចាប់តាំងពីជ្រូកសៀមត្រូវបាននាំចូលយ៉ាងភ្លូកទឹកភ្លូកដីរហូតមកឃើញថា ការចិញ្ចឹមជ្រូកនៅតាមកសិដ្ឋានតូចៗមានការដួលរលំ ហើយការចិញ្ចឹមជាលក្ខណៈគ្រួសារក៏មានការថយចុះគួរឱ្យកត់សំគាល់ ដោយសារតែមិនអាចធ្វើការប្រកួតប្រជែងទីផ្សារជាមួយជ្រូកនាំចូលពីប្រទេសសៀមដែលចិញ្ចឹមតាមបែបឧស្សាហកម្មបាន។
ម្យ៉ាងទៀតមួយរយៈពេលនេះនៅស្រុកយើងមានកើតជំងឺជ្រូកត្រចៀកខៀវធ្វើឱ្យជ្រូកឈឺងាប់ ហើយអ្នកខ្លះបង្ខំចិត្តលក់ជ្រូកក្នុងតំលៃថោកខាតអស់រាប់ពាន់រាប់ម៉ឺនដុល្លារបោះបង់ចោលការចិញ្ចឹមតទៅទៀត។ ការបោះបង់ចោលនូវការនិយមចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារក៏បានធ្វើឱ្យក្រុមប្រជាពលរដ្ឋមួយចំនួនដែលមានមុខរបរដឹកកូនជ្រូកលក់ទៅឱ្យកសិករនៅភូមិនានាត្រូវជួបវិបត្តិធ្ងន់ធ្ងរដូចគ្នាដែរ ដោយសារគ្មានការបញ្ជាទិញដូចពីពេលមុនៗ។ ជាមួយកូនជ្រូកតូចៗប្រមាណជាងដប់ក្បាលកំពុងបញ្ចេញសំលេងយំយ៉ាងទ្រហឹងនៅក្នុងទ្រុងដឹកតាមម៉ូតូកញ្ចាស់មួយគ្រឿង បុរសវ័យប្រមាណជាង៥០ឆ្នាំឈ្មោះយ៉យ សុង ជាអ្នកលក់កូនជ្រូកតាមភូមិនានាក្នុងស្រុកបាគងបានត្អូញត្អែរដែរថា ចំណូលប្រចាំថ្ងៃរបស់គាត់ស្ទើរតែត្រូវបានកាត់ផ្តាច់ទាំងស្រុងចាប់តាំងពីប្រជាពលរដ្ឋលែងនិយមចិញ្ចឹមជ្រូកនៅតាមផ្ទះ។ បុរសរូបនោះបានបន្តថា កាលពីមុនគាត់អាចទាញចំណូលបានចាប់ពីប្រាំពីរម៉ឺនទៅដប់ម៉ឺនរៀលពីការលក់កូនជ្រូក១០ទៅ១៥ក្បាលក្នុងមួយថ្ងៃៗ ប៉ុន្តែបច្ចុប្បន្នមានថ្ងៃខ្លះខាតដើមក៏មានដែរ ព្រោះកសិករខ្លះសុខចិត្តទុកទ្រុងនៅទំនេរមិនទិញកូនជ្រូកចិញ្ចឹម ដោយសារតែខ្លាចខាតចុងខាតដើមដូចគ្រាកន្លងទៅ ។
ខេត្តសៀមរាបត្រូវបានមើលឃើញថា មានបណ្តូលសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យទេសចរណ៍ ដោយសារខេត្តនេះពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងប្រាង្គប្រាសាទបុរាណដ៏សំបូរបែប ជាពិសេសអង្គរវត្តបេតិកភណ្ឌពិភពលោកដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជាងមួយលាននាក់ក្នុងមួយឆ្នាំៗមកទស្សនា ដោយនាំនូវចំណូលរាប់រយលានដុល្លារមកជាមួយ។ ប៉ុន្តែអ្វីដែលជាប្រការគួរឱ្យសោកស្តាយត្រូវបានក្រុមអ្នកវិភាគសេដ្ឋកិច្ចបានវិភាគថា ចំណូលប្រមាណជា៣០ភាគរយជារៀងរាល់ឆ្នាំត្រូវបានធ្លុះធ្លាយទៅប្រទេសក្បែរខាង រួមមានប្រទេសយួន និងសៀមតាមរយៈការដាំបន្លែ ត្រី សាច់ ដែលបញ្ហាហ្នឹងអាចរាំងខ្ទប់បានតាមកម្មវិធីខ្សែក្រវាត់ពណ៌បៃតង។
ចំណែកលោកស្រេង សិលា រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាបជាអ្នកទិញជ្រូកមកកាប់ចែកចាយទៅឱ្យអាជីវករលក់សាច់ជ្រូកក្នុងទីផ្សារនានានៃក្រុងសៀមរាបបានលើកឡើងថា បច្ចុប្បន្នការប្រមូលទិញជ្រូករស់នៅក្នុងតំបន់មានការលំបាកជាងមុន ដោយសារតែចំនួនប្រជាពលរដ្ឋចិញ្ចឹមជ្រូកមានការថយចុះ ហើយពេលនេះគាត់បានប្តូរទិញជ្រូកពីក្រុមហ៊ុននាំចូលពីប្រទេសសៀមម្តង គឺពីរថ្ងៃលោកទិញ៥០ក្បាលសំរាប់កាប់ចែកចាយ។
លោកបានបញ្ជាក់ថា ជ្រូកនាំចូលមានគុណភាពល្អជាងជ្រូកចិញ្ចឹមនៅក្នុងស្រុក ហើយជ្រូករស់នាំចូលទិញក្នុងតំលៃចាប់ពី៨.៧០០រៀលក្នុងមួយគីឡូក្រាម ថ្លៃជាងជ្រូករស់ក្នុងស្រុកជាង១.០០០រៀល។ សូមរំលឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០ កន្លងទៅ ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ការនាំជ្រូកចូលជាបណ្តោះអាសន្នដើម្បីការពារការឆ្លងជំងឺជ្រូកត្រចៀកខៀវនិងជំងឺផ្តាសាយជ្រូក ៕
លោកបានបញ្ជាក់ថា ជ្រូកនាំចូលមានគុណភាពល្អជាងជ្រូកចិញ្ចឹមនៅក្នុងស្រុក ហើយជ្រូករស់នាំចូលទិញក្នុងតំលៃចាប់ពី៨.៧០០រៀលក្នុងមួយគីឡូក្រាម ថ្លៃជាងជ្រូករស់ក្នុងស្រុកជាង១.០០០រៀល។ សូមរំលឹកផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១០ កន្លងទៅ ធ្លាប់បានអំពាវនាវឱ្យមានការទប់ស្កាត់ការនាំជ្រូកចូលជាបណ្តោះអាសន្នដើម្បីការពារការឆ្លងជំងឺជ្រូកត្រចៀកខៀវនិងជំងឺផ្តាសាយជ្រូក ៕
ដោយ ៖ កោះឯករាជ្យ
(រូបថត សំណាង)
No comments:
Post a Comment