ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានអនុញ្ញាតអោយក្រុមថតខ្សែភាពយន្តអាមេរិក សេរី Transformers កាលពីថ្ងៃទី២០ មករា កន្លងទៅដើម្បីអោយពួកគេអាចដឹកនាំថតខ្សែភាពយន្តវិទ្យាសាស្ត្ររបស់ពួកគេនៅកម្ពុជាបាន។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា៖ "ខ្ញុំបានផ្តល់ភ្លើងខៀវដើម្បីអោយពួកគេអាចថតនៅសៀមរាប និងនៅភ្នំបូកគោតាមសំណើរបស់របស់ក្រុមហ៊ុនថតកុន"។
នៅក្នុងលិខិតដែលត្រូវបានផ្ញើមកលោករដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកនីកូឡា ស៊ីម៉ុន Nicholas Simon ផលិតកររបស់ Indochina Production បានសរសេរថា យើងចង់ថតភាពយន្តនៅកម្ពុជាពីព្រោះតែកម្ពុជាគឺជាប្រទេសដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់។ ទាំងប្រាសាទអង្គវត្ត និងទេសភាពធម្មជាតិដ៏ជាទីមនោរម្យរបស់កម្ពុជា។
ខ្សែភាពយន្ត Transformers នេះនឹងផ្តល់ការចាប់អារម្មណ៍ ហើយនឹងត្រូវគេមើលឃើញថា ខ្សែភាពយន្តនេះត្រូវបានថតនៅជុំវិញពិភពលោកនេះ។ នៅក្នុងលិខិតដដែលនោះ លោកនីកូឡាបានបញ្ជាក់ថា ផលិតកម្មនេះនឹងរំលេចសម្រស់របស់តំបន់ប្រាសាទអង្គរ ទៅកាន់អ្នកទស្សនានៅក្នុងពិភពលោក។
យោងតាមផលិតកររូបនេះ គឺមានមនុស្សជាង៥០០លាននាក់ដែលបានទស្សនា ខ្សែភាពយន្ត Trasformers ២វគ្គមុន។ លោកនីកូឡាបានបានសន្និដ្ឋានយ៉ាងដូច្នេះថា ជាមួយ Transformer វគ្គ៣ មនុស្សច្រើនលាននាក់បន្ថែមទៀតនឹងបានឃើញទេសភាពដ៏ស្រស់ត្រកាល និងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
Transformers គឺជាកម្រងខ្សែភាពយន្តវិទ្យាសាស្ត្ររបស់អាមេរិក Science-fiction Movie ដែលនិយាយអំពីមនុស្សយន្តការពារផែនដី។ ខ្សែភាពយន្តនេះត្រូវបានផលិត២វគ្គ មកហើយតាំងពីឆ្នាំ២០០៧ ហើយដែលទទួលការគាំទ្រយ៉ាងខ្លាំង។ Trasformers វគ្គ៣នេះមានចំណងជើងថា Dark of the Moon ដែលគ្រោងនឹងចេញលក់នៅលើទីផ្សារនៅថ្ងៃទី១កក្កដាឆ្នាំ២០១១នេះ៕
ដោយ : សម្បត្តិ CEN
No comments:
Post a Comment