Sunday, January 23, 2011

សម្រស់​ខ្សាច់​កែប ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខ្លាចរអា​

កែប: ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កំសាន្ដ​តាម​ឆ្នេរសមុទ្រ​ឲ្យ​បាន​ច្រើន​នោះ អាជ្ញាធរខេត្ត​កែប​បាន​ព្យាយាម​អភិវឌ្ឍន៍​លើ​គ្រប់​សមិទ្ធផល​ទាំងអស់ តាមរយៈ​សក្តានុពល​ដែល មាន​ស្រាប់​នូវ​អំណោយផល​ពី​ធម្មជាតិ ។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គ្រាប់​ខ្សាច់​តាម​ឆ្នេរសមុទ្រ​កែប​បាន​បង្ក​ការភ័យខ្លាច សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​លំហែកាយ​លើ​ខ្សាច់ ដែលជា​ធនធានធម្មជាតិ​នេះ ។​

​    ​ដោយសារតែ​សោភណភាព​ខ្សាច់​នៅ​ឆ្នេរកែប​កាន់តែ​បាត់បង់​ទៅៗ​រហូត​ប្រែជា​ពណ៌​ក្រ​ម៉ៅ ភ្ញៀវ​ទាំងឡាយ​ហាក់​មានការ​ខកចិត្ត ព្រោះ​មិន​ហ៊ាន​ចុះ​ហែល​លេង​កម្សាន្ត​ដោយសារ​ខ្លាច​ប៉ះ ពាល់​ដល់​សុខភាព​ផ្ទាល់ខ្លួន ។ ជាមួយ​ទិដ្ឋភាព​បែបនេះ មតិ​ប្រជាពលរដ្ឋ ក៏​ដូច ជា​មន្ត្រីរាជការ​មួយចំនួន​បាន​និយាយ​រិះគន់ថា បើសិនជា​ការផ្លាស់ប្តូរ​គុណភាព​ខ្សាច់​មិនត្រូវ​បានធ្វើ​ឡើង​ទេ ខេត្ត​មួយ​នេះ​នឹង​បាត់បង់​ចំណូល​ដល់​គ្រប់ផ្នែក​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​សេវាកម្ម​ទេសចរណ៍ ព្រោះតែ​ភ្ញៀវ​បង្វែ​ទិស​សំដៅទៅ​កន្លែង​ផ្សេង ។ 

​    ​អ្នកលក់ដូរ​តាម​ឆ្នេរសមុទ្រ​កែប​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ភ្ញៀវទេសចរ​ភាគច្រើន​មិន​ហ៊ាន​ចុះ​ហែល​ទឹក​លេង​ដូច​មុន​ទេ ព្រោះ​ពួកគេ​ឃើញ​ខ្សាច់​ពណ៌​អាក្រក់​ពេក ខ្លាច​ផ្តល់​ផល​អាក្រក់​ដល់​រាងកាយ​របស់​ពួកគាត់ ។ ដូច្នេះ​ការលក់ដូរ​របស់គាត់​ចំណូល​មិនសូវ​បានទេ ដោយ​ភ្ញៀវ​ខ្លះ​គេ​សុខចិត្ត​ជិះទូក​បន្តទៅ លេង​ដល់​កោះទន្សាយ​ឯណោះ ។ បើសិនជា​រដ្ឋ​មិន​ផ្លាស់ប្តូរ​ខ្សាច់​ទេ ពួកគាត់​ពិតជា​ដាច់បាយ​ហើយ ។​

​    ​លោក ហាស់ សារ៉េត អភិបាលខេត្ត​កែប​បាន​ឲ្យ​ដឹង កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១១​នេះ​ថា ចំពោះ​បញ្ហា​ខ្សាច់​នេះ លោក​បាន​គិតគូរ​តាំងពី​លោក​ទើបតែ​ចូល​មកដល់​ខេត្ត​នេះ​ម្ល៉េះ ព្រោះ​វា​ជា​ចំណុច មួយ​ដ៏​សំខាន់បំផុត​ក្នុងការ​ទាក់ទាញ​ភ្ញៀវ តែដោយសារ​ខេត្ត​នេះ​នៅ​ខ្វះ​សព្វ​មុខ​ពេក ។ តែ​ត្រូវ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស ពី​របប​ខ្យល់​ទឹកជោរ​នាច ដោយ​គម្រោង​នោះ​ត្រូវបាន​ថ្នាក់លើ​គាំទ្រ​ហើយ តែ​ដោយនៅ​ដំណាច់​ឆ្នាំមុន ការចំណាយ​ថ្នាក់ជាតិ​លើ​មុខព្រួញ​សំខាន់ៗ ច្រើន​ក៏​ទុក​រឿងនេះ​សិន​ទៅ ។ ឆ្នេរ​ខ្សាច់ ជា​មុខសញ្ញា​សំខាន់​ណាស់ ព្រោះ​អាជ្ញាធរ​កំពុងតែ​ខ្វល់ខ្វាយ ជាពិសេស​លើ​វិស័យ​ទេសចរណ៍​នេះឯង ដូច​ឃើញស្រាប់​ហើយ​ព្រោះតែ​ការកែលំអ​កន្លែង​លេង​នេះ មិនទាន់បាន​សមរម្យ លោក​បាន​ដឹកនាំ​មន្ត្រីរាជការ​ទៅ​បោសសម្អាត​នៅ​កោះទន្សាយ​នាពេល​កន្លងមក ដើម្បី​ឲ្យ​ភ្ញៀវ​នៅ​បន្ត​មកកាន់​ខេត្ត​កែប​ចៀសវាង​ការខាតបង់ ដោយសារតែ​ភ្ញៀវ​បង្វែ​ទិស​ទៅ​កន្លែង​ផ្សេង ។​

​    ​លោក ហាស់ សារ៉េត បញ្ជាក់ទៀតថា ការងារ​នេះ​ត្រូវការ​ពិគ្រោះ​យោបល់​គ្នា​ទៀត  ហើយ​មិនមែន​ត្រឹមតែ​ក្រសួង​មួយ​អាច​សម្រេចបាន​នោះទេ ពោលគឺ​ត្រូវ​ពិគ្រោះ​ច្រើន​ស្ថាប័ន ព្រោះ​វា​ជាការ​ចំណាយ​កម្រិត​ខ្ពស់​មិនមែន​តិចតួច​បានទេ ៕
 


ដោយ : សិលា CEN

No comments:

Post a Comment