ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានឹងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមានប្រសាសន៍ថាៈ អភ័យឯកសិទ្ធិសមាជិកសភារបស់លោកស្រីមួរ សុខហួរ មណ្ឌលកំពតនៃគណបក្សសម រង្ស៊ីគឺចេញតាមណាចូលវិញក៏តាមនោះដែរពីព្រោះ រដ្ឋសភាអនុវត្តតាមច្បាប់និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកជាម យៀប អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាសមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា បានមានប្រសាសន៍ថាៈ រដ្ឋសភាគោរពតាមរដ្ឋធម្មនុញ្ញនិងតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ពោលគឺពេលមានបណ្តឹង តុលាការបានស្នើសុំមកសភាដកអភ័យឯកសិទ្ធិលោកស្រីមួរ សុខហួរ។
ដូច្នេះរដ្ឋសភាត្រូវរង់ចាំសំណើររបស់តុលាការដើម្បីផ្តល់អភ័យឯកសិទ្ធិជូនគាត់វិញ។
លោកជាម យៀប បានមានប្រសាសន៍ថាៈ មកដល់ពេលនេះរដ្ឋសភានៅមិនទាន់ឃើញសាលក្រមរបស់តុលាការស្នើមកសម្តេចហេង សំរិន ប្រធានរដ្ឋសភាឱ្យប្រគល់អភ័យឯកសិទ្ធិសមាជិកសភាជូនលោកស្រីមួរ សុខហួរ វិញនៅឡើយទេ។ លោកជាមយៀបបន្តថាៈ បើមានសាលក្រមតុលាការស្នើសុំនោះរដ្ឋសភានឹងប្រជុំគណៈអចិន្ត្រៃយ៍ប្រគល់អភ័យឯកសិទ្ធិ សមាជិករដ្ឋសភាជូនទៅលោកស្រីមួរ សុខហួរ វិញភ្លាមទោះជាពេលនេះវិស្សមកាលក៍ដោយ។
ប៉ុន្តែ លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការព័ត៌មានថា ក្រសួងនៅរង់ទទួលលិខិតពីរដ្ឋសភាស្នើមកសុំផ្តល់អភ័យ ឯកសិទ្ធិសមាជិកសភាជូនទៅលោកស្រីមួរ សុខហួរ វិញ។
លោកស្រីមួរ សុខហួរ ចាញ់ក្តីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរឿងបរិហាកេរ្តិ៍ ហើយត្រូវតុលាការជាន់ខ្ពស់សំរេចក្តីជាចុងក្រោយឱ្យលោកស្រីចាញ់ក្តីហើយបង្គាប់ឱ្យលោកស្រីបង់ប្រាក់សំណងជំងឺចិត្តនិងប្រាក់ផាកពិន័យផងសរុបចំនួន ១៦,៥ លានរៀលដែលក្នុងនោះសំណងជំងឺចិត្តត្រូវបង់ជូនសម្តេចហ៊ុន សែន ចំនួន ៨ លានរៀលនិងបង់ពិ់ន័យចូលរតនាគារចំនួន ៨.៥ លានរៀល។
ការបង់ប្រាក់នោះធ្វើឡើងតាមរយៈកាត់ប្រាក់ខែសមាជិករដ្ឋសភារបស់លោកស្រីមួរ សុខហួរ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១០បានគ្រប់ចំនួនអស់ហើយ។ លោកស្រីមួរ សុខហួរ ធ្លាប់បានឱ្យដឹងថាៈ លោកស្រីបានបង់សំណងគ្រប់ចំនួនអស់ហើយតាមរយៈការកាត់ប្រាក់ខែរបស់លោស្រី តែរដ្ឋសភានៅមិនទាន់ប្រគល់អភ័យឯកសិទ្ធិសមាជិក សភាជូនមកលោកស្រីវិញទេមកដល់ពេលនេះ៕ដោយ : រតនាCEN
No comments:
Post a Comment