Sunday, January 23, 2011

ចាប់​ខ្លួន​ប្តីប្រពន្ធ​នាំពលករ​ឆ្លង​ដែន​ចូល​ប្រទេសថៃខុស​ច្បាប់

ខេត្តឧត្តរ​មានជ័យ​ ៖ ​ជនជាប់​ចោទ​ជា​មេ​ខ្យល់​​នាំពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​​ថៃ​ដែល​ប្តីឈ្មោះ​ហួត យីន អាយុ​២៦ឆ្នាំ និង​ប្រពន្ធ​​​ឈ្មោះ​សល ហាក់ អាយុ​២៦ឆ្នាំដែរ​ រស់​នៅ​ភូមិ​គូ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ​បានត្រូវ​សមត្ថកិច្ច​​ប៉ូលិស​​ក្រុង​សំរោង​ឃាត់​ខ្លួនកាលពី​​រសៀល​ថ្ងៃទី​១៩ មករា ​​ខណៈ​​​​​​ព្យាយាម​​​នាំ​ពលករ​ចំនួន​១៦​នាក់​ ក្នុង​នោះ​មាន​ក្មេង​តូច​ចំនួន​២​នាក់​ផង ចូល​ទៅ​ប្រទេស​ថៃ ។ លោក​វរសេនីយ៍​ត្រីនួន អេត អធិការ​ប៉ូលិស​ក្រុង​សំរោង បាន​ឱ្យ​ដឹងថា មុនពេល​​ឃាត់​ខ្លួន​​ បុរស-ស្ត្រី​ប្តីប្រពន្ធ​នេះគឺ​សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ជាច្រើន​​ខែ​មក​ហើយ​ឃើញ​ថា ប្តី​ប្រពន្ធ​នេះ រកស៊ី​នាំពលករ​ចូលទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​​សៀម​ដោយ​ខុស​ច្បាប់​​ដោយ​​យកកំរៃ​ក្នុង​ម្នាក់​ពី១ពាន់​​ទៅ២ពាន់​បាត ។ ​ពួកគេ​ប្រើ​ល្បិច​ទិញ​សំបុត្រ​​ចូលទៅ​តាម​​មាត់​ច្រក​​ទ្វារ​អន្តរជាតិ​អូរស្មាច់់ ក្នុង​តម្លៃ​១០​បាត​ បន្ទាប់​មក​ធ្វើ​ដំណើរ​​​បន្ត​ចូល​ទៅ​តាម​បណ្តា​​ខេត្ត​ផ្សេងៗក្នុង​ប្រទេស​ថៃ​ជា​ច្រើន​លើក​មក​ហើយ​ ។​
លោក​វរ​សេនីយ៍​ត្រី​បន្តទៀតថា ជាក់​ស្តែង​​​នារសៀល​ថ្ងៃទី​១៩ មករា ទាំងពីរ​នាក់​ប្តីប្រពន្ធ​​​នេះ​បាន​ប្រមូល​​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ចំនួន​១៦​នាក់ ក្នុង​​នោះ​មាន​ក្មេង​ចំនួន​​២នាក់ផង ​អាយុ​៤ឆ្នាំ និង​អាយុ​៦ឆ្នាំ ធ្វើ​ដំណើរ​​តាម​រថយន្ត​​នីស្សាន់ មួយគ្រឿង​​ បំណង​ចូលទៅ​ប្រទេស​ថៃ ​ហើយ​ត្រូវ​សមត្ថ​កិច្ច​​​ប៉ូលិស​​ស្ទាក់​​ចាប់​បាន​នៅចំណុច​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល​ ក្រុង​សំរោង​ និង​នាំខ្លួន​មក​អធិការ​​ដ្ឋាន​​ក្រុង​ដើម្បី​សាកសួរ ។​ បន្ទាប់​ពី​​ធ្វើ​ការ​សាកសួរ​ ​ពលករ​ទាំង​១៦​នាក់ បាន​ឆ្លើយ​​បំភ្លឺ​ថា ពួកគេ​ត្រូវ​​មេខ្យល់​ទាំងពីរ​នាក់​ប្តីប្រពន្ធ​​​នាំ​​ទៅ​ធ្វើ​ជាពលករ​នៅ​ក្នុង​ប្រទេស​សៀម ដើម្បី​រកការងារ​បាន​ប្រាក់​កំរៃខ្ពស់ ហើយ​​មេខ្យល់នេះ​​តំរូវ​ឱ្យ​បង់​លុយ​ក្នុង​ម្នាក់​ពី១ពាន់​ទៅ២​ពាន់​បាត ។ ​រីឯមេ​ខ្យល់ទាំងពីរ​នាក់​​ប្តីប្រពន្ធ​ឆ្លើយ​​ថា ​ខ្លួន​ពិតជា​បាន​នាំ​ប្រជា​ពល​​រដ្ឋ​ខ្មែរ​ចូល​ទៅធ្វើ​ការ​នៅ​ប្រទេសសៀម​មែន ។ លោកអធិការក្រុងបានឱ្យ​ដឹង​ទៀតថា បន្ទាប់​ពី​សាកសួរ​​រួចហើយ​លោកក៏​បាន​ធ្វើ​ការ​អប់រំ​ប្រជាពលរដ្ឋ​ទាំង​១៦​នាក់​ ដែល​ចាញ់​បោក​មេខ្យល់​​នោះ​ឱ្យ​វិល​ត្រឡប់់​ទៅ​លំនៅ​ឋាន​​វិញ រីឯមេខ្យល់​ទាំងពីរ​នាក់​ប្តីប្រពន្ធ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​នៅ​ថ្ងៃទី​២០ មករា ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment