Sunday, January 23, 2011

ពិធី​ប្រគល់​អត្ត​សញ្ញាណ​ប័ណ្ណ​ជាង​៧០០​សន្លឹង​ដល់​ប្រជា​ពល​រដ្ឋ​២​ឃុំ

(រូបថត ព្រៃនប់)
ខេត្តព្រះ​សីហនុ ៖ អត្ត​សញ្ញាណ​ប័ណ្ណ​ចំនួន​ជាង​៧០០​សន្លឹក ត្រូវ​​​អាជ្ញា​ធរ​យក​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ​ក្នុង​ស្រុក​ព្រៃ​​នប់ ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១ មករា នៅ​​ក្នុង​វត្ត​ព្រៃ​នប់ ឃុំ​ព្រៃ​នប់ ​ក្រោម​​​អធិ​បតី​​​ភាព​លោក​ទិត វុទ្ធី អភិ​បាល​ស្រុក​ព្រៃ​នប់ លោក​វរ​សេនីយ៍​ត្រី​ សៅ ស៊ាន ប្រធាន​ការិយា​ល័យ​ស្ថិតិ​ និង​អត្ត​សញ្ញាណ​ប័ណ្ណ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត លោក​វរ​សេនីយ៍​ត្រី ឈុន វ៉ាង​ អនុ​ប្រធាន​ការិយា​ល័យ​ស្ថិតិ លោក​អធិ​ការ អធិ​ការ​រង មេ​ឃុំ នាយ​ប៉ុស្តិ៍ និង​ប្រជា​ពល​រដ្ឋ​ចូល​​រួម​យ៉ាង​ច្រើន​ ។
បន្ទាប់​ពី​លោក​​ប៉ែន សំបូរ មេ​​ឃុំ​ព្រៃ​នប់ ឡើង​អាន​របាយ​ការណ៍​សង្ខេប​រួច​មក លោក​ទិត វុទ្ធី អភិ​បាល​ស្រុក​ព្រៃនប់ បាន​ឡើង​មាន​មតិ​សំណេះ​សំណាល​​នឹង​បក​ស្រាយ​ពន្យល់​ណែ​នាំ​ពី​អត្ថ​ប្រយោជន៍ និង​តួ​នាទី​យ៉ាង​សំខាន់​​​​របស់​អត្ត​សញ្ញាណ​ប័ណ្ណ​ ក្នុង​នោះ​លោក​អភិ​បាល​ស្រុក​បាន​ឱ្យ​ដឹង​ថា អត្ត​សញ្ញាណ​​ប័ណ្ណ គឺ​ជា​ប័ណ្ណ​សំរាប់​​សំគាល់​ខ្លួន​មួយ ដែល​​ចង្អុល​បង្ហាញ​ពី​សញ្ជាតិ​ ពី​នាម​ត្រកូល ទី​កន្លែង​កំណើត និង​ទី​លំនៅ​បច្ចុ​ប្បន្ន ហើយ​អត្ត​សញ្ញាណ​ប័ណ្ណ​​នេះ គឺ​ជា​លិខិត​សំគាល់​ខ្លួន​ដែល​ស្រប​ច្បាប់​​សំរាប់​យក​ទៅ​បំពេញ​លិខិត​ស្នាម​​ផ្សេងៗ​គ្រប់​បែប​យ៉ាង​ដែល​ជា​តំរូវ​ការ​ចាំ​បាច់​​​របស់​​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​​ថ្នាក់ ។
លោក​អភិ​បាល​​ស្រុក​បាន​​បន្ត​ថា អត្ត​សញ្ញាណ​​ប័ណ្ណ​ដែល​យក​មក​ចែក​ជូន​នា​ពេល​នេះ​មាន​ចំនួន​៧៨៧​​នាក់ ក្នុង​នោះ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​មក​ពី​ឃុំ​ទួល​ទទឹង ចំនួន​៣៣៤​នាក់ ប្រុស​ចំនួន​១៥៣​នាក់ ស្រី​១៨១​នាក់ និង​ឃុំ​ព្រៃ​នប់ ចំនួន​៤៥៣​នាក់ ប្រុស​ចំនួន​២០៥​នាក់ ស្រី​ចំនួន​២៤៨​នាក់ ហើយ​ចំពោះ​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ គឺ​ធ្វើ​ជូន​ប្រជា​ព​លរដ្ឋ​ចាប់​ពី​អាយុ​​១៥​ឆ្នាំ​ឡើង​ទៅ ។ ជា​ចុង​​បញ្ចប់​​លោក​អភិ​បាល​ស្រុក​បាន​សំណូម​​ពរ​ និង​ផ្តាំ​​ផ្ញើ​ ដល់​ប្រជា​ពល​រដ្ឋ​​ដែល​​បាន​​​​ទទួល​អត្ត​សញ្ញាណ​​ប័ណ្ណ សូម​​ថែរក្សា​​អត្ត​សញ្ញាណ​​ប័ណ្ណ​នេះ ឱ្យ​បាន​ល្អ កុំ​ឱ្យ​មាន​ការ​បាត់​បង់​ ព្រោះ​អត្ត​សញ្ញាណ​​ប័ណ្ណ​នេះ​មាន​សុពល​ភាព​រហូត​១០ឆ្នាំ​ឯណោះ ហើយ​បើ​មាន​ការ​បាត់​បង់​​​សុំ​​រាយ​ការណ៍​​ជូន​អាជ្ញា​ធរ​មូល​ដ្ឋាន​​ជា​ប្រញាប់ ៕
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment