Sunday, January 23, 2011

មេអំបៅធំចំលែក ចុងស្លាបមានរាងដូចក្បាលពស់

 
រាជ​ធានី​ភ្នំ​ពេញ​ ៖ មេ​អំបៅ​ដ៏​ធំ​ចំលែក​មួយ​ក្បាល ​មាន​ពណ៌​លឿងដូច​មាស​បាន​ហើរ​ចូល​ទៅ​ទុំ​លើជញ្ជាំង​ផ្ទះ​មួយ​​នៅភូមិ​បោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២១ មករា ឆ្នាំ​២០១១​ ។
លោក​ស្រី​សួន នី អាយុ​៥០​ឆ្នាំ ជា​ម្ចាស់​លំនៅ​​ឋាន​មាន​ប្រសាសន៍​ថា នៅពេល​គាត់​​ឡើង​ទៅ​លើ​ផ្ទះ​បំណង​បិទ​បារ៉ែត​ភ្លើង ​ដើម្បី​ចេញទៅ​ចូល​រួម​ពិធី​ជប់​លៀង​មង្គល​ការ​​កូន​អ្នក​ស្រុក​ស្រាប់​តែ​ប្រទះ​ឃើញ​មេ​អំបៅ​​ចំលែក​នេះ​​កំពុង​ទំ​លើ​ជញ្ជាំង​ក្តារ​នៅមាត់​បង្អួច​ ។ ​គាត់​​បានហៅ​​កូន​ឡើង​ទៅ​មើល​មេ​អំបៅ​ចំលែក​នោះ​ ។ កូន​របស់​គាត់​ខ្លះ​ចង់​លូក​ដៃ​ចាប់​វា​លេង ប៉ុន្តែ​​គាត់​ និង​កូន​ខ្លះ​ទៀត​ឃាត់​​ ព្រោះ​ចង់​ទុក​វា​គ្រាន់​មើល​ និង​ចង់​ដឹង​ថា តើ​ពេល​​ណា​ទើប​វា​ហើរ​ចេញ​ពី​ក្នុង​ផ្ទះ​វិញ​ ។
យុវ​ជន​ម្នាក់​ជា​កូន​ម្ចាស់​ផ្ទះ​និយាយ​ថា ​មេ​អំបៅ​ចំលែក​នេះ សាំង​ខ្លាំង​ណាស់​ ​គឺ​​វា​អត់​ហើរ​ទៅ​ណា​ទេ ទោះ​បី​ជា​​លូក​ដៃ​រក​ប៉ះ​ ឬ​បិទ​បង្អួច​ខ្លាំងៗ​ក៏​ដោយ​ ។ មេ​អំបៅ​​នេះពេល​ត្រដាង​ស្លាប​ពី​ម្ខាង​ទៅ​ម្ខាង​មាន​ប្រវែង​ជាង​មួយ​ចង្អាម និង​មាន​​ពណ៌​ដូច​មាស​ ។ ចុង​ស្លាបវា​ម្ខាងៗ​មាន​រូបដូច​ក្បាល​ពស់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់​​ ។ ម្ចាស់​ផ្ទះមិន​មាន​ការ​ភ័យ​ខ្លាច​មេ​អំបៅ​នេះ​ទេ ព្រោះ​វា​សាំង និង​មាន​​ពណ៌​ដូច​មាស គួរ​ឱ្យ​ចង់​គយ​គន់​ ។​ លោក​ស្រី​សួន នី​ មាន​ប្រសាសន៍​ថា មុន​ពេល​​មេ​អំបៅ​ចំលែក​ហើរ​ចូល​ផ្ទះ​មួយ​ថ្ងៃ​ គាត់​យល់​សប្តិ​ឃើញ​ពាង​ទឹក​​ធំ​​នៅ​ខាង​ក្រោយ​ផ្ទះ​​អណ្តែត​ឡើង​ទៅ​លើ​គ្រែ​​ ។ តាម​រយៈ​ការ​យល់​សប្តិ​​នេះ​ គាត់​កាត់ចាក់​ឆ្នោត​ត្រូវ​៥០០​រៀល ។ ពេល​មាន​មេ​អំបៅ​ចំលែក​ហើរ​ចូល​ផ្ទះបែប​នេះ​​ គាត់​ប្រាថ្នា​សុំ​តែ​សេចក្តី​សុខ​ និង​ចំរុង​ចំរើន​ក្នុងគ្រួសារ​​តែ​ប៉ុណ្ណោះ ។
សត្វ​មេ​អំបៅ​ជា​ទូទៅ​ គឺ​អំបូរ​វា​កើត​ចេញ​ពី​ដង្កូវ​ ។ ដង្កូវ​ដែល​ក្លាយ​ទៅ​ជា​មេ​អំបៅចំលែក​នោះ​ទំនង​មិន​មែន​ជា​ដង្កូវ​តូច​​តាច​ទេ ព្រោះ​វា​មាន​ស្លាប​​ធំ​គួរ​ឱ្យ​ចំលែក​ ឯដង​ខ្លួន​ប៉ុន​ម្រាម​ដៃ​ ។ ពុំ​​ទាន់​មាន​អ្នក​ជំនាញ​ណា​និយាយ​ថា ដង្កូវ​ដែល​ក្លាយ​ខ្លួន​ជា​មេ​អំបៅ​​ប្រភេទ​នេះ​ជា​ដង្កូវ​ប្រភេទ​អ្វី​ឡើយ ។ ម្ចាស់​លំនៅ​ឋាន​​មិនដេញ​មេ​អំបៅ​នោះ​ចេញ​ពី​ផ្ទះ​ទេ គឺ​ស្រេច​តែ​ចិត្តវា ​បើ​​ចង់​នៅ​​ផ្ទះហ្នឹង​​ក៏នៅ​បើចង់​ហើរ​ចេញ​ទៅ​វិញ​ក៏​ហើរ​ទៅ ​។ សូម​​រំលឹក​ថា មេ​អំបៅ​ប្រភេទ​នេះកោះ​សន្តិ​ភាព​ធ្លាប់​បាន​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​ទទួល​បាន​ពី​អ្នក​អាន​ម្នាក់​ដែល​ថត​បាន​ និង​មាន​រូប​រាង​ដូច​គ្នា​ គឺ​ស្លាបមេ​អំបៅ​ចំលែក​នោះមាន​រូប​ក្បាល​ពស់​​គួរ​ឱ្យ​ខ្លាច​ ។ នេះ​គឺជា​មេអំបៅទី២​ហើយដែលប្រទះឃើញ ៕

ដោយ ៖ កោះឯករាជ្យ

 (​រូបថត ជោគជ័យ)

No comments:

Post a Comment