ភ្នំពេញ៖ ដើមឆ្នាំ២០១០កន្លងទៅ បន្ទាប់ពីប្រមុខថ្នាក់ដឹកនាំព្រមានខ្លាំងៗ ទៅលើបុគ្គលខ្លះប្រើរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋឃើញថា សមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធខំប្រឹងដុតដៃដុតជើងដាក់ចេញនូវវិធានការក្ដៅគគុកបើកយុទ្ធនាការទ្រង់ទ្រាយធំប្រមូលយករថយន្ដពាក់ស្លាកលេខ ខ .ម និង ន .ប ទៅធ្វើការត្រួតពិនិត្យ។
ពេលចាប់ផ្ដើមយុទ្ធនាការដំបូងឃើញថា សមត្ថកិច្ចចម្រុះរួមមានកងរាជអាវុធហត្ថ នគរបាល និងមន្ដ្រីក្រសួងសាធារណការ បានសហការគ្នាចុះត្រួតពិនិត្យគ្រប់ច្រកល្ហក មើលទៅជាសកម្មភាពមួយល្អឥតខ្ចោះក្នុងការរឹតបន្ដឹងអ្នកប្រើប្រាស់រថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋ។ តែមកដល់ពេលនេះសកម្មភាពទាំងអម្បាលមាណបានចាប់ផ្ដើមរសាត់អណ្ដែតឆ្ងាយទៅៗពីចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ ដោយសារតែរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប ចាប់ផ្ដើមចាប់កំណើតឡើងវិញជាបណ្ដើរៗ ហើយភាគច្រើនជាប្រភេទរថយន្ដស៊េរីខ្ពស់ ជាពិសេសគឺរថយន្ដម៉ាកឡិចស៊ីស និងឡង់គ្រីស័រតែម្ដង។ ការបំពាក់ស្លាកលេខ ខ .ម ន .ប ដល់រថយន្ដស៊េរីខ្ពស់ទំនើបនេះ គឺដើម្បីគេចចេញពីការបង់ពន្ធផ្លូវដែលមានតម្លៃខ្ពស់ ដូច្នេះម្ចាស់រថយន្ដទាំងនោះមានតួនាទីត្រឹមតែជាមន្ដ្រីនគរបាល ជាមន្ដ្រីយោធា ហើយមានបងប្អូនជាអ្នកធំនៅក្នុងស្ថាប័នទាំង២នេះ ក៏រៀបចំឯកសាររត់ការយកស្លាកលេខ ខ .ម និង ន .ប មកបំពាក់លើរថយន្ដ ដើម្បីបន្លាចសមត្ថកិច្ច។
កន្លងមកមុនពេលដាក់ចេញនូវវិធានការក្ដៅ រថយន្ដស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋ ត្រូវបានគេប្រើប្រាស់យ៉ាងអនាធិបតេយ្យបំផុត សូម្បីតែរថយន្ដតាក់ស៊ីក៏មានបំពាក់ស្លាកលេខរថយន្ដប្រភេទខាងលើនេះដែរ ដែលធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងការគ្រប់គ្រង ហើយកាលណោះបទល្មើសជាច្រើនក៏បានកើតឡើងផងដែរ។ តែឥឡូវនេះវិធានការលុបបំបាត់រថយន្ដពាក់ស្លាកលេខ ខ .ម និង ន .ប ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធដូចជាបំភ្លេចចោលអស់ដែលជាឱកាសមួយធ្វើឱ្យមន្ដ្រីយោធានគរបាលដែលចូលចិត្ដយកឯកសណ្ឋាន និងឋានន្ដរស័ក្ដិបន្លាច សមត្ថកិច្ចនោះ ឥឡូវនេះមិនត្រឹមតែម្ចាស់ពាក់ឯកសណ្ឋានទាំងនោះទេ សូម្បីតែរថយន្ដរបស់ពួកគេក៏បានពាក់ស្លាកលេខ ខ .ម និង ន .ប ឱ្យបន្ថែមទៀត។
ជាក់ស្ដែងដូចជារថយន្ដពាក់ស្លាក លេខខេមរភូមិន្ទមួយគ្រឿងម្ចាស់រថយន្ដជាមន្ដ្រីយោធាម្នាក់ដែលកន្លងមកជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរៀបលក់ដីបឹង ហើយក្រោយមកម្ចាស់រថយន្ដនេះបានយកលុយទៅទិញស័ក្ដិចូលបម្រើក្នុងជួរអង្គរក្ស។ បន្ទាប់ពីបានឋានន្ដរស័ក្ដិរួចហើយម្ចាស់រថយន្ដឡិចស៊ីសនេះក៏បានយកស្លាកលេខ ខ .ម មកបំពាក់ឱ្យរថយន្ដថែមទៀត ដើម្បីបន្លាចសមត្ថកិច្ច និងគេចវេសមិនព្រមបង់ពន្ធផ្លូវ។ ខាងលើនេះគ្រាន់តែជាការលើកឡើងនូវរថយន្ដស៊េរីទំនើបដែលចាប់ផ្ដើមពាក់ស្លាកលេខ ខ .ម ឡើងវិញមួយគ្រឿងប៉ុណ្ណោះ ប្រសិនបើក្រសួងការពារជាតិចាត់មន្ដ្រីឱ្យឈរត្រួតពិនិត្យតាមផ្លូវជាតិវិញនោះ ប្រាកដជាមានរាប់រថយន្ដពាក់ស្លាក លេខខេមរភូមិន្ទ មិនអស់នោះទេ ហើយឥឡូវនេះភាគច្រើនសុទ្ធតែរថយន្ដស៊េរីទំនើបៗ។
ភាពចន្លោះប្រហោងក្នុងការបន្ដរឹតបន្ដឹងវិធានការលុបបំបាត់រថយន្ដពាក់ស្លាកលេខ ខ .ម ន .ប និងស្លាកលេខរដ្ឋពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនេះ គួរតែរំលឹកឡើងវិញដើម្បីអនុវត្ដតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ប្រសិនបើបណ្ដែតបណ្ដោយឱ្យមន្ដ្រីយោធា មន្ដ្រីនគរបាលដែលឆ្លៀតយកស្បែកខ្លាមកពាក់លើខ្លួន និងពាក់លើរថយន្ដតទៅទៀតនោះ សកម្មភាពរថយន្ដពាក់ស្លាកលេខ ខ .ម ន .ប នឹងវិលទៅរកភាពដើមជាក់ជាមិនខាន៕
ដោយ ៖ សណ្តោស
No comments:
Post a Comment